ព័ត៌មានជាតិ

ផ្លូវក្រាលកៅស៊ូប្រភេទ DBST មួយខ្សែប្រវែងជាង ១១គីឡូម៉ែត្រ ចេញពីស្រុករលាប្អៀរឆ្ពោះទៅកាន់ស្រុកកំពង់ត្រឡាច ត្រូវបានបើកការដ្ឋានស្ថាបនាហើយ

image

អត្ថបទ៖ ហឹង ចូច

កំពង់ឆ្នាំង៖ ផ្លូវក្រាលកៅស៊ូ២ជាន់ ប្រភេទ DBST ប្រវែងជាង ១១គីឡូម៉ែត្រ ចេញពីស្រុករលាប្អៀរ ឆ្ពោះទៅកាន់ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវបានបើកការដ្ឋានស្ថាបនា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២។

លោក ជ្រាយ ប៉ុម អគ្គនាយកបច្ចេកទេស នៃក្រសួងអភិវឌ្ឍន៍ជនបទបានឲ្យដឹងថា ផ្លូវដែលបានបើកការដ្ឋានស្ថាបនានេះ មានប្រវែង ១១.០៨៤ម៉ែត្រ ទទឹង ៧ម៉ែត្រ ជាប្រភេទផ្លូវក្រាលកៅស៊ូ២ជាន់ DBST។ ផ្លូវនេះចេញពីភូមិទឹកចេញ ឃុំជើងគ្រាវ ស្រុករលាប្អៀរ ឆ្ពោះទៅកាន់ភូមិស្រែសារ ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

នៅលើប្រវែងផ្លូវនេះ មានដាក់លូប្រអប់ចំនួន ៣កន្លែង លូមូលកាត់ទទឹងផ្លូវចំនួន២៧កន្លែង លូមូលកាត់ផ្លូវបំបែកចំនួន ២៧កន្លែង បំពាក់ស្លាក និងសញ្ញាចរាចរណ៍ ៧៨កន្លែង ដែលគ្រោងស្ថាបនារយៈពេល ១២ខែ អស់ទឹកប្រាក់ប្រមាណ ១.៥៥លានដុល្លារ។

លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងថា ហេដ្ឋារចនាសម្ព័ន្ធ និងផ្លូវគមនាគមន៍ជនបទ ជាសសឈាមសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់ភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗក្នុងតំបន់ ជំរុញកំណើនប្រាក់ចំណូល របស់ប្រជាជននៅជនបទ និងធ្វើឲ្យតម្លៃអចលនទ្រព្យ មានការកើនឡើងផងដែរ៕