សម្តេចតេជោ​ ជួបពិភាក្សាការងារជាមួយអតីតអនុប្រធានក្រុមហ៊ុន General Electric របស់អាមេរិកដែលបច្ចុប្បន្នមានតួនាទីជាទីប្រឹក្សារបស់រាជរដ្ឋាភិបាលកម្ពុជា
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅរសៀលថ្ងៃទី១៦​ ខែឧសភានេះ បានអនុញ្ញាតឲ្យ ឯកឧត្តម ចន ជីរ៉ាយ៍ (Jonh G.Rice) ទីប្រឹក្សារបស់រាជរដ្ឋាភិបាលកម្ពុជា និងជាអតីតអនុប្រធានក្រុមហ៊ុន General Electric របស់សហរដ្ឋអាមេរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។


បើតាមប្រសាសន៍ ឯកឧត្តម ស្រ៊ី ថាមរ៉ុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់ឲ្យដឹងថា​ ឯកឧត្តម ចន ត្រូវបានតែងតាំង ជាទីប្រឹក្សារបស់រាជរដ្ឋាភិបាលកម្ពុជា កាលចុងឆ្នាំ២០១៧កន្លងទៅនេះ នៅពេលដែលឯកឧត្តម បានចូលនិវត្តន៍ ពីតំណែងនៅក្រុមហ៊ុន General Electric។ ឯកឧត្តម ចន បានមកកម្ពុជា ជាញឹកញាប់ ដោយសារពីមុនមក ក្នុងឋានៈជាអនុប្រធានក្រុមហ៊ុន គឺឯកឧត្តមបានជួយច្រើនដល់កម្ពុជា ក្នុងវិស័យថាមពល។ ​ក្រុមគ្រួសាររបស់ឯកឧត្តម បានធ្វើសកម្មភាពមនុស្សធម៌ជាច្រើន នៅកម្ពុជា បានផ្តល់សម្ភារៈជាម៉ាស៊ីនស្កែន នៅមន្ទីរពេទ្យកាល់ម៉ែត និងធ្វើការជាមួយកុមារ ក្នុងវិស័យអប់រំ, ហ្វឹកហ្វឺនធនធានមនុស្ស, បង្កើនសមត្ថភាព ពិសេសនៅក្នុងវិស័យសុខាភិបាល។


ក្នុងជំនួបនោះ ឯកឧត្តម ចន ជីរ៉ាយ៍ បានជម្រាបជូនសម្តេចតេជោ ពីសកម្មភាពរបស់ឯកឧត្តម នាពេលថ្មីៗនេះ ជាមួយនឹងមន្ទីរពេទ្យកាល់ម៉ែតរបស់កម្ពុជា ដោយរៀបចំឲ្យមានការផ្លាស់ប្តូរ ធនធានមនុស្ស ដោយកម្មវិធីនេះ កំពុងតែពិភាក្សាគ្នា ហើយរំពឹងថា នឹងទទួលបានជោគជ័យ ថានឹងមានមន្ត្រីសុខាភិបាលរបស់កម្ពុជា ទៅសហរដ្ឋអាមេរិក ឬក៏មន្ត្រីជំនាញពីសហរដ្ឋអាមេរិក មកហ្វឹកហ្វឺនដល់មន្ត្រីកម្ពុជា ព្រោះកម្ពុជាត្រូវការសមត្ថភាព ដើម្បីឆ្លើយតបទៅនឹង សម្ភារៈ បរិក្ខាទំនើបៗ នៅក្នុងវិស័យសុខាភិបាល។ឯកឧត្តម ចន បានសន្យាផងដែរថា នឹងខិតខំប្រឹងប្រែង នៅក្រៅប្រទេស ក្នុងការជួយឲ្យមតិក្រៅប្រទេស បានយល់ដឹង កាន់តែច្បាស់ពីសភាពការ នៅកម្ពុជា។សម្តេចតេជោ នាយករដ្ឋមន្ត្រី នៅក្នុងជំនួបនេះ បានស្នើឲ្យឯកឧត្តម ចន ជួយជម្រុញឲ្យមានការផ្លាស់ប្តូរគ្នា ជាពិសេស នៅក្នុងវិស័យសុខាភិបាល ដើម្បីបញ្ជូនមន្ត្រីសុខាភិបាលកម្ពុជា ទៅសិក្សានៅសហរដ្ឋអាមេរិក ដើម្បីបង្កើនជំនាញ សមត្ថភាព និងបច្ចេកទេសផ្សេងៗ នៅក្នុងវិស័យសុខាភិបាល​របស់កម្ពុជា។


សម្តេចក៏បានផ្តល់ជាអនុសាសន៍ ឲ្យឯកឧត្តម យកចិត្តទុកដាក់ ជាពិសេសជាមួយនឹងយុវជន ដោយសារសម្តេច បានយល់ឃើញថា យុវជន បច្ចុប្បន្ន មានការចេះដឹងច្រើន ជាពិសេសសហគ្រិនវ័យក្មេង ក្នុងន័យនេះ សម្តេចបានស្នើឲ្យឯកឧត្តម ចន ធ្វើយ៉ាងណា ជួយជម្រុញឲ្យមានការរៀបចំ ជាសិក្ខាសាលា ការជួបជុំតុមូល ជាមួយក្រុមយុវជនវ័យក្មេង ដើម្បីឲ្យយុវជនមានគំនិត ចំណេះដឹងកាន់តែជ្រៅជ្រះ ក្នុងការដឹកនាំ និងបង្កើតជាក្រុមហ៊ុន ដើម្បីរួមចំណែក ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា នៅពេលខាងមុខ៕

អត្ថបទ ៖ សន ពិសិដ្ឋ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation