សម្តេចតេជោ ថ្លែងបញ្ជាក់ថា គ្រប់សមិទ្ធិផល និងភាពជោគជ័យទាំងអស់ នៅក្នុងសង្គមជាតិ គឺមានផ្នែក​នៃការចូលរួមពី សហភាពសហព័ន្ធយុវជនកម្ពុជា
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នារសៀលថ្ងៃទី២៧ ខែវិច្ឆិកានេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទមហាសន្និបាតតំណាងទូទាំងប្រទេស លើកទី៤ សហភាពសហព័ន្ធយុវជនកម្ពុជា ឬក៏កាត់ថា ស.ស.យ.ក នៅសណ្ឋាគារសុខាភ្នំពេញ។

សម្តេចតេជោ នៅក្នុងឱកាសនោះ បានអបអរសាទ ចំពោះស.ស.យ.ក ដែលបានធ្វើការងារស្ម័គ្រចិត្ត គ្រប់ទីកន្លែង។ សម្តេចបានបន្តថា គ្រប់សមិទ្ធិផល និងភាគជោគជ័យ និងគ្រប់វិស័យទាំងអស់ នៅក្នុងសង្គមជាតិកម្ពុជា គឺសុទ្ធតែមានការចូលរួមរបស់យុវជន ដែលក្នុងនោះ មានមួយផ្នែកក៏សុទ្ធតែជាសមាជិក ​របស់ស.ស.យ.ក បានចូលរួម។ សម្តេចតេជោ បានថ្លែងអំណរគុណ ចំពោះគ្រប់ផ្នែកទាំងអស់ នៃស.ស.យ.ក ដែលបានខិតខំប្រឹងប្រែងនាពេលកន្លងមក។

សម្តេចបានថ្លែងដែរថា ស.ស.យ.ក មិនមែនជាអង្គការដាច់ដោយឡែកនោះទេ គឺបានចូលរួមចំណែក ក្នុងកិច្ចការងារសង្គម រួបរួមសាមគ្គីគ្នា បង្កើតឲ្យទៅជាចលនាជាតិមួយដ៏ខ្លាំង។ ក្រៅពីការចូលរួមចំណែក គ្រប់ទិដ្ឋភាពទាំងអស់ មិនត្រឹមតែនៅក្នុងក្របខណ្ឌជាយុវជនទេ, កងទ័ព, នគរបាល, អាវុធហត្ថក៏សុទ្ធតែមាន កងកម្លាំង ស.ស.យ.ក។ ​សម្តេចតេជោ នាយករដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមថា ក្រៅពីនោះស.ស.យ.ក ​បានធ្វើសកម្មភាព អំពីការបំបែកឯកត្តកម្មនានា ដែលបានធ្វើកន្លងទៅ ហើយសម្រាប់តែឆ្នាំ២០១៨នេះ ក្រមាដែលវែងជាងគេ និងទូកងដែលវែងជាងគេ នៅលើពិភពលោក បានក្លាយទៅជាការពិត ដែលឆ្លុះបញ្ចាំងថា ខ្មែរអាចធ្វើបាន។

​ ឱកាសនេះ សម្តេចតេជោ ហ៊ុន សែន ក៏បាន​ថ្លែងកោតសរសើរ និងដឹងគុណ ចំពោះតួអង្គពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែក រក្សានូវអាទិភាព, រក្សានូវនិរន្តរភាព នៃអង្គការចាត់តាំងមួយនេះ ទោះបីមានការប្រែប្រួលឈ្មោះ ទៅតាមដំណាក់កាលក៏ដោយ​។

សូមជម្រាបថា សហភាពសហព័ន្ធយុវជនកម្ពុជា ជារណសិរ្សទូលំទូលាយ នៃយុវជនកម្ពុជា ដែលបានបន្តបេសកកម្ម ពីសមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា និងសមាគមយុវជនកម្ពុជា ដែលបានបដិសន្ធិ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ ក្នុងគោលដៅសំខាន់បំផុត ដើម្បីប្រមូលផ្តុំយុវជនគ្រប់ទិសទី ជាមហាកម្លាំងសាមគ្គី ក្នុងការរួមចំណែក កសាងប្រទេសកម្ពុជា ជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ មកដល់បច្ចុប្បន្ន សហភាពសហព័ន្ធយុវជនកម្ពុជា នៅតែបន្តស្មារតីសាមគ្គី រួបរួមកម្លាំងធ្វើសកម្មភាពនានា ដើម្បីជាប្រយោជន៍ សម្រាប់សង្គមកម្ពុជា និងរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងធនធានមនុស្ស និងសង្គមកម្ពុជា៕ អត្ថបទ ៖ សន ពិសិដ្ឋ រូបភាព ៖ អេង សុគុណ, លឹម មុនី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation