សម្តេចតេជោ បញ្ជាក់សារជាថ្មីថា ​នឹងមិនមានមូលដ្ឋានទ័ពបរទេស នៅលើទឹកដីកម្ពុជានោះទេ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨​នេះ បានអនុញ្ញាតឲ្យ ឯកឧត្តម វីលៀម ហ៊ីដ (William Heidt) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដែលផុតអាណត្តិ​ ចូលជួបជំរាបលា នៅវិមានសន្តិភាព។

បើតាមប្រសាសន៍ឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់ក្រុមអ្នកសារព័ត៌មាន​ថា នៅក្នុងជំនួបនេះ
ឯកឧត្តម ឯកអគ្គរដ្ឋទូត នៅក្នុងជំនួបនេះ បានជម្រាបជូនសម្តេចតេជោថា ក្នុងអំឡុងពេល ដែលលោកបម្រើតួនាទី អស់រយៈពេលជាង៣ឆ្នាំ នៅកម្ពុជានេះ ឯកឧត្តមបានខិតខំ ធ្វើយ៉ាងណា ឲ្យទំនាក់ទំនងទ្វេរភាគីនៃប្រទេសទាំងពីរ មានការរីកចម្រើន ហើយជាពិសេស មានចំណុចជាច្រើន ដែលឯកឧត្តម ឯកអគ្គរដ្ឋទូត និងសម្តេចតេជោ បានឯកភាពគ្នា។

ឯកឧត្តម បានលើកឡើងដែរថា កិច្ចសហប្រតិបត្តិការកម្ពុជា និងសហរដ្ឋអាមេរិក មានការរីកចម្រើនខ្លាំង ជាពិសេស លើវិស័យបរិស្ថាន វិស័យសេដ្ឋកិច្ច មានការនាំចេញទំនិញពីកម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ហើយជាពិសេសទៀត អ្វីដែលកន្លងមកមានការអាក់ខាននោះ ក៏បានចាប់ផ្តើមឡើងវិញ ដូចជា ៖ ការស្វែងរកអដ្ឋិធាតុ ទាហានអាមេរិកបាត់ខ្លួន ក្នុងសម័យសង្គ្រាមនៅកម្ពុជា និងការបញ្ជូនជនជាតិខ្មែរ រស់នៅសហរដ្ឋអាមេរិក ត្រឡប់មកវិញផងដែរ។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានលើកឡើងដែរថា ក្នុងរយៈពេលបំពេញការងារនៅកម្ពុជា ឯកឧត្តម បានរៀនសូត្រជាច្រើន ហើយក៏បានឃើញពីការរីកចម្រើន នៅកម្ពុជាជាច្រើនផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ កន្លងមកនេះ ឯកឧត្តមបានខិតខំ ជំរុញធ្វើយ៉ាងណា ឲ្យទីក្រុងវ៉ាស៊ីនតោន យល់ពីប្រទេសកម្ពុជាឲ្យបានច្រើន។ ឯកឧត្តម បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិក មានការរីកចម្រើនជាច្រើន​។

ជាការឆ្លើយតប សម្តេចតេជោ បានលើកឡើងពីចំណុចមួយចំនួន ពាក់ព័ន្ធនឹងវឌ្ឍនៈភាព ​ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងសហរដ្ឋអាមេរិក។ សម្តេចថា ថ្វីត្បិតមានការប្រឈម ឬមានចំណុចខ្លះ ដែលកន្លងមកមានខ្វែងមតិគ្នាក្តី ប៉ុន្តែទោះបីយ៉ាងណា មានការរីកចម្រើនជាច្រើន រវាងទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិកនេះ។

សម្តេចតេជោ បានគូសបញ្ជាក់ដែរថា នៅលើទឹកដីកម្ពុជា គឺមិនអនុញ្ញាតឲ្យទ័ពបរទេស មកបោះមូលដ្ឋាន នៅលើទឹកដីកម្ពុជាឡើយ ដែលនេះគឺជារដ្ឋធម្មនុញ្ញ របស់ព្រះរាជាណាចក្រកម្ពុជា។ សម្តេចបន្តថា កន្លងមកនេះ មានការធ្វើសមយុទ្ធយោធា ជាមួយបណ្តាប្រទេសផ្សេងៗ ដូចជា ៖ សហរដ្ឋអាមេរិក, ចិន, ជប៉ុន និងឥណ្ឌាជាដើម ឬមួយក៏លើសពីទ្វេរភាគីទៅទៀត នៅក្នុងគោលដៅ ដើម្បីកសាងជំនឿផង ជាពិសេសទៀត ក្នុងការកសាងបទពិសោធន៍ និងធនធាន ជាពិសេសដើម្បីឆ្លើយតបទៅនឹង ការសង្គ្រោះដោយគ្រោះធម្មជាតិ។

សម្តេចតេជោ នៅក្នុងជំនួបនេះ ក៏បានមានប្រសាសន៍ដែរថា ចង់ឲ្យប្រទេសទាំងពីរ បន្តការសន្ទនា ធ្វើឲ្យប្រទេសទាំងពីរ បានយល់ពីគ្នា ធ្វើឲ្យទំនាក់ទំនងទ្វេរភាគី បន្តកើនឡើង។ សម្តេចបានមានប្រសាសន៍ថា ឥឡូវនេះ អ្វីដែលជាការចាប់អារម្មណ៍ គឺចង់ឲ្យសហរដ្ឋអាមរិក ជួយកសាងកម្ពុជា ជាពិសេសការអភិវឌ្ឍ នៅក្នុងគំរូផ្សេងៗ ការកសាងផ្លូវថ្នល់ ស្ពានជាដើម។

សម្តេចបានគូសបញ្ជាក់សារជាថ្មីថា កម្ពុជា នៅតែចង់បានទំនាក់ទំនងល្អ ជាមួយប្រទេសទាំងឡាយ រួមទាំងសហរដ្ឋអាមេរិកផងដែរ។ សម្តេចបានប្រាប់ឲ្យដឹងដែរថា សម្តេចបានផ្ញើលិខិតរបស់សម្តេចផ្ទាល់ ទៅកាន់ឯកឧត្តម អនុប្រធានាធិបតីសហរដ្ឋអាមរិក Mike Pence ហើយ ដោយគូសបញ្ជាក់អំពី កម្ពុជា​គ្មានទ័ពបរទេសនោះទេ។ សម្តេចបន្ថែមថា កម្ពុជាស្វាគមន៍អ្នកវិនិយោគ មកពីគ្រប់ប្រទេសទាំងអស់៕ អត្ថបទ ៖ សន ពិសិដ្ឋ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation