ព័ត៌មានជាតិ

កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត គ្រោងសម្ពោធដាក់ឱ្យដំណើរការមុនបុណ្យសមុទ្រមកដល់ 

image

កំពត៖ មន្ត្រីជំនាញក្រសួងទេសចរណ៍ បានឱ្យដឹងថា ការសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិ ក្នុងខេត្តកំពតបានរួចរាល់១០០ភាគរយហើយ។ បច្ចុប្បន្ន ក្រសួងកំពុងរៀបចំឯកសារជ្រើសរើសក្រុមហ៊ុនប្រតិបត្តិ និងថែទាំកំពង់ផែ ដើម្បីឈានទៅសម្ពោធដាក់ឱ្យដំណើរការប្រើប្រាស់ជាផ្លូវការ នៅមុនពេលបុណ្យសមុទ្រនៅខេត្តព្រះសីហនុឆ្នាំ២០២២ ដែលនឹងធ្វើឡើងនៅថ្ងៃ៩ ដល់ថ្ងៃទី១១ ខែសីហា។

លោក សុខ សុគុណ អគ្គនាយករងអភិវឌ្ឍន៍ទេសចរណ៍ នៃក្រសួងទេសចរណ៍ និងជាប្រធានចាត់ចែងគម្រោង GMS TIIG  No.3194-CAM បានឱ្យដឹងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ ថា ការស្ថាបនាកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ស្ថិតក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។ នេះជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ សម្រាប់ការរីកចម្រើនប្រកបដោយចីរភាព នៅក្នុងមហាអនុតំបន់មេគង្គ(GMS)។ គម្រោងនេះបានចាប់ផ្តើមបើកការដ្ឋានសាងសង់នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ អនុវត្តដោយអង្គភាពគ្រប់គ្រងគម្រោងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

លោកអគ្គនាយករង បានបញ្ជាក់ថា មកដល់ពេលនេះ ការសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិ ត្រូវបញ្ចប់រួចរាល់១០០ភាគរយហើយ នៅសល់តែការងារបោសសម្អាតបរិវេណក្រៅអគារបន្តិចបន្តួចប៉ុណ្ណោះ។ បច្ចុប្បន្នក្រសួងកំពុងរៀបចំឯកសារជ្រើសរើសក្រុមហ៊ុនប្រតិបត្តិ និងថែទាំកំពង់ផែនេះ។ យោតាមការឱ្យដឹងពីថ្នាក់ដឹកនាំ ថា កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត គ្រោងដាក់សម្ពោធឱ្យដាក់ឱ្យដំណើរការប្រើប្រាស់ជាផ្លូវការនៅមុនពិធីបុណ្យសមុទ្រឆ្នាំ២០២២ ដែលនឹងប្រារព្ធធ្វើនៅខេត្តព្រះសីហនុ។

សូមបញ្ជាក់ថា ក្រោយពេលកំពង់ផែទេសចរណ៍អន្តរជាតិដាក់ឱ្យដំណើរការ ភ្ញៀវទេសចរអន្តរជាតិដែលធ្វើដំណើរតាមនាវា នឹងតម្រង់ឆ្ពោះមកកាន់ខេត្តកំពត ពេលនោះកំពង់ផែទេសចរណ៍អន្តរជាតិនេះ នឹងក្លាយជាច្រកសមុទ្រអន្តរជាតិសម្រាប់ភ្ញៀវទេសចរដ៏សំខាន់ និងដំបូងគេបង្អស់របស់កម្ពុជា។ 

កំពង់ផែនេះ តភ្ជាប់ឆ្នេរសមុទ្រភាគខាងត្បូងប្រទេសកម្ពុជា ពីខេត្តកំពតទៅកាន់ពិភពលោក។ ម្យ៉ាងវិញទៀត កំពង់ផែនេះអាចមានសមត្ថភាពទទួលអ្នកដំណើរ និងអ្នកទេសចរអន្តរជាតិ បានប្រមាណ ១លាននាក់ ក្នុងមួយឆ្នាំ នឹងជួយលើកស្ទួយវិស័យទេសចរណ៍របស់កម្ពុជាឱ្យងើបឡើងវិញ ជាពិសេសរមណីយដ្ឋាននានាក្នុងខេត្តកំពត និងទិសដៅតំបន់ឆ្នេរផ្សេងទៀត៕

អត្ថបទ៖ វង្ស សុធារម្យ