មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម គូសបញ្ជាក់ថា ការកសាងតំបន់សេដ្ឋកិច្ចពិសេស គឺបានចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ
| ព័ត៌មានជាតិ
SHARE

ព្រះសីហនុ ៖ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍គូសបញ្ជាក់ថា ការកសាងតំបន់សេដ្ឋកិច្ចពិសេស ​ចូលរួមចំណែក ជំរុញកំណើនសេដ្ឋកិច្ចរបស់ជាតិ និងចូលរួមចំណែក ក្នុងការអភិវឌ្ឍប្រទេសកម្ពុជាផងដែរ។

ឯកឧត្តមបន្តថា តាមរយៈប្រទេសជាតិ មានស្ថិរភាព និងសុខសន្តិភាពគ្រប់ទីកន្លែង បានជំរុញកំណើនសេដ្ឋកិច្ចជាតិកម្ពុជា ក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ សម្រេចបានជាមធ្យម៧ភាគរយ ជារៀងរាល់ឆ្នាំ ដោយបានរួមចំណែក យ៉ាងសំខាន់ ក្នុងការធានាម៉ាក្រូសេដ្ឋកិច្ច ក៏ដូចជាការកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាជន ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ នៃយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា។


ការលើកឡើងនេះ ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើឡើង នៅក្នុង​ពិធីបញ្ចុះបឋមសិលា កសាង​បើកការដ្ឋានសាងសង់ រោងចក្រផលិតក្រដាស និងរោងចក្រផលិតថាមពលអគ្គិសនី ដើរដោយធ្យូងថ្មនៅ ឃុំអូរត្រេះស្រុកស្ទឹងហាវ និងពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ ក្រុមហ៊ុនខេមបូឌា ចេជាង ហ្គ័រជីអេសអ៊ីហ្សេត នៅឃុំជើងគោ ស្រុកព្រៃបន់ ខេត្តព្រះសីហនុ។


ឯកឧត្តមបន្តថា ​វិស័យពាណិជ្ជកម្ម ក៏បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការរក្សានូវកំណើនសេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការនាំចេញ ក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ទៅកាន់ទីផ្សារបរទេស បានកើនឡើងជាង១៨ភាគរយ បើធៀបឆ្នាំ២០១៦ មានទឹកប្រាក់សរុប៩,៤២១លានដុល្លារ អាមេរិក កើនរហូតដល់១១​,១៥៣លានដុល្លារ នៅ​ឆ្នាំ២០១៧។


​ លោក ស៊ូ សាងជិន ​នាយកប្រតិបត្តិក្រុមហ៊ុនអ៊ីប៉ីទៀនជៀន ​នៅក្នុងឱកាសនោះ បានលើកឡើងដែរថា ​​ក្នុងជំហានដំបូង ក្រុមហ៊ុន បានសម្រេចបោះទុនវិនិយោគ កសាងរោងចក្រអគ្គីសនី ដើរដោយថាមពលធ្យូងថ្ម ទំហំ១០មេហ្គាវ៉ាត់ ដែលគ្រោងនឹងដាក់ឲ្យដំណើរការ នៅឆ្នាំ២០១៩ខាងមុខ។ បន្ទាប់មក​ជំហានទី២ ក្រុមហ៊ុន មានគម្រោងកសាងរោងចក្រផលិតអគ្គីសនី ដើរដោយធ្យូងថ្ម ចំនួន២បន្ថែមទៀត ដែលមានអានុភាព១២០០មេហ្គាវ៉ាត នឹងដាក់ឲ្យប្រើប្រស់នៅឆ្នាំ២០២០ ដែលរំពឹងថាអាចផ្គត់ផ្កង់តម្រូវការអគ្គីសនី នៅក្នុងតំបន់នេះបានគ្រប់គ្រាន់។
 


​ លោកនាយកប្រតិបត្តិ បានអះអាងទៀតថា ក្រុមហ៊ុននឹងធ្វើការវិនិយោគតំបន់​ស្ទឹងហាវ និងតំបន់​ព្រៃនប់ ឲ្យទៅជាតំបន់សេដ្ឋកិច្ចពិសេស ដ៏ធំ ក្នុងការជំរុញការវិនិយោគ លើប្រភេទឧស្សាហកម្មធុនធ្ងន់ រួមមាន ៖ រោងចក្រស្លដែក រោងចក្រស្លទង់ដែង រោងចក្រផលិតក្រដាស និងរោងចក្រផលិតជ័រជាដើម។


សូមជម្រាបថា ​បច្ចុប្បន្ននៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាចេជាងហ្គ័រជីមាន ក្រុមហ៊ុនវិនិយោគ​ ប្រមាណ១០០ក្រុមហ៊ុនហើយ ​ដែលអាច ដោះស្រាយការងារ ជូនប្រជាពលរដ្ឋកម្ពុជា ប្រមាណ១០ម៉ឺននាក់៕

 (អត្ថបទ ៖ សន ពិសិដ្ឋ រូបភាព ៖ អេង សុគុណ )


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation