ព័ត៌មានវិភាគ "ដំឡើងប្រយោជន៍កម្ពុជា ក្នុងបរិបទថ្មី នៃផ្ទៃរាបតំបន់ និងអន្តរជាតិ"
| ព័ត៌មានជាតិ
SHARE

កិច្ចប្រជុំកំពូលលើកទី៣៣ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ដែលបានប្រព្រឹត្តិទៅ នៅប្រទេសសិង្ហបូរី នាពេលថ្មីៗនេះ ក្រោមប្រធានបទ "ការកសាងនវានុវត្តន៍របស់អាស៊ាន គឺជាវិញ្ញាសារថ្មីមួយសំរាប់កម្ពុជា ដែលជាសមាជិក នៃអង្គការតំបន់មួយនេះ ចាប់តំាងពីឆ្នាំ១៩៩៩មក"។

កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ នៅឯសិង្ហបូរី ដែលមានមេដឹកនាំកំពូលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ចូលរួមជាមួយនឹងមេដឹកនាំ កំពូលអាស៊ាន៩ប្រទេសទៀត ព្រមទាំងដៃគូអាស៊ាននានា ដូចជាមេដឹកនាំអាមេរិក ចិន កូរ៉េខាងត្បូង រុស្ស៉ី និងអូស្រ្តាលី បានបង្ហាញឲ្យកម្ពុជាឃើញថា កម្ពុជាត្រូវតែចាប់យកឱកាសនេះឲ្យបាន ដើម្បីពង្រឹងសន្តិភាព និងស្ថេរភាពនយោបាយបន្ថែមទៀត បន្ទាប់មក គឺការជំរុញកំណើនសេដ្ឋកិច្ច ការបែងចែកកំណើនសេដ្ឋកិច្ច តាមរបៀបដែលមានវិសមភាពតិចទៅៗ។

សន្ទរកថា សម្តេចតេជោហ៊ុនសែន នៅក្នុងអង្គប្រជុំនោះ បានជាត្រីវិស័យ នាំមុខសំរាប់ការធ្វើសកម្មភាព នាំកម្ពុជាឲ្យបានចំរើនលូតលាស់បន្ថែមទៀត ដូចជា កម្ពុជាត្រូវអនុវត្តន៍យុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ ចំពោះការតភ្ជាប់អាស៊ាន និងគំនិតផ្តូចផ្តើម ខ្សែរក្រវ៉ាត់មួយ និងវិថីមួយរបស់ចិន រូមចំណែកកសាងសន្តិភាព អចិន្ត្រៃ សហប្រតិបត្តិការឈ្នះៗ លុបបំបាត់អាវុធនុយក្លែអ៊ែរ ដោយសន្តិវិធី និងវិបុលភាពរួមនៅឧបទ្វីបកូរ៉េ។

វត្តមានលោក ម៉ៃ ផែន អនុប្រធានាធិបតីអាមេរិកកាំង នៅក្នុងប្រជុំកំពូលអាស៊ានលើកទី៣៣នេះ បានក្រើនរំលឹករបៀបការទូតឲ្យកម្ពុជាដឹងថា សហរដ្ឋអាមេរិក នៅតែស្ថិតជាមួយនឹងអាស៊ាន ហើយអាមេរិក ដែលនៅតែជាមហាអំណាចសេដ្ឋកិច្ចទី១ នៅលើពិភពលោកនោះ កំពុងតែពង្រឹងយុទ្ឋសាស្រ្តឥណ្ឌូប៉ាស៊ីហ្វីក ដែលយុទ្ឋសាស្រ្តនេះ ដាក់ចេញដោយលោក ដូណាត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ហើយដែលបានប្រកាស ជាផ្លូវការដោយ លោក ជែម ម៉ាទីស រដ្ឋមន្រ្តីការពារប្រទេសអាមេរិក កាលពីប៉ុន្មានខែមុននេះ នៅឯសន្និសិទសាំងគ្រីឡា ក្នុងប្រទេសសិង្ហបូរីនេះដែរ។

ឥឡូនេះ កម្ពុជាបានដើរទៅមុខ ជាមួយនឹងគេឯងក្នុងតំបន់ ក៏ប៉ុន្តែកម្ពុជា ដែលមានកំណើនសេដ្ឋកិច្ចលឿនជាងគេ នៅក្នុងតំបន់អាស៊ាននេះ នៅតែមិនទាន់មានប្រាក់ចំណូល គិតតាមប្រជាជនម្នាក់ៗ ច្រើនជាងគេឯង នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ នៅឡើយទេ។

កម្ពុជា ត្រូវប្រើប្រាស់កំលាំងសរុប និងសក្តានុពល ដែលខ្លួនមាន ក្នុងការជំរុញកំណើនសេដ្ឋកិច្ចបន្ថែមទៀត តាមរបៀប អនុវត្តន៍គោលនយោបាយ ការបរទេស ទន់ភ្លន់រវៀសរវ៉ៃ ថ្លឹងថ្លែងឲ្យមានតុល្យភាព រវាងផ្លូវមួយខ្សែក្រវ៉ាត់មួយ នៃសាធារណៈរដ្ឋប្រជាមានិតចិន និងយុទ្ឋសាស្រ្តឥណ្ឌូប៉ាស៊ីនហ្វិក នៃសហរដ្ឋអាមេរិក ដោយហេតុថា ចិនវិនិយោគទុនច្រើនជាងគេបំផុតនៅកម្ពុជា។ រីឯ សហរដ្ឋអាមេរិក ក៏ជាប្រទេសដែលទិញ ទំនិញរួមជាមួយសហគមអឺរ៉ុប ពីកម្ពុជាច្រើនជាងគេបំផុតដែរ។

កម្ពុជា ត្រូវតែប្រកាន់ភ្ជាប់ នូវគោលជំហខ្លួនឯង ឲ្យបានច្បាស់លាស់ តាមវិធាននានា ដោយគោរពច្បាប់អន្តរជាតិឲ្យបានផង និងថែរក្សាអធិបតេយ្យភាពជាតិឲ្យបានផង ហើយកម្ពុជាត្រូវប្រើបញ្ញា និងគំនិតដោយខ្លួនឯង ដើម្បីបង្កើនគុណភាពទំនិញរបស់ខ្លួន បន្ថយការនាំចូលវត្ថុមិនចាំបាច់នានា ដែលបំផ្លាញយ៉ាងអាទិ៍កំបាំង ដល់រូបិយប័ណ្ណបរទេសរបស់ខ្លួន ដែលប្រការទាំងនោះនាំឲ្យយឺតយ៉ាវស្ពឺកស្រពន់ ដល់វិនិយោគសាធារណៈ ហើយការយឺតយ៉ាវ និងស្ពឺកស្រពន់នេះ អាចបណ្តាលឲ្យមានវិសមភាពសង្គម មានគំលាត កាន់តែវែងដែលធ្វើឲ្យស្គុគស្មាញ និងចាក់ស្រេះ ពិបាកក្នុងការថែរក្សាស្ថេរភាពនយោបាយ។

កម្ពុជា ត្រូវតែពង្រឹងខ្លួនដោយខ្លួនឯង តាមរបៀបកាន់បន្ថយចំណាយខ្ជះខ្ជាយឥតប្រយោជន៍ ពង្រឹងគុណភាពធនធានមនុស្ស ឲ្យពូកែធ្វើការមិនពូកែផឹកស៊ី ខ្ជះខ្ជាយ នាំឲ្យទុនខ្សោយដល់បញ្ញាប្រកួតប្រជែង ក្នុងទីផ្សាសេដ្ឋកិច្ចសេរី។ ម្យ៉ាងវិញទៀត ភាពចាំបាច់ និងបន្ទាន់ សំរាប់តម្កើងប្រយោជន៍កម្ពុជា លើផ្ទៃរាបតំបន់ និងអន្តរជាតិ ចំពោះមុខ និងទៅអនាគត គឺត្រូវយកចិត្តទុកដាក់ដល់កំលាំងយុវជន ដែលមានភាគច្រើន នៅក្នុងកំលាំងពលកម្ម ឲ្យទៅជាកំលាំងជំនាញឆ្លើយតបទីផ្សារពលកម្ម គឺពុំមែនឲ្យទៅជាកំលាំង នាយម៉ឺននិយម ការិយាល័យនិយម គ្មានគំនិតច្នៃប្រឌិតបង្កបង្កើនផល និងស្ពឺកស្រពន់ ដើរមិនទាន់គេឯង ក្នុងតំបន់នោះឡើយ។

កម្ពុជា ក្នុងរយៈពេល៤០ឆ្នាំកន្លងមកនេះ តាំងពីក្រោយថ្ងៃ៧មករា១៩៧៩ មានការចម្រើនលូតលាស់ ហួសពីការស្មាន បើប្រៀបធៀបនឹងខ្លួនឯង។ ក៏ប៉ុន្តែបរិបទថ្មី ដែលកើតចេញពីសម័យប្រជុំអាស៊ានទី៣៣លើកនេះ មិនតម្រូវឲ្យកម្ពុជា ចេះតែប្រៀបធៀបខ្លួនឯងប៉ុណ្ណោះទេ កម្ពុជា ជាដៃគូពាណិជ្ជកម្ម ជាមួយគេឯងក្នុងតំបន់ផង ពិភពលោកផង ហើយក៏ជាអ្នកប្រកូតប្រជែង ទីផ្សារសេរីត្រូវការប្រកួតប្រជែង ត្រូវការធនធានមនុស្ស ប្រកបដោយគុណភាព និងមនុស្សដែលមានធនធាន ដើម្បីវិនិយោគបង្កើតការងារ ព្រមទាំងការបំពេញបន្ថែម ឲ្យគ្នាទៅវិញទៅមក សំរាប់ចលករសេដ្ឋកិច្ចមួយ ប្រកបដោយភាពស្វាហាប់ ស្អាតស្អំ ទាន់សម័យនិយម និងចូលចុះជាមួយគេឯងក្នុងតំបន់ ជាពិសេសនេះ នៅមិនទាន់និយាយអំពីការចូលចុះជាមួយគេឯង នៅលើផ្ទៃរាប និងអន្តរជាតិផង។

មន្រ្តីដឹកនាំនយោបាយ មន្រ្តីបច្ចេកទេស សេវាឯកជន ប្រជាពលរដ្ឋ និងមហាជន ត្រូវដឹងអំពីអ្វីដែលជាប្រទីបបំភ្លឺផ្លូវ ថ្លែ
ងដោយសម្តេចតេជោហ៊ុនសែនសំរាប់យើងទាំងអស់គ្នា ដែលលោកបានលើកឡើងនៅឯសម័យប្រជុំអាស៊ានលើកទី៣៣ នៅសិង្ហបូរី។

កំលំាងសង្គមទាំងមួយ ត្រូវអនុវត្តន៍ តាមសេចក្តីសម្រេចចិត្តខាងនយោបាយ ដើម្បីសង្គមទាំងមូល ជីវភាពរស់នៅ ទាំងមូលរបស់ប្រជាជន បោះជំហានទៅមុខបន្ថែមទៀត ប៉ុន្តែថា សេចក្តីសម្រេចចិត្តខាងនយោបាយត្រូវតែឈរលើ កម្មវិធីគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរាជរដ្ឋាភិបាលនោះ គឺ អ្វីៗទាំងអស់ ដើម្បីប្រជាជន និងប្រទេសជាតិ សាមគ្គីជាតិ និងការបង្រួបបង្រួមជាតិ ក្រោយបរិបាលកិច្ចគ្រងរាជ្យសម្បត្តិ នៃព្រះមហាក្សត្រនរោត្តមសីហមុនី ជាទីគោរពដ៏ខ្ពង់ខ្ពស់នៃយើង៕( ដោយ៖ ខៀវ កូឡា )

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation