អ្នកនាំពាក្យក្រសួងការពារជាតិ៖ ជនរងគ្រោះជនជាតិខ្មែរម្នាក់ក្នុងចំនោម៤នាក់ ដែលរងរបួសធ្ងន់ដោយការបំផ្ទុះគ្រាប់ បែកអត្តឃាតនៅប្រទេសម៉ាលីមានសុវត្ថិភាពហើយ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា បានប្រកាសថា នៅយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ (ម៉ោងនៅប្រទេសម៉ាលី) ត្រូវនឹងព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ (ម៉ោងនៅកម្ពុជា) មានករណីបំផ្ទុះគ្រាប់បែកអត្តឃាតមួយ បង្កឡើងដោយ ក្រុមភេរវកបើករថយន្តមួយគ្រឿង ចូលទីតាំងប្រតិបត្តិការមួយរបស់អង្គការសហប្រជាជាតិ នៅតំបន់ហ្កាវ ប្រទេសម៉ាលី។

ហេតុការណ៍នេះ បានបណ្តាលឱ្យភេរវករម្នាក់ដែលធ្វើសកម្មភាពបំផ្ទុះគ្រាប់បែកស្លាប់នៅនឹងកន្លែង និងបាត់បង់ជីវិត ជនជាតិម៉ាលី២នាក់ ព្រមទាំងមានអ្នករបួស១៤នាក់ ដែលក្នុងនោះក៏មានពលរដ្ឋខ្មែរដែលបម្រើការឱ្យអង្គការសហប្រជាជាតិ ចំនួន៤នាក់ផងដែរ ដោយមានម្នាក់របួសធ្ងន់ និង៣នាក់ទៀតរបួសស្រាល។

បើតាមការបញ្ជាក់ពីនាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ប្រាប់ CNC ថា សម្រាប់កម្លាំងរក្សា សន្តិភាពរបស់កម្ពុជា (ទាហានមួកខៀវ) ដែលបំពេញបេសកកម្មនៅតំបន់នេះ មិនមានគ្រោះថ្នាក់ដោយហេតុការណ៍ខាងលើទេ។ ហើយរហូតមកដល់ពេលនេះ ជនរងគ្រោះជនជាតិខ្មែរដែលរបួសធ្ងន់នោះ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកម្រិត២ របស់ចិននៅក្នុងប្រទេសម៉ាលី ចំណែកឯអ្នករបួសស្រាលត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្បែរនោះ។

នាយឧត្តមសេនីយ៍ ឈុំ សុជាត បញ្ជាក់អោយដឹងថា ពលរដ្ឋខ្មែរដែលរងរបួសក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកនេះ រួមមាន៖

១. លោក ភិន សារ៉ាន់ ជាអតីតបុគ្គលិកបម្រើការ CMAC ដែលចាប់ផ្តើមចូលបម្រើការជាអ្នកបកប្រែភាសាជាមួយ UNMAS ចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ រងរបួសធ្ងន់ បាក់ឆ្អឹងជំនី និងរបួសក្បាល។
២. លោក ហ៊ុល សុខហេង ជាអតីតបុគ្គលិកបម្រើការ CMAC រងរួបស្រាល។
៣. លោក រៀម ឌី ជាអតីតនាយកប្រតិបត្តិការកម្ទេចគ្រាប់មិនទាន់ផ្ទុះក្នុងអង្គការ CMAC រងរបួសស្រាល។
៤. លោក សំ រដ្ឋា ជាអតីតបុគ្គលិកអង្គការ Hello TRUST រងរបួសស្រាល។

ជុំវិញករណីនេះដែរ ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់បានបញ្ជាក់ថា អំពើភេវរកម្មវាយបំផ្ទុះរថយន្តអត្តឃាត នៅប្រទេសម៉ាលី ដែលមានបង្កស្លាប់២នាក់និងរបួស១៤នាក់ ដែលក្នុងនោះមានកម្ពុជា៤នាក់បានរងរបួស។ ឯកឧត្តម ហេង រតនា បន្ថែមថា កងទព័មួកខៀវកម្ពុជានៅទីនោះបានខិតខំជួយពួកគេមិនត្រឹមតែជាភារកិច្ចនៅទីនោះប៉ុណ្ណោះទេ ប៉ុន្តែគឺក្នុងនាមជា ជនរួមជាតិ ដោយបានខិតខំមើលថែទាំគ្នាយ៉ាងម៉ត់ចត់បំផុត ហើយឯកឧត្តមក៏បានជូនពរអោយអ្នករបួសទាំងអស់បានជា សះស្បើយ ឆាប់រហ័សឡើងវិញ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation