ទណ្ឌិត ១២១នាក់ នឹងលើកលែង-បន្ធូរបន្ថយទោស ក្នុងឱកាសធីបុណ្យអុំទូក
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ទណ្ឌិតចំនួន ១២១នាក់ (ស្រីចំនួន១៣នាក់) ត្រូវបានស្នើសុំទៅព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីលើកលែងទោស និងបន្ធូរបន្ថយទោស នៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ នាថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ។

នេះបើតាមការបញ្ជាក់របស់លោកចាន់ គឹមសេង អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ។

អគ្គនាយកដ្ឋានពន្ធនាគារបានបញ្ជាក់ថា “ទណ្ឌិតចំនួន១២១នាក់ ត្រូវបានគណៈកម្មការសម្រេចបន្ធូរបន្ថយទោស និងលើកលែងទោស គឺទណ្ឌិតដែលត្រូវបន្ធូរបន្ថយទោសចំនួន៦ខែ មានចំនួន ៥៥នាក់ (ស្រី៩នាក់) , បន្ធូរបន្ថយទោសចំនួន ៩ខែ មានចំនួន ១៩នាក់ (ស្រី១នាក់) , បន្ធូរបន្ថយទោសចំនួន ១២ខែ មានចំនួន ៣៩នាក់ (ស្រី២នាក់) , និងលើកលែងទោសចំនួន ៨នាក់ (ស្រី១នាក់)”។

ការសម្រេចលើកលែងទោស និងបន្ធូរបន្ថយទោសដល់ទណ្ឌិតចំនួន ១២១នាក់ នេះ គឺបន្ទាប់ពីគណៈកម្មការថ្នាក់ជាតិ លើកលែងទោស និងបន្ធូរបន្ថយទោស បានបើកកិច្ចប្រជុំពិនិត្យលើបញ្ជីឈ្មោះទណ្ឌិតចំនួន ៥២៣ នាក់ មានស្រីចំនួន ៣៧នាក់ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨។ ទណ្ឌិតទាំង៥២៣ ត្រូវបានគណៈកម្មការថ្នាក់រាជធានីខេត្ត ស្រង់ឈ្មោះពីពន្ធនាគារចំនួន ២៥ រាជធានី ខេត្ត និងបានស្រង់ឈ្មោះពីមណ្ឌលអប់រំកែប្រែចំនួន៤ ដើម្បីលើកស្នើមកកាន់គណៈកម្មការចម្រុះថ្នាក់ជាតិ ដឹកនាំដោយលោក អង្គវង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ពិនិត្យសំណើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ នាពេលខាងមុខនេះ។

សូមជម្រាបថា នៅក្នុងប្រទេសកម្ពុជាកន្លងមក ក្នុងមួយឆ្នាំ មានការលើកលែងទោស និងបន្ធូរបន្ថយទោសដល់ទណ្ឌិត ចំនួន ៣ដង គឺនៅពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ពិធីបុណ្យវិសាខបូជា និងពិធីបុណ្យអុំទូក។ ក៏ប៉ុន្តែនៅឆ្នាំ២០១៨នេះ ជាឆ្នាំពិសេស ជាងពេលកន្លងមក ដោយហេតុថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានស្នើអោយក្រសួងយុត្តិធម៌ ពិនិត្យលើពិធីបុណ្យ ៣បន្ថែមទៀត នៅក្នុងការលើកលែងទោស និងបន្ធូរបន្ថយទោសដល់ទណ្ឌិត គឺក្នុងពិធីបុណ្យភ្ជុំបិណ្យ បុណ្យឯករាជ្យជាតិ ថ្ងៃ៩វិច្ឆិកា និងទិវាឈ្នះៗ នៅថ្ងៃទី២៩ ខែធ្នូ ខាងមុខនេះ៕ អត្ថបទ៖មួង សុវណា្ណ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation