ជំងឺក្រិនថ្លើម គឺជាមូលហេតុធំ​ជាងគេ ដែលបណ្តាលឲ្យកើតមានជំងឺទាចទឹក
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ ជំងឺទាចទឹក​ គឺជាវត្តមានទឹកដក់នៅក្នុងស្រោមពោះ ហើយមិនមែនជាឈាមនោះទេ។ មានមូលហេតុ​ជាច្រើន ដែលអាចបង្កឲ្យមាន ជាជំងឺទាចទឹក​ រួមមាន ៖ ជំងឺក្រិនថ្លើម​ ដែលមានប្រមាណជា៨០% ជាមូលហេតុធំជាងគេ,​ ជំងឺខ្សោយតំរងនោមរ៉ាំរ៉ៃ​, ជំងឺខ្សោយបេះដូង, ជំងឺរបេងស្រោមពោះ ឬ ពោះវៀន និងជំងឺមហារីកស្រោមពោះ ឬការរាលដាលមកក្នុងស្រោមពោះ​ នៃជំងឺមហារីកផ្សេងៗដូចជា មហារីកថ្លើម លំពែង ក្រពះ ពោះវៀនធំ ឬ ក្រពេញអូវែរជាដើម។


បើយោងតាមគេហទំព័រហ្វេសប៊ុក របស់មន្ទីរពេទ្យកាល់ម៉ែត បានចេញផ្សាយ កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា រោគសញ្ញា ដែលអាចឲ្យយើងដឹងថា អ្នកជំងឺម្នាក់មានជំងឺទាចទឹក មានដូចជា ៖ ពោះឡើងតឹងធំ និង ភ្លឺរលោង, ផ្ចិតប៉ោងធំខុសពីធម្មតា, ការថយចុះនូវបរិមាណទឹកនោម, ហើមជើងទាំងសងខាង, ឡើងទំងន់ខុសពីធម្មតា ប៉ុន្តែរូបរាងអ្នកជំងឺស្គមស្គាំង ហើយឡើងតឹងធំតែពោះ​។


​គេអាចរកឃើញទាចទឹក ដោយការពិនិត្យរាងកាយអ្នកជំងឺ ដោយឲ្យគាត់គេងផ្អៀង រួចសង្កេតមើលទៅលើពោះ និងយកដៃស្ទាប ហើយគោះលើពោះ រកសំលេងទឹកក្នុងស្រោមពោះ។ គ្រូពេទ្យអាចស្វែងរកឃើញ នូវរោគសញ្ញានៃជំងឺផ្សេងៗ ដែលជាមូលហេតុ ដូចបានរៀបរាប់ខាងលើផងដែរ។ ករណីទាចទឹក ដែលមានបរិមាណតិចតួច ការធ្វីរោគវិនិច្ឆ័យ អាចធ្វើទៅបានតាមរយៈ រូបភាពវេជ្ជសាស្ត្រផ្សេងៗ ដូចជា អេកូសាស្ត្រ​ ឬស៊ីធីស្កែន​។


គួរជម្រាបថា ករណីមួយចំនួន អាចបង្កឲ្យពោះរបស់អ្នក ឡើងរីកតឹងធំខុសពីធម្មតាដែរ តែវាមិនមែនជាជំងឺទាចទឹកនោះទេ ដូចជា ៖
ប្លោកនោម ដែលពេញទៅដោយទឹកនោម នៅពេលស្ទះទឹកនោម, ពេលស្រ្តីមានផ្ទៃពោះ​, ខ្យល់ក្នុងពោះវៀន ករណីស្ទះពោះវៀន និងដុំគីសនៅក្នុងដៃស្បូនជាដើម។
​ ក្រុមវេជ្ជបណ្ឌិត នៃមន្ទីរពេទ្យកាល់ម៉ែត បានណែនាំឲ្យ អ្នកសង្ស័យថាមានជំងឺទាចទឹក​ គួរទៅជួបពិគ្រោះជំងឺ ជាមួយវេជ្ជបណ្ឌិតជំនាញ ដើម្បីធ្វើរោគវិនិច្ឆ័យរកមូលហេតុ និងធ្វើការព្យាបាល តាមបច្ចេកទេស ឲ្យបានត្រឹមត្រូវ។ មូលហេតុមួយចំនួន អាចព្យាបាលជាសះស្បើយ ដូចជា ជំងឺរបេងស្រោមពោះ ឬ របេងពោះវៀន​។ ផ្ទុយទៅវិញ មូលហេតុផ្សេងៗទៀត អាចក្លាយជាជំងឺរ៉ាំរ៉ៃ ឬអាចបណ្តាលឲ្យប៉ះពាល់ ដល់អាយុជីវិត លោកអ្នកទៀតផង។ គួរជៀសវាង ការប្រើ​ប្រាស់ឱសថដោយខ្លួនឯង ដោយពុំមានវេជ្ជបញ្ជា និងថ្នាំបុរាណទាំងឡាយណា ដែលពុំមានប្រភពច្បាស់លាស់៕ (អត្ថបទ ៖ សន ពិសិដ្ឋ​)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation