នៅថ្ងៃពុធនេះ ប៉ូលិសឥណ្ឌូណេស៊ីបានបាញ់សម្លាប់បុរសចំនួន៤នាក់ បន្ទាប់ពីពួកគេបានប៉ុនប៉ងធ្វើការវាយប្រហារដោយដាវសាមូរ៉ៃទៅលើក្រុមមន្ត្រីនៅឯទីស្នាក់ការកណ្តាលមួយកន្លែងរបស់ប៉ូលិសនៅក្នុងខេត្តរីយ៉ៅ (Riau) ។
ទីភ្នាក់ងាររ៉យទ័រ (Reuters) ទទួលបានវីដេអូជាច្រើនដែលបង្ហាញឲ្យឃើញ រថយន្តពាសដែកមួយគ្រឿង និងរថយន្តសង្គ្រោះបន្ទាន់បានបើកចូលទៅកន្លែងដែលកើតហេតុដែលស្ថិតនៅក្នុងទីក្រុងប៉េកាន់បារូ (Pekanbaru) កោះស៊ូម៉ាត្រានោះ បន្ទាប់ពីការវាយប្រហារបានកើតឡើង។
ប៉ូលិសបាននិយាយថា មន្ត្រី២នាក់ត្រូវបានរងរបួសនៅក្នុងការវាយប្រហារនោះ ខណៈដែលមន្ត្រីម្នាក់ទៀតត្រូវបានសម្លាប់ បន្ទាប់ពីជនល្មើសម្នាក់បានព្យាយាមរត់គេច ហើយបានប៉ះទង្គិចគ្នាជាមួយមន្ត្រីរូបនោះ។ ប៉ុន្តែជនល្មើសទាំងអស់មិនទាន់ត្រូវបានកំណត់អត្តសញ្ញាណនៅឡើយទេ ហើយមូលហេតុនៅពីក្រោយការវាយប្រហារនេះក៏មិនទាន់បានដឹងផងដែរ។
គួរបញ្ជាក់ថា ការវាយប្រហារនេះបានកើតឡើងបន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកអត្តឃាតជាបន្តបន្ទាប់របស់ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមដែលពាក់ព័ន្ធនឹងគ្រួសារចំនួន២រួមទាំងកូនក្មេងដោយដាក់គោលដៅទៅលើព្រះវិហារសាសនាគ្រិស្តជាច្រើនកន្លែង និងទីស្នាក់ការកណ្តាលប៉ូលិសនៅក្នុងទីក្រុងស៊ូរ៉ាបាយ៉ា (Surabaya) ដែលជាទីក្រុងធំបំផុតទី២របស់ប្រទេសឥណ្ឌូណេស៊ីកាលពីប៉ុន្មានថ្ងៃមុននេះ៕