ប្រទេសកូរ៉េខាងជើងគំរាមលុបចោលកិច្ចប្រជុំកំពូលជាមួយសហរដ្ឋអាមេរិក
| ព័ត៌មានអន្តរជាតិ
SHARE

ប្រទេសកូរ៉េខាងជើងបាននិយាយនៅថ្ងៃពុធនេះថា គេប្រហែលជានឹងដកខ្លួនចេញពីកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ប្រសិនបើអាមេរិកទទូចជាឯកតោភាគីឲ្យកូរ៉េខាងជើងបោះបង់ចោលអាវុធនុយក្លេអ៊ែររបស់គេ។


កិច្ចប្រជុំដែលត្រូវបានរំពឹងទុកយ៉ាងខ្ពស់រវាងលោក ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុននោះត្រូវបានគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១២ ខែមិថុនាខាងមុខនៅក្នុងប្រទេសសិង្ហបុរី។
ប៉ុន្តែនៅក្នុងសេចក្តីថ្លែងការណ៍យ៉ាងខឹងសម្បារមួយ, អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោក គីម យេវ៉ាន់ (Kim Kye-gwan) បានចោទប្រកាន់អាមេរិកចំពោះការធ្វើសេចក្តីថ្លែងការណ៍មិនបានគិត និងមានចេតនាដែលជាប្រផ្នូលអាក្រក់។


លោក គីម យេវ៉ាន់ (Kim Kye-gwan) ក៏បានរិះគន់ដោយផ្ទាល់ទៅលើទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក ចន បុលតុន (John Bolton) ផងដែរ ដោយនិយាយថា គេបានដឹងច្បាស់ពីចរិតលក្ខណៈរបស់លោក បុលតុន រួចតាំងពីដំបូង ហើយគេមិនលាក់បាំងអារម្មណ៍ស្អប់ខ្ពើមរបស់គេចំពោះលោកទេ។


សូមរំលឹកថា នៅក្នុងកិច្ចសម្ភាសន៍តាមប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃចុងសប្តាហ៍, លោក បុលតុន បានផ្តល់យោបល់ឲ្យកូរ៉េខាងជើងថាគួរធ្វើតាមគំរូរបស់ប្រទេសលីប៊ីក្នុងការបោះបង់ចោលអាវុធនុយក្លេអ៊ែរ ដែលគំរូនេះត្រូវបានក្រុមអ្នកវិភាគនិយាយថា នឹងធ្វើឲ្យកូរ៉េខាងជើងពិចារណាអំពីអ្វីដែលកើតឡើងចំពោះជោគវាសនានៃភាពជាអ្នកដឹកនាំលីប៊ី។
លោក គីម យេវ៉ាន់ (Kim Kye-gwan) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់លោកថានេះមិនមែនជាបង្ហាញពីបំណងក្នុងការដោះស្រាយបញ្ហាតាមរយៈការសន្ទនាទេ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation