សមត្ថកិច្ចឃាត់ខ្លួនឈ្មួញនិងបញ្ឈប់អាជីវកម្មកាយដីខុសច្បាប់នៅភ្នំលៀបដែលបង្កឱ្យមានមនុស្សស្លាប់ថ្មីៗនេះនោះ
| ព័ត៌មានជាតិ
SHARE

ខេត្តបន្ទាយមានជ័យ៖ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានឃាត់ខ្លួនថៅកែធ្វើអាជីវកម្មដីភ្នំលៀបដើម្បីចាត់ការតាមផ្លូវច្បាប់ និងបានបញ្ចប់អាជីវកម្មដីភ្នំលៀបទាំងស្រុង ក្រោយសមត្ថកិច្ចចម្រុះចុះត្រួតពិនិត្យនៅចណុចអាជីវកម្មដីភ្នំលៀប រកឃើញថា ការធ្វើអាជីវកម្មដីភ្នំលៀបខុសច្បាប់បង្កឱ្យធ្លាក់រថយន្តដឹកដី១គ្រឿង បណ្តាលឱ្យកម្មករបើកបររថយន្តម្នាក់ស្លាប់។
ការឃាត់ខ្លួនឈ្មួញនិងបិទអាជីវកម្មដីភ្នំលៀបានធ្វើឡើងនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅភូមិ ទ្រយោង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បន្ទាប់ពីបណ្តាញសារព័ត៌មានចុះផ្សាយអំពីករណីគ្រោះថ្នាក់នៅទីតាំងកាយដីខុសច្បាប់ ខាងលើ។

ជុំវិញបញ្ហានេះ អភិបាលស្រុកព្រះនេត្រព្រះ លោក ឃូ ពៅ បានឱ្យដឹងថា អាជីវកម្មដីភ្នំលៀបក្រុមហ៊ុនបានសុំច្បាប់ដល់អាជ្ញាធរ ខេត្តបន្ទាយមានជ័យរួចហើយ តាមរយៈមន្ទីររ៉ែនិងថាមពល ហើយខេត្តបានសម្រេចឱ្យក្រុមហ៊ុនដែលមានម្ចាស់ឈ្មោះ សឿម សំបូ ធ្វើអាជីវកម្មដីភ្នំលៀបលើផ្ទៃដី ទំហំ៦,១៨២ ម៉ែត្រការ៉េ ក្នុងប្រតិបត្តិការរក្សាចម្ងាយសុវត្ថិភាពយ៉ាងតិច២៥ម៉ែត្រពីមាត់រណ្តៅចាស់ ដែលមានស្រាប់និង ៥ម៉ែត្រពីមាត់រណ្តៅជុំវិញ។

ពាក់ព័ន្ធបញ្ហានេះ ប្រធានមន្ទីររ៉ែនិងថាមពលខេត្ត លោក សុត វឌ្ឍនា ប្រាប់ឱ្យដឹងថា គណៈកម្មការចម្រុះបានចុះត្រួតពិនិត្យ កន្លែងកើតហេតុនៃក្រុមហ៊ុនអាជីវកម្មដីភ្នំលៀប ហើយពិនិត្យឃើញថា ក្រុមហ៊ុនបានទៅជីកកកាយនៅលើភ្នំខុសគោលដៅ ច្បាប់បានអនុញ្ញាត។លោកប្រធានមន្ទីររ៉ែនិងថាមពលខេត្តប្រាប់ទៀតថា អាជីវកម្មដីភ្នំលៀប ត្រូវបានគណៈកម្មការចម្រុះ បញ្ឈប់អាជីវកម្មទាំងស្រុងហើយ។

ពាក់ព័ន្ធនិងឃាត់ខ្លួនម្ចាសក្រុមហ៊ុនថៅកែអាជីវកម្មដីភ្នំលៀប លោក ឧត្តមសេនីយ៍ត្រី បោន ប៉ិន មេបញ្ជាការកងរាជអាវុធ ហត្ថខេត្តបន្ទាយមានជ័យប្រាប់ឱ្យដឹងថា ម្ចាស់ថៅកែធ្វអាជីវកម្មដីភ្នំលៀបនោះបានឃាត់ខ្លួន និងចាត់ការតាមផ្លូវច្បាប់អនុញ្ញាត តាមដីការបស់ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តបន្ទាយមានជ័យ មាស ច័ន្ទពិសិដ្ឋ។
លោកមេបញ្ជាការអាវុធហត្ថខេត្តប្រាប់ទៀតថា ក្រុមហ៊ុនអាជីវកម្មដីភ្នំលៀប ដែលបង្កឱ្យធ្លាក់រថយន្តបណ្តាលឱ្យមនុស្សស្លាប់ ក្រុមហ៊ុនធ្វើអាជីវកម្មគ្មានច្បាប់ទម្លាប់ត្រឹមត្រូវនោះទេ។កន្លងមកសមត្ថកិច្ចអាវុធហត្ថមានតួនាទីបង្ការទប់ស្កាត់បង្រ្កាបបទល្មើសធនធានធម្មជាតិបានទៅធ្វើការណែនាំអប់រំ ថៅកែក្រុមហ៊ុនធ្វើអាជីវកម្មដីភ្នំលៀបម្តងរួចមកហើយតែមិនរាងចាល។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅភ្នំលៀប ភូមិទ្រយោង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយ មានជ័យ មានហេតុការរថយន្តដឹកដី១គ្រឿងបើកឡើងលើភ្នំ ដើម្បីទៅដឹកដី ប៉ុន្តែរថយន្តនោះបានរអិលធ្លាក់ពីជម្រាលភ្នំ បណ្តាល ឱ្យកម្មករបើករថយន្តម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ៕

ដោយ៖ប៊ុន ចាន់ថន


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation