បទល្មើសនេសាទកូនគ្រែងឈាម បន្តកើតឡើងយ៉ាងគគ្រឹកគគ្រែងនៅតំបន់កោះខ្យង ស្រុកព្រៃនប់
| ព័ត៌មានជាតិ
SHARE

ខេត្តព្រះសីហនុ៖ បទល្មើសនេសាទកូនគ្រែងឈាមដែលច្បាប់ជលផលបានហាមឃាត់ បានចាប់ផ្តើមកើតឡើងនៅតំបន់កោះខ្យង ឃុំអូជ្រៅ ស្រុកព្រៃនប់ យ៉ាងគគ្រឹកគគ្រេង នៅពេលយប់ចន្លោះពី២តោនទៅ៥តោនក្នុងមួយយប់ ស្របពេល មន្ត្រីជលផល ឆ្លើយថា ពុំបានដឹងរឿងនេះទេ ខណៈពេលសកម្មភាពរ៉ែងកូនគ្រែងឈាមនិងទីតាំងប្រមូលទិញកូនគ្រែង នៅមិនឆ្ងាយពីសង្កាត់ រដ្ឋបាលជលផលកោះខ្យង ដែលមានមន្ត្រីប្រចាំការតំបន់នោះជាប្រចាំ។

ជុំវិញបញ្ហាខាងលើនេះ លោក ឯម ភា នាយខណ្ឌរដ្ឋបាលជលផលកំពង់សោម បានបញ្ជាក់ថា ករណីបទល្មើសនេសាទកូនគ្រែង ឈាមនេះ លោកទើបតែទទួលព័ត៏មានហើយលោកនឹងបញ្ជាអោយមន្ត្រីថ្នាក់ក្រោមចុះធ្វើការស្រាវជ្រាវនិងបង្ក្រាបអោយខាន តែបាន។
បើទោះបីជាមានការឆ្លើយបំភ្លឺបែបណាក្តី ក្រុមប្រជាពលរដ្ឋ ក៏ដូចជាប្រជានេសាទជាច្រើនបានបង្ហាញទស្សនៈថា ខណៈពេលរដូវ កូនគ្រែង កើតមានគឺនៅចន្លោះចុងខែតុលានិងដើមខែវិច្ឆិកា គេសង្កេតឃើញប្រជានេសាទមួយចំនួនបានងាក់មកនេសាទ អូសកូនគ្រែងឈាម យ៉ាងអនាធិបតេយ្យ មកលក់អោយថៅកែធំម្នាក់ឈ្មោះ ចែ នី ក្នុងតម្លៃខ្ពស់ ចន្លោះពី២ម៉ឺនរៀល ទៅ៥ម៉ឺន រៀល ក្នុងមួយគីឡូក្រាមដើម្បីនាំចេញទៅលក់បន្តនៅប្រទេសវៀតណាម ដោយពុំបានខ្វាយខ្វល់អំពីផលប៉ះពាល់ ដល់ជីវភាព ប្រជាពលរដ្ឋនៅក្នុងតំបន់ដែលពួកគាត់ប្រកបរបរបែបលក្ខណះគ្រួសារ ដែលរាវគ្រែងឈាមដោយដៃនោះទេ។

ប្រភពដដែលបានបន្តថា ទាក់ទិនទៅនឹងសកម្មភាពល្មើសច្បាប់នេះ ប្រសិនបើមន្ត្រីជលផលកំពង់សោមនៅតែធ្វើមិនឃើញ មិនដឹង មិនឮ តទៅទៀតនោះទេ ពិតណាស់ធនធានធម្មជាតិ នៅតំបន់ពយទឹករាក់កោះខ្យងនេះនឹងវិនាសហិនហោចជាក់ជា ពុំខានឡើយ ព្រោះកូនក្រែងដែលថៅកែធំមានឥទ្ឋិពលប្រចាំតំបន់កោះខ្យងប្រមូលទិញ គឺជាប្រភេទកូនក្រែងឈាមដែលច្បាប់ ជលផលហាមឃាត់នេសាទជាដាច់ខាត ព្រោះវាមានលក្ខណះតូចពេក គឺចាប់ពីប៉ុនគ្រាប់ខ្សាច់រហូតដល់ប៉ុនចុងចង្កឹះ(មួយគីឡូ ចន្លោះជាង១ពាន់កូនទៅ៥ពាន់កូន) ឯកូនក្រែងឈាមធំជាងនេះ គឺមានតម្លៃថោក ឬ អាចមិនត្រូវបានទទួលទិញឡើយ ហេតុនេះតើមានសល់អ្វីទៀតបើអូសតាំងពីកូនទើបតែកើតបែបនេះ៕

អត្ថបទ៖ ប៉ៃ សុឃីម


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation