ព័ត៌មានជាតិ

អាជ្ញាធរក្រុងស្ទឹងត្រែង ដុតកម្ទេចងៀតបបែលជិត៤០គីឡូក្រាម

image

ខេត្តស្ទឹងត្រែង: អាជ្ញាធរក្រុងស្ទឹងត្រែងដឹកនាំដោយលោកសាយ កុសល អភិបាលក្រុងបាននាំយកត្រីបបែលងៀតជិត៤០គីឡូក្រាម ព្រមទាំងប្រហិត និងនំធុងជាច្រើនមុខផ្សេងទៀត យកទៅដុតកម្ទេចចោលនៅក្បែរមាត់ទន្លេសេសាន។

លោកសាយ កុសល អភិបាលក្រុងស្ទឹងត្រែង អោយដឹងនៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកាថា មូលហេតុដែលដុតងៀតបបែលចោលបែបនេះ ដោយសារតែរបស់ទាំងនេះខូចគុណភាពមិនអាចបរិភោគបានតទៅមុខទៀត។ដូច្នេះត្រូវដុតកម្ទេចចោលអោយទាន់ពេលវេលាដើម្បីថែរក្សាសុខភាពប្រជាពលរដ្ឋ ដែលពួកគាត់និយមចូលចិត្តបរិភោគងៀតបបែល- សាច់ប្រហិតគ្រប់ប្រភេទដែលគេដាក់លក់នៅតាមសួនច្បារ-តាមមាត់ទន្លេ -ឬលក់តាមរទេះរុញ ជាដើម និងជាពិសេសជាងនេះទៅទៀតចំណីអាហារនិងគ្រឿងបរិភោគ ដែលក្រុមអាជីវករយកមកដាក់លក់ក្នុងពេលតាំងពិពណ៌ពានិជ្ជកម្មម្តងៗ ដែលជារបស់ទាំងនេះយកមកពីប្រទេសជិងខាង ដើម្បីចូលរួមអបអរសាទរក្នុងពិធីបុណ្យអំទូកនៅខេត្តស្ទឹងត្រែង ដែលការអំុទូកនិងប្រព្រឹត្តទៅនៅថ្ងៃទី១៨-១៩ខែវិច្ឆិការខាងមុខនេះ។ហើយម្យ៉ាងទៀតដើម្បីថែរក្សាសុខភាពប្រជាពលរដ្ឋដែលមកពីតាមភូមិនានា ដើម្បីទស្សនាកម្មវិធីអុំទូក។

ចំណែកលោកគឹម ប្រុស ប្រធានសាខាកាំកុងត្រូលខេត្តស្ទឹងត្រែងក៏បានបញ្ជាក់ផងដែរថា ចំណីអាហារដែលដុតកម្ទេចខាងលើ គឺមានលាយសារធាតុគីមីប៉ូរ៉ាក់ពេញមួយរយភាគរយ ដែលសារធាតុគីមីនេះ គេប្រើវាសំរាប់ដាក់ទៅលើសាច់សត្វងាប់ ឬបើមិនអញ្ចឹងទេគេក៏អាចយកវាទៅដាក់លើមនុស្សដែលស្លាប់ផងដែរ ដើម្បីថែរក្សាកំុអោយឆាប់ធំក្លិនស្អុយ និងសាច់ស្វិតសម្រស់ស្រស់ថ្លានៅបានយូរ។

លោកបន្តថា ចំពោះអ្នកដែលទិញម្ហូបអាហារបរិភោគទាំងឡាយណា ដែលប៉ះចំលាយសារធាតុគីមីប៉ូរ៉ាក់ វាបណ្តាលអោយកើតជម្ងឺធ្ងន់ធ្ងរ ដូចជាមហារីក និងជម្ងឺផ្សេងជាច្រើនទៀតដែលពិបាកព្យាបាល។

ចំពោះត្រីបបែល ព្រមទាំងសាច់ប្រហិត និងនំធុងទាំងនេះ បានមកពីការដកហូត ពីក្រុមអ្នកលក់ក្នុងពិធីតាំងពិព៌ណពានិជ្ជកម្ម ដែលដាក់តាំងលក់លក់ក្នុងពិធីអំុទូកក្នុងខេត្តស្ទឹងត្រែង។

ក្នុងពិធីអុំទូកនៅថ្ងៃទី១៨ខាងមុខនេះ អាជ្ញាធរខេត្តក៏បានស្នើសុំដល់អ្នកលក់ទាំងអស់មេត្តាកុំលក់របស់ខូចគុណភាព របស់ហួសកាលបរិច្ឆែត និងមានលាយសារធាតុគីមីប៉ូរ៉ាក់ជាដើម ដើម្បីផលប្រយោជន៍ចំពោះសុខភាពទាំអស់គ្នា៕
ដោយ៖ ម៉ា់ក់ មេត្តា