កងកម្លាំងចម្រុះជិត៦ពាន់នាក់ ហ្វឹកហាត់លើកទី២ នៅមុខព្រះបរមរាជវាំង ត្រៀមអបអរសាទរទិវាឯករាជ្យជាតិ
| ព័ត៌មានជាតិ
SHARE


អគ្គស្នងការនគបាលជាតិ ឲ្យដឹងថា នាព្រឹកថ្ងៃនេះ កងកម្លាំងចម្រុះជិត៦ពាន់នាក់ ហ្វឹកហាត់ជាលើកទី២ នៅមុខព្រះបរមរាជវាំង នាថ្ងៃទី៧វិច្ឆិកានេះ ដើម្បីត្រៀមអបអរសាទរទិវាឯករាជ្យជាតិ៩វិច្ឆិកា ខួបលើកទី៦៥ បន្ទាប់ពីលើកទី១ធ្វើឡើង កាលពីថ្ងៃទី៤វិច្ឆិកា។

អ្នកនាំពាក្យ និងជាអគ្គស្នងការរងនគរបាលជាតិ ឯកឧត្តម ឆាយ គឹមឃឿន មានប្រសាសន៍ថា ការហ្វឹកហាត់នេះ រួមមាន ការហ្វឹកហាត់ពីរបៀបនៃការដើរក្បួន ការឈរ និងកាយវិការផ្សេងៗទៀត ដើម្បីធ្វើយ៉ាងណា ឲ្យសាកសមជាកងកម្លាំងរបស់ជាតិ។

ការចេញមកហ្វឹកហាត់របស់កងកម្លាំងចម្រុះកម្ពុជានៅព្រឹកថ្ងៃនេះ គឺនៅមុនពេល២ថ្ងៃទៀតប៉ុណ្ណោះ ដែលប្រទេសកម្ពុជានឹងប្រារព្ធខួប៦៥ឆ្នាំ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ដែលកម្ពុជារំដោះបានពីនឹមអាណានិគមនិយមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំរបស់ព្រះមហាវីរក្សត្រកម្ពុជា ព្រះបរមរតនកោដ្ឋ។

ពិធីហ្វឹកហាត់ នាព្រឹកថ្ងៃនេះ មានកងកម្លាំងចម្រុះ មកពីកងកម្លាំងនគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងយោធពលខេមរភូមិន្ទ បានចេញមកហ្វឹកហាត់ព្រមៗគ្នា នៅឯខាងមុខព្រះបរមរាជវាំង។ ការហ្វឹកហាត់នេះ មានការចូលរួមពីកងកម្លាំងចម្រុះជិត៦ពាន់នាក់ ដោយចែកចេញជា៥៤ផែន។នៅក្នុងផែននីមួយៗ មានកងកម្លាំងសរុបចំនួន១១០នាក់។

តាមគម្រោង ការប្រារព្ធទិវាបុណ្យឯករាជ្យជាតិឆ្នាំនេះ រដ្ឋាភិបាលកម្ពុជា គ្រោងនឹងធ្វើឡើង ឲ្យបានអធិកអធមបើប្រៀបធៀបនឹងបណ្តាឆ្នាំមុនៗ។ ការប្រារព្ធខួប៦៥ឆ្នាំ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ក្នុងរយៈពេល៣ថ្ងៃនេះ នឹងប្រារព្ធធ្វើឡើង ក្រោមព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation