សម្តេច ស ខេង៖ តម្រូវការឱសថកើនឡើងនៅកម្ពុជា ទើបជនឆ្លៀតឱកាសផលិតឱសថក្លែងក្លាយច្រើន
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា បច្ចុប្បន្នតម្រូវការឱសថកំពុង មានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដូច្នេះហើយទើបជនឆ្លៀត ឱកាសមួយចំនួន បានលួចផលិតឱសថក្លែងក្លាយ និងអន់គុណភាព មកចរាចរនៅលើទីផ្សារកម្ពុជា។

ថ្លែងក្នុងកម្មវិធីបិទសន្និសីទអន្តរជាតិ ថ្នាក់តំបន់ស្តីពី ការប្រយុទ្ធប្រឆាំង ឱសថក្លែងក្លាយ និងអន់គុណភាព នៅរសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះសម្តេចក្រឡាហោម ស ខេងបានបន្តថា សន្និសីទជាអន្តរជាតិនាពេលនេះ ធ្វើឡើងស្របតាមកាលៈទេសៈ របស់កម្ពុជាទៅនឹងការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព ដែលកំពុងយកចិត្តទុកដាក់ជាខ្លាំង។


សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ការរៀបចំឲ្យមានសន្និសីទប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ អន់គុណភាព និងគ្មានច្បាប់អនុញ្ញាតិនេះឡើង ស្របពេលដែលសភាពការណ៍នៃបទល្មើសនេះ កំពុងតែបន្តកើតមាន។ សន្និសីទថ្នាក់តំបន់ដែលបានរៀបចំឡើងនេះ គឺស្របតាមកាលៈទេសៈរបស់កម្ពុជា ខណៈដែលកិច្ចដំណើរការនៃមារប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព បានឈានដល់ដំណើរកាលមួយកាន់តែត្រូវបានយកចិត្តទុកដាក់ក្នុងក្របខណ្ឌតំបន់ និងសាកលលោកផងដែរ។ទន្ទឹមនិងតម្រូវការនៃការប្រើប្រាស់ឱសថ ទើបជនល្មើសឆ្លៀតឱកាសខិតខំធ្វើការផលិត ចរាចរ និងចែកចាយនៅឱសថក្លែងក្លាយ និងអន់គុនភាពលើទីផ្សារដែលនាំឲ្យពលរដ្ឋរងគ្រោះដោយសារឱសថទាំងនោះ និងថែមទាំងខាតថវិកាយ៉ាងច្រើនសនន្ធឹកសន្ធាប់ ហើយដែលមានខ្លះបានបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតថែមទៀតផង។


សម្តេចក្រឡាហោមបានបញ្ជាក់ថា “កន្លងមកក៏ដូចជាបច្ចុប្បន្ននេះ កម្ពុជាបានទទួលរងគ្រោះផងដែរ អំពីការការចរាចរឱសថក្លែងក្លាយ និងអន់គុណភាព ក្នុងស្ថានភាពជាប្រទេសប្រើប្រាស់។ ចំពោះមុខយើងពិនិត្យឃើញថា ការអនុវត្តការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាពនៅកម្ពុជា បានដំណើរការទៅដោយយកចិត្តទុកដាក់ខ្ពស់ និងទទួលបានលទ្ធផលល្អផងដែរ។ ហើយកម្ពុជាក៏នៅតែបន្តខិតខំប្រឹងប្រែងនិងត្រូវការសហការកាន់តែជិតស្និទ្ធថែមទៀតជាមួយបណ្តាប្រទេសក្នុងតំបន់ ពិសេសប្រទេសក្នុងទន្លេមេគង្គនេះតែម្តង ដើម្បីទប់ស្កាត់រាល់សកម្មភាពលួចផលិត ចរាចរ និងចែកចាយផលិតផលឱសថក្លែងក្លាយ និងអន់គុណភាព”។


សន្និសីទតំបន់ស្តីពីការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ បានចេញសេចក្តីថ្លែងការណ៍រួមក្រុងភ្នំពេញ ស្តីពី “ការប្រយុទ្ធប្រឆាំងប្រឆាំងឱសថក្លែងក្លាយ អន់គុណភាព និងគ្មានច្បាប់អនុញ្ញាត្តិ” ។
សេចក្តីប្រកាសរួមដែលមានកម្ពុជា ចិន ឡាវ ភូមា ថៃ និងវៀតណាម បានប្រកាសថា រដ្ឋាភិបាលរបស់យើងទាំងអស់គ្នាបានចាត់ទុកបញ្ហាសុខភាពរបស់ពលរដ្ឋជារឿងមួយដែលសំខាន់បំផុត និងជាបញ្ហាអាទិភាពដែលត្រូវគិតគូរ និងដោះស្រាយ ដោយមិនប្រកាន់ទីកន្លែង ភូមិសាស្ត្រនយោបាយ និងស្ថានភាពសេដ្ឋកិច្ចរងបស់រដ្ឋណាមួយឡើយ។ ការរីករាលដាលនៃឱសថក្លែងក្លាយ អន់គុណភាព និងគ្មានច្បាប់អនុញ្ញាត គឺជាហានិភ័យមួយដល់សុខភាពដែលអាចមើលរំលងបាន ហើយដែលបង្កឲ្យមានផលប៉ះពាល់ដល់សាកលទាំងមូល មិនតែប៉ុណ្ណោះទំហំ នៃផលប៉ះពាល់នេះក៏មិនអាចប៉ាន់ប្រមាណបាននៅឡើយ។នៅក្នុងសេចក្តីប្រកាសរួមជាប្រវត្តិសាស្ត្របានសង្កត់អំពីតថភាពមួយដែលមិនអាចប្រកែកបាន គឺថា ការផលិត ការចែកចាយ និងការលក់ដូរផលិតផលសុខាភិបាលក្លែងក្លាយ អន់គុណភាព និងគ្មានច្បាប់អនុញ្ញាត ពិតជាបានបង្កគ្រោះគ្រោះថ្នាក់ដល់សុខភាពសាធារណៈ ប៉ះពាល់ដល់សេដ្ឋកិច្ច និងការកសាងនីតិរដ្ឋ។ ចរាចរនៃឱសថក្លែងក្លាយ អន់គុណភាព និងគ្មានច្បាប់អនុញ្ញាតិ បានរីករាលដាពេញពិភពលោក។ “យើងយល់ច្បាស់អំពីតម្រូវការបន្ទាន់ក្នុងការចាត់វិធានការប្រយុទ្ធប្រឆាំងការជួញដូរនេះ តាមរយៈបណ្តោះបណ្តាលព័ត៍មាន ក្នុងស្មារតីពង្រឹងយន្តការ ព្រមទាំងការសម្របសម្រួលពីរដ្ឋមួយទៅរដ្ឋមួយ ក៏ដូចជានៅក្នុងតំបន់ទាំងមូលស្របតាមស្មារតី នៃកិច្ចព្រមព្រៀងស្តីពីបទល្មើសសុខាភិបាល”។ប្រតិភូជាន់ខ្ពស់ដែលបានចូលរួមក្នុងសន្និសីទបានសម្រេចដូចតទៅៈ បង្កើនការយល់ដឹងលើនិយមន័យនៃឱសថក្លែងក្លាយ ឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ដោយពិចារណាទៅលើការកំណត់និយមន័យនៃ “ផលិតផលសុខាភិបាលក្លែងក្លាយ អន់គុណភាព និងគ្មានច្បាប់អនុញ្ញាតិ”។ ធនាបង្កើតនូវប្រព័ន្ធច្បាប់ដដែលមានភាពប្រដំប្រសងគ្នាមួយ ដើម្បីសម្រួលដល់មន្ត្រីអនុវត្តច្បាប់ឲ្យអនុវត្តតួនាទី និងភារកិច្ចរបស់ពួកគេមានប្រសិទ្ធភាពពាក់ព័ន្ធនឹងការបង្ក្រាប និងការផ្តន្ទាទោសបទល្មើសពាក់ព័ន្ធឱសថក្លែងក្លាយ អន់គុណភាព គ្មានច្បាប់អនុញ្ញាតិ។ ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នពាក់ព័ន្ធ និងដូរព័ត៍មានរវាងគ្នាទៅវិញទៅមកក្នុងតំបន់ និងអន្តរជាតិ។ ពង្រឹងកិច្ចសហប្រតិបត្តិការថ្នាក់អន្តរជាតិ លើវិស័យទប់ស្កាត់ ស្វែងរក និងបង្ក្រាប ដើម្បីកាត់បន្ថយហានិភ័យ និងលុបបំបាត់ចោលនូវផលិតផលក្លែងក្លាយ៕អត្ថបទ៖ឃឹម វិសាល



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation