ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌឫស្សីកែវ ដាក់គ្រឿងចក្រជួសជុលផ្លូវលេខ៩៣ ក្បែរផ្សារតូច ក្នុងសង្កាត់ទួលសង្កែ ដែលរងការខូចខាតធ្ងន់ធ្ងរ

image

ភ្នំពេញ៖ នៅតាមបណ្ដោយផ្លូវលេខ៩៣ ខាងជើងផ្សារតូច ម្ដុំទួលសង្កែ ក្នុងមូលដ្ឋានសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ និងមានជង្ហុកដក់ទឹកធំៗផងនោះ ប្រជាពលរដ្ឋបានរអ៊ូរទាំពីការពិបាកក្នុងការធ្វើដំណើរឆ្លងកាត់ បន្ទាប់ពីមានភ្លៀងធ្លាក់ជាច្រើនជាប់ៗគ្នាក្នុងរយៈពេលជិត១សប្ដាហ៍មកនេះ។ 

ក្រោយពីមានការសំណូមពរពីប្រជាពលរដ្ឋ លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ បានចាត់ឲ្យមន្ត្រីជំនាញដាក់គ្រឿងចក្រកៀរបង្ហាប់ថ្មឲ្យស្អាតឡើងវិញ ដើម្បីបានធ្វើដំណើរជាបណ្ដោះអាសន្ន។ 

លោកអភិបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា តាមបណ្ដោយផ្លូវលេខ៩៣នេះ ជាគម្រោងរបស់សាលារាជធានីភ្នំពេញ ត្រៀមចាក់បេតុង ប្រវែងជាង៣០០ម៉ែត្រ។ ដូច្នេះក្រោយមានការខូចខាត មានជង្ហុក អាជ្ញាធរខណ្ឌឫស្សី កែវមានការយកចិត្តទុកដាក់ បានដាក់គ្រឿងចក្រ ធ្វើការជួសជុលកៀរបង្ហាប់ជាបណ្ដោះអាសន្ន ដើម្បីឲ្យអ្នកដំណើឆ្លងកាត់តាមបណ្ដោយផ្លូវនេះងាយស្រួលជាងមុន៕

ដោយ៖ ឌីយ៉ាម៉ង់