ព័ត៌មានជាតិ

សហព័ន្ធអារ៉ាប់រួម ផ្តល់ប្រាក់កម្ចី ជា Credit Line ចំនួន៥០០​លានដុល្លារអាមេរិក ដល់កម្ពុជា សម្រាប់ប្រើប្រាស់ ក្នុងការនាំចូលទំនិញ ពីសហព័ន្ធអារ៉ាប់រួម

image

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨​នេះ ​ទទួលជួបជាមួយ ព្រះអង្គម្ចាស់ អាម៉ាត់ ដាល់មុខ អាល់ម៉ាក់តូម (Amed Dalmook Al Maktuom) សមាជិករាជវង្ស ​សហព័ន្ធអារ៉ាប់រួម ដើម្បីជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

បើតាមប្រសាសន៍ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានប្រាប់ឲ្យដឹងថា នៅក្នុងជំនួបនេះ ព្រះអង្គបានជម្រាបជូនសម្តេចតេជោថា ព្រះអង្គមានបំណងចង់ចូលរួម ក្នុងការអភិវឌ្ឍកម្ពុជា តាមការចាប់ផ្តើមទំនាក់ទំនង និងការដាក់ទុនវិនិយោគ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ព្រះអង្គម្ចាស់ បានបង្ហាញនូវចំណាប់អារម្មណ៍ ក្នុងការវិនិយោគទៅលើឧស្ម័ន ពាណិជ្ជកម្ម និងហិរញ្ញវត្ថុ។ ពាក់ព័ន្ធនឹងបញ្ហាហិរញ្ញវត្ថុនេះ ព្រះអង្គបានជម្រាបជូនសម្តេចតេជោថា នឹងផ្តល់ជូនទឹកប្រាក់កម្ចី ជា Credit Line ចំនួន៥០០លានដុល្លារអាមេរិក ហើយសម្រាប់ប្រើប្រាស់ ក្នុងការនាំទំនិញចូលពីសហព័ន្ធអារ៉ាប់រួម ហើយនឹងពិនិត្យមើល និងការសិក្សាពីលទ្ធផលផ្សេងៗទៀត ដើម្បីធ្វើការវិនិយោគ នៅកម្ពុជា។

ឆ្លៀតឱកាសនោះដែរ ព្រះអង្គម្ចាស់ ក៏បានគោរពអញ្ជើញសម្តេចតេជោ ទៅទស្សនៈកិច្ចនូវសហព័ន្ធអារ៉ាប់រួម។ ជាការឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណ ជូនចំពោះព្រះអង្គម្ចាស់ និងប្រជាជន ក៏ដូចជាសហព័ន្ធអារ៉ាប់រួម ដែលកន្លងមកបានជួយដល់កម្ពុជា ជាពិសេសក្នុងការអភិវឌ្ឍធនធានមនុស្សផង ការកសាងមជ្ឈមណ្ឌលកុមារកំព្រាផង ដែលកុមារកំព្រាទាំងនោះ បានរងគ្រោះបាត់បង់ឪពុកម្តាយ។

ពាក់ព័ន្ធនឹងការវិនិយោគ ទៅលើវិស័យឧស្ម័ន សម្តេចតេជោបានស្វាគមន៍ ហើយក៏មានប្រសាសន៍ផងដែរថា ក្នុងករណីដែលបានវិនិយោគ លើវិស័យឧស្ម័ននេះ គឺជាការកាត់បន្ថយការកាប់ឈើធ្វើអុសដុត ហើយក៏ជួយក្នុងការគ្រប់គ្រងធនធានធម្មជាតិផងដែរ។ សម្តេចក៏បានថ្លែងអំណរគុណ ដល់ព្រះអង្គម្ចាស់ផងដែរ ចំពោះការផ្តល់នូវប្រាក់កម្ចី Credit Line ចំនួន៥០០លានដុល្លារ សម្រាប់នាំចូលទំនិញ​ មកពីសហព័ន្ធអារ៉ាប់រួម ហើយសម្តេច ក៏បានថ្លែងអំណរគុណផងដែរ ចំពោះការអញ្ជើញសម្តេច ទៅធ្វើទស្សនៈកិច្ច នៅសហព័ន្ធអារ៉ាប់រួម សម្តេចបានមានប្រសាសន៍ថា សម្តេចនឹងពិនិត្យមើល ពេលវេលាដ៏សមស្របមួយ នឹងទៅធ្វើទស្សនៈកិច្ច។

ដោយឡែក ពាក់ព័ន្ធនឹងប្រាក់កម្ចី Credit Line ចំនួន៥០០លានដុល្លារនោះ សម្តេចបានធ្វើការណែនាំឲ្យ ពិភាក្សាជាមួយនឹង ស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ដើម្បីស្វែងរកណាមួយ ក្នុងការចាប់ផ្តើម និងប្រើប្រាស់ថវិកានេះ៕ អត្ថបទ ៖ សន ពិសិដ្ឋ រូបភាព ៖ លឹម មុនី