អគ្គស្នងការនគរបាលជាតិដាក់ផែនការការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ សម្រាប់ពិធីបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដឹកនាំកិច្ចប្រជុំផែនការពារ សន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសប្រារព្ធពិធីបុណ្យខួបឯករាជ្យជាតិ ០៩វិច្ឆិកា លើកទី៦៥ បានណែនាំដល់កម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវតែការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងអ្នកដែលចូលរួមឲ្យខាងតែបាន។

នាយឧត្តមសេនីយ៍ នេត សាវឿន បានថ្លែងក្នុងកិច្ចប្រជុំថា កិច្ចប្រជុំនេះ ផ្តោតទៅលើបញ្ហាប្រឈម និងសភាពការជាក់ស្តែង ដើម្បីរួមគ្នាដោះស្រាយ ហើយគោលបំណងធំតែមួយគត់ គឺធានាសុវត្ថិភាពឲ្យបាន១០០% នៅក្នុងពិធីបុណ្យឯករាជ្យជាតិ ដែលនេះជាកិច្ចការដែលយើងត្រូវធានាចំពោះរាជរដ្ឋាភិបាល។ ក្រៅពិធីបុណ្យឯករាជ្យជាតិ គឺមានពិធីបុណ្យផ្សេងៗទៀត ដូចជានៅក្នុងខែវិច្ឆិកា ខែធ្នូ និងខែមករា ឆ្នាំ២០១៩។ ហើយសង្ឃឹមថា បទពិសោធន៍ជោគជ័យដែលបានធ្វើកន្លងមក គឺសំខាន់ការ សហការ និងមើលឲ្យឃើញពីចំណុចប្រឈម រួមទាំងវិធានការដោះស្រាយជាក់ស្តែង និងមិនឲ្យមានការផ្លោះផ្លូយទេ។

អគ្គស្នងការនគរបាលជាតិបានបញ្ជាក់ថា “គោលបំណងរបស់យើង គឺការពារឲ្យខានតែបាន ដាច់ខាតឲ្យបាន១០០%។ ហើយបុណ្យឯករាជ្យជាតិលើកទី៦៥ ខាងមុខនេះ គឺគោលដៅរបស់យើងត្រូវយកចិត្តទុកដាក់នៅជុំវិញវិមានឯករាជ្យ និងតាមដងផ្លូវ”។
នាយឧត្តមសេនីយ៍ ទូច ណារ៉ុថ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានអង្គរក្ស បានថ្លែងថា ព្រះរាជពិធីបុណ្យ ឯករាជ្យជាតិ ខួបលើកទី៦៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៩ ខែវិច្ឆិកា ខាងមុខនេះ គឺធ្វើខុសពីបណ្តាឆ្នាំមុនៗ គឺមានពីរ ពិធីដុតទៀនជ័យ នៅវិមានឯករាជ្យ និងមិទ្ទិញមហាជន នៅមុខវិមានឯករាជ្យ។ ហើយក្នុងនាមគណៈកម្មការការពារសន្តិសុខ គឺចាំបាច់ការពារសុវត្ថិភាពឲ្យបាននៅក្នុងពិធីបុណ្យឯករាជ្យជាតិ ទាំងពិធីដុតទៀនជ័យ ក៏ដូចជាពន្លត់ទៀនជ័យ នៅថ្ងៃទី១១ ខែវិច្ឆិកា។

នាយឧត្តមសេនីយ៍ ទូច ណារ៉ុថ បន្តថា ព្រះរាជពិធីបុណ្យឯករាជ្យជាតិខួបលើកទី៦៥ ឆ្នាំនេះ គឺត្រូវយកចិត្តទុកដាក់បន្ថែមទៀត ចំនួនបីចំណុច គឺទី១.នៅវិមានឯករាជ្យ ទី២.នៅព្រះបរមរាជវាំង និងទី៣.នៅតាមដងផ្លូវ។ នៅវិមានឯករាជ្យនៅព្រឹកថ្ងៃទី៩ វិច្ឆិកា មានពិធីដុតទៀនជ័យ និងព្រះមហាក្សត្រ ស្តេចយាងត្រួតពល ដែលអមដំណើរដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មកមិទ្ទិញមហាជននៅមុខវាំង។

ហើយនៅវិមានឯករាជ្យ គឺសមត្ថកិច្ចរៀបចំការពារសុវត្ថិភាពតាំងពីថ្ងៃទី០៨ ខែវិច្ឆិកា ព្រោះគេត្រូវ ដាក់កម្រងផ្កានៅវិមានឯករាជ្យ នៅព្រះបរមរូប។ ហើយនៅព្រឹកថ្ងៃទី០៩ វិច្ឆិកា ពេលដែលព្រះមហាក្សត្រ ដុតទៀនជ័យហើយ ព្រះអង្គយាងទទួលបដិសណ្ឋារកិច្ចពីឥស្សរជនជាន់ខ្ពស់មួយចំនួន ហើយព្រះអង្គនឹងយាងត្រួតពល មួយជុំវិមានឯករាជ្យ ព្រះអង្គនឹងយាមតាមព្រះទីនាំងជាមួយសម្តេចតេជោ ហ៊ុន សែន មកមុខវាំង៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation