ថ្នាក់ដឹកនាំខេត្តមណ្ឌលគីរីណែនាំឲ្យពលរដ្ឋផ្តល់កិច្ចសហការជាមួយមន្រ្តីជំនាញក្នុងការចុះបញ្ជីដីធ្លី
| ព័ត៌មានជាតិ
SHARE

មណ្ឌលគិរី៖ ឯកឧត្តម ឈឹម កាន អភិបាលរងខេត្តមណ្ឌលគិរី បានអំពាវនាវបែបនេះនៅក្នុងពិធីប្រកាសផ្សព្វផ្សាយតំបន់វិនិច្ឆ័យសម្រាប់ចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ ក្នុងភូមិស្វាយចេក សង្កាត់សុខដុម ក្រុងសែនមនោរម្យ ដែលពិធីនេះបានប្រព្រឹត្តទៅនៅសាលាសង្កាត់សុខដុម ស្ថិតនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨។


ឯកឧត្តម អភិបាលរងខេត្តមណ្ឌលគិរីបានបញ្ជាក់ថា ខេត្តមណ្ឌលគិរី មានការគាំទ្រពីកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី បន្តក្នុងការអនុវត្តការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលជាកម្មវិធីមួយមានការរួមចំណែកកាត់បន្ថយភាពក្រីក្រ និងកំពុងអនុវត្តនូវផែនការសំខាន់ៗ នៃគោលនយោបាយដីធ្លី ក្នុងការកែទម្រង់រដ្ឋបាលដីធ្លី តាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងសុវត្ថិភាព នៃការកាន់កាប់ប្រើប្រាស់ដីធ្លីសមស្រប ទប់ស្កាត់ការកាប់ដីរដ្ឋខុសច្បាប់ និងកាត់បន្ថយទំនាស់។

ឯកឧត្តម ឈឹម កាន អភិបាលរងខេត្ត បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមសហការជាមួយក្រុមការងារវាស់វែង និងចង្អុលបង្ហាញទីតាំងក្បាលដី ព្រំដី និងមានបង្គោលព្រំរឹងមាំច្បាស់លាស់ និងមានការឯកភាពគ្នា ជៀសវាងមានជម្លោះ ដើម្បីទទួលមកវិញនូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុទាំងអស់គ្នា។

តាមការបញ្ជាក់របស់ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី លោក ម៉ៅ ចំរើន បានឱ្យដឹងថា ការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ មាន៥ដំណាក់កាល៖

ទី១. ដំណាក់កាលរៀបចំឯកសារ ការកំណត់តំបន់វិនិច្ឆ័យ ការបង្កើតគណៈកម្មការរដ្ឋបាល សេចក្តីជូនដំណឹង។

ទី២. ដំណាក់កាលប្រតិបត្តិការបច្ចេកទេស គឺធ្វើការកំណត់ព្រំ វាស់វែង ធ្វើការវិនិច្ឆ័យលើក្បាល់ដី ការបញ្ចូលទិន្នន័យ និងគូក្បាលដី។

ទី៣ ដំណាក់កាលបិទផ្សាយនូវឯកសារ នៃការវិនិច្ឆ័យ ជាការបិទផ្សាយជាសាធារណៈ លើប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី ត្រួតពិនិត្យ ផ្ទៀងផ្ទាត់លេខក្បាលដី រូបរាងដី ឈ្មោះ ទំហំ ថ្ងៃខែឆ្នាំកំណើត និងធ្វើការជំទាស់តវ៉ាក្នុងករណីមានការខុសឆ្គង។


ទី៤ ដំណាក់កាលសម្រេច សម្រេចលើឯកសារវិនិច្ឆ័យ របាយការណ៍លទ្ធផលរបស់គណៈកម្មការរដ្ឋបាល ពិនិត្យសម្រេច ផ្តល់កម្មសិទ្ធចំពោះក្បាលដីណាដែលពុំមានទំនាស់ និងមិនពាក់ព័ន្ធដីរដ្ឋ។


ទី៥ ដំណាក់កាលចុះបញ្ជី បន្ទាប់ពីឯកសារ នៃការសម្រេចហើយ មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត ធ្វើការចុះបញ្ជី ចេញប័ណ្ណ និងចែកប័ណ្ណកម្មសិទ្ធជូនពលរដ្ឋម្ចាស់ដី៕ (អត្ដបទ៖ប៊ុត សុភគ៌)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation