អតីតគ្រូសាលាបាក់ទូក២រូបសម្តែងក្តីរំភើបចំពោះក្រុមសិស្សនាទសវត្សទី៨០!
| ព័ត៌មានជាតិ
SHARE

នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ អតីតសិស្សសាលាបាក់ទូកនាឆ្នាំ៨០ មួយក្រុម រួមជាមួយអតីតគ្រូគណិតវិទ្យាដ៏ល្បីមួយរូបប្រចាំសាលាបាក់ទូកក្នុងអតីតកាល គឺលោកគ្រូ គុំ ពិន បាននាំយកថវិកា៣៤០០ដុល្លាព្រមជាមួយគ្រឿងឧបភោគមួយចំនួន ទៅប្រគល់ជូននិងសួរសុខទុក្ខ អតីតលោកគ្រូ សាលាបាក់ទូកពីររូប គឺលោកគ្រូ សេន សុន្ទរា អតីតគ្រូខ្មែរ និងលោកគ្រូ គឹម សារី អតីតគ្រូភូមិវិទ្យា ដែលបានចូលនិវត្តន៍និងឋិតក្នុងវ័យចាស់ជរា សម្រាកនៅផ្ទះ ។

ចំពោះការយកចិត្តទុកដាក់ប្រកបដោយការគោរពដឹងគុណ របស់អតីតសិស្សសាលាបាក់ទូកមួយក្រុមនេះចំពោះអតីតលោកគ្រូអ្នកគ្រូគ្រប់គ្នារបស់ពួកគេ គឺបានធ្វើមកជាហូរហែរ អស់រយៈពេលជិតពីរឆ្នាំមកហើយ បន្ទាប់ពីសិស្សទាំងនេះ បានស្វះស្វែងរកគ្នាចងក្រងជាក្រុមក្នុងប្រព័ន្ធ WhatsApp តាមរយៈមិត្តភក្តិស្គាល់តៗគ្នា ក្រោមការផ្តួចផ្តើមគំនិតរបស់លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ រហូតអាចរកឃើញគ្នា មកពីគ្រប់ទិសទីជុំវិញពិភពលោក បានដល់ទៅជិត300នាក់។


រយៈពេលជិត២ឆ្នាំមកនេះ អតីតសិស្សសាលាបាក់ទូកមួយក្រុមខាងលើ ក៏ដូចជា អតីតលោកគ្រូអ្នកគ្រូចាស់ៗ តែងតែបានជួបគ្នា រំលឹកនូវ អនុស្សាវរីយ៍កាលរៀនជាមួយគ្នានាទសវត្សទី៨០ តាមដានពីសុខទុក្ខគ្នាទៅវិញទៅមក រឹតចំណងមិត្តភាពកាន់តែស្និតស្នាល និងបានរួបរួមសាមគ្គីជួយគ្នា ពេលដែលមាន មិត្តឬគ្រូណាម្នាក់ជួបការលំបាក មានជម្ងឺ ឬជួបអាសន្ន តាមរយៈការតាមដានសុខទុក្ខ និង ឧត្ថម្ភ សម្ភារៈ ថវិកា ជូនដល់ពួកគាត់ជាបន្តបន្ទាប់ ព្រមទាំងបានរួមគ្នាបរិច្ចាគធនធាន ផ្ទាល់ខ្លួន ចូលរួមកសាង សមិទ្ធផល ជាច្រើនក្នុងសាលាបាក់ទូក សរុបជាថវិកាដែលសិស្សទាំងនេះបរិច្ចាគរួមជួយគ្នាជិត០២ឆ្នាំមកនេះប្រហែលជាង១០ម៉ឺនដុល្លារផងដែរ។


ឋិតក្នុងបរិយាកាសរំភើបត្រេតអរចំពោះទឹកចិត្តសិស្សទាំងឡាយ លោកគ្រូវ័យចំណាស់ទាំង២រូប បានរំលឹកអំពីភាពជូរចត់ក្នុង សម័យខ្មៅងងឹតនៃរបបប្រល័យពូជសាសន៍ប៉ុលពត ដែលពេលនោះគឺវេទនាខ្លាំងណាស់ ម្នាក់ៗមិនមានសេរីភាព សូម្បីតែលើកដៃ បន់ព្រះសំពះទេវតា ប្រាថ្នាសុំត្រឹមតែ ហូបឆ្អែតមួយពេលក៏មិនបានផង រីឯទំនៀមទំលាប់ វប្បធម៌ ប្រពៃណី សាសនា ការអប់រំ ហេដ្ឋារចនាសម្ព័ន្ធ និង មរត៌កផ្សេងៗទៀត របស់កម្ពុជាត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង។ នឹកដល់សម័យដ៏ខ្មៅងងឹតនោះ ម្នាក់ៗសឹងតែមិនជឿថា អាចរស់រៀន មានជីវិតបានឃើញពីការរីកចម្រើន របស់ប្រជាជាតិខ្មែរនិងបានរស់នៅ សុខដុមរមនាជួបជុំគ្រួសារ ជួបជុំមិត្តភក្តិ ដូចសព្វថ្ងៃនេះឡើយ លោកព្រឹទ្ធាចារ្យទាំងពីរបានសម្តែង ការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះគុណបំណាច់នៃថ្ងៃរំដោះ៧មករា ដែលនាំដឹកនាំដោយឥស្សរជនសំខាន់ៗរបស់គណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យកម្ពុជារួចផុតពីរបបខ្មៅងងឹត ជាពិសេសគឺសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុនសែន ដែលជាអគ្គមគ្គុទេស៍ដ៏ឆ្នើម ក្នុងការនាំយកសុខសន្តិភាពពេញលេញ ជាមួយការអភិវឌ្ឍន៍រីកចម្រើន មកជូនកម្ពុជា ក្រោមនយោបាយ ឈ្នះ ឈ្នះ ដ៏មហិមាចារជាប្រវត្តិសាស្ត្រដែលមិនមានជនណាអាចបំភ្លៃបាន។ លោកព្រឹទ្ធាចារ្យទាំង២រូប ក៏បានផ្តាំផ្ញើដល់សិស្សទាំងឡាយសូមឲ្យខំប្រឹងប្រែង ចូលរួមថែរក្សាសន្តិភាពដែលប្រទេសជាតិយើងកំពុងមាននិងរកបានដោយលំបាកនេះ ឲ្យឋិតថេរគង់វង្សជានិច្ចនិរន្តរ៍តទៅ ៕(គន្ធ តារាវិឆ័យ)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation