ក្រោយពីផ្ទុះការត៉វា មេធាវីការពារក្តីលើសំណុំរឿងប្រមាថព្រះ បានភៀសខ្លួនចេញពីប្រទេសប៉ាគីស្ថានហើយ
| ព័ត៌មានអន្តរជាតិ
SHARE

ប៉ាគីស្ថាន៖ លោកមេធាវី Saiful Malook ដែលការពារក្តីដែលបានជួយស្ត្រីឥស្លាម ដែលគោរពសាសនាគ្រឹស្តឈ្មោះAsia Bibi ឱ្យបានរួចទោសពីបទចោទប្រកាន់ប្រមាថព្រះ បន្ទាប់ពីចំណាយពេលប្រាំបីឆ្នាំក្នុងការតស៊ូក្តីនោះ បានរត់ភៀសខ្លួនចេញ ពីប្រទេសប៉ាគីស្ថានហើយ ព្រោះតែព្រួយចំពោះសុវត្ថិភាពរបស់គាត់។ នេះបើតាមការបញ្ជាក់ពីបងប្រុសរបស់មេធាវី រូបនេះកាលពីថ្ងៃសៅរ៍។

លោក James Masih បាននិយាយថា ប្អូនប្រុសរបស់លោក បានចាកចេញពីប្រទេសប៉ាគីស្ថាន ប៉ុន្តែលោកមិនបានផ្ដល់ ព័ត៌មានលម្អិតទេ ហើយទូរស័ព្ទមេធាវីរូបក៏មិនអាចទាក់ទងបានដែរ។
តុលាការកំពូលរបស់ប្រទេសប៉ាគីស្ថានបានសម្រេចថា ស្ត្រីគ្រីស្ទាន Asia Bibi គ្មានទោសកាលពីថ្ងៃ៣១ តុលា ឆ្នាំ២០១៨ ហើយបានបញ្ជាឱ្យ ដោះលែងនាង ប៉ុន្តែការសម្រេចនេះបានបង្កជាកំហឹងយ៉ាងខ្លាំងពីសំណាក់ក្រុមឥស្លាមប្រកាន់តឹង ហើយបានដឹកនាំក្បួនបាតុកម្ម តវ៉ានៅទូទាំងប្រទេស ដោយទាមទារឱ្យមានការប្រហារជីវិតស្រ្តីខាងលើ។

បន្ទាប់ពីកើតមានបាតុកម្មតវ៉ាបែបនេះ រដ្ឋាភិបាលប៉ាគីស្ថានបាន ព្រមព្រៀងជាមួយក្រុមអ៊ិស្លាមនិយមទាំងនោះ ដោយយល់ព្រម ដាក់បំរាមហាមមិនអោយ អ្នកស្រី Asia Bibi ចាកចេញពីប្រទេសនេះឡើយ កំឡុងពេលដែលសំណុំរឿងនេះ កំពុងត្រូវបាន ពិនិត្យឡើងវិញនោះ។ ជាការឆ្លើយតបក្រុមអ៊ិស្លាមនិយម ក៏បានបញ្ឈប់ការតវ៉ារបស់ពួកគេ ដែលធ្វើឱ្យផ្លូវសំខាន់ៗក្នុងទីក្រុង Islamabad ត្រូវបានជាប់គាំង ដោយបង្កអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការធ្វើចរាចរណ៏និងជំនួញជួញដូរ នៅផ្នែកជាច្រើន ក្នុងប្រទេសនេះ។

លោកមេធាវី Saiful Malook បានប្រាប់កាសែត The Associated Press កាលពីដើមសប្តាហ៍នេះថា លោកគ្រោងនឹង ចាកចេញពី ប្រទេសប៉ាគីស្ថាន ដោយសារតែក្រុមអ្នកកាន់សាសនាឥស្លាមនិយមតឹង លោក Khadim Hussain Rizvi បានគំរាមសំលាប់រុបលោក ក៏ដូចជាចៅក្រមដែលបានដោះលែងអ្នកស្រី Asia Bibi នោះ។

កាសែតអ៊ីតាលី Corriere della Sera បានរាយការណ៍ថា លោក Saiful Malook បានឆ្លងកាត់ទីក្រុងRome តាមផ្លូវទៅកាន់ទីក្រុង Amsterdam ដែលជាទីតាំងលោកគ្រោងនឹងធ្វើសន្និសិទនៅទីនោះនៅសប្តាហ៍ក្រោយ មុនពេលដែលនឹងផ្លាស់ទៅរស់នៅក្នុង ទីក្រុង London នោះ។

ការពោលពាក្យប្រមាថប្រឆាំងនឹងសាសនាអ៊ិស្លាម អាចត្រូវបានផ្តន្ទាទោសដោយប្រហារជីវិតនៅក្នុងប្រទេសប៉ាគីស្ថាន ហើយកាលពីឆ្នាំ២០១១ លោក Salman Taseer អភិបាលខេត្តPunjab ត្រូវបានបាញ់សម្លាប់ដោយឆ្មាំសន្តិសុខម្នាក់ ដោយសារតែ លោកការពារ ស្ត្រីគ្រីស្ទាន Asia Bibi និងរិះគន់ទៅដល់ច្បាប់ប្រមាថព្រះនេះ។

ដែលកាលនោះឃាតករឈ្មោះ Mumtaz Qadri ត្រូវបានគេប្រហារជីវិតដោយព្យួរកពីបទឃាតកម្មខាងលើ ប៉ុន្តែឃាតករូបនេះគឺត្រូវបានលើកតម្កើងពីសំណាក់អ្នកកានសាសនា ឥស្លាមដោយចាត់ទុកឃាតករថា ជាមនុស្សម្នាក់ដែលហ៊ានពលីដើម្បីការពារព្រះរបស់ខ្លួន ហើយជនម៉ូស្លីមរាប់លាននាក់ បាននាំគ្នាមកគោរពវិញ្ញាណកន្ខន្ធលោកនៅសក្ការបូជាមួយតដែលបានបង្កើតឡើងនៅជិតទីក្រុង Islamabad

សូមជំរាបថា អ្នកស្រី Asia Bibi ត្រូវបានគេចាប់ខ្លួនក្នុងឆ្នាំ២០០៩ ពីបទចោទប្រកាន់ថា នាងបានប្រមាថដល់ព្យាការីម៉ូស្លីមរបស់ សាសនាឥស្លាម ក្នុងអំឡុងពេលមានជម្លោះជាមួយអ្នកធ្វើស្រែចំការនៅក្បែរគ្នា ប៉ុន្តែក្រុម គ្រួសារនិងមេធាវីរបស់នាងបាន បដិសេធថា នាងមិនធ្លាប់ប្រមាថសាសនាអ៊ីស្លាមនោះទេ។

ក្រុមអង្គការសិទ្ធិមនុស្សបានអំពាវនាវឱ្យមានការដោះលែង អ្នកស្រី Asia Bibi និងរិះគន់ដល់ច្បាប់ប្រមាថព្រះនេះ ដោយនិយាយថា ច្បាប់នេះត្រូវបានប្រើប្រាស់សម្រាប់បែងចែកវណ្ណៈនិងរំលោភបំពានសិទ្ធិទៅលើគ្មានជំនឿលើសាសនាមូស្លីម។ប៉ុន្តែតុលាការបានប្រកាន់ខ្ជាប់ក្នុងការអនុវត្តច្បាប់នេះ ប៉ុន្ដែតុលាការបាននិយាយថា គេមិនមានភស្តុតាងគ្រប់គ្រាន់ដើម្បីកាត់ទោសអ្នកស្រី Asia Bibi
ឡើយ។

ឈានមកដល់ដំណក់កាលនេះ គេនៅមិនទាន់ដឹងថា តុលាការជាន់ខ្ពស់របស់ប្រទេសប៉ាគីស្ថាន នឹងធ្វើការផ្លាស់ប្តូរការសម្រេចចិត្ត របស់ខ្លួនបែបណានោះទេ ប៉ុន្តែបើការវិភាគពីក្រុមអ្នកច្បាប់ រំពឹងថា តុលាការនឹងត្រូវចំណាយពេលជាច្រើនឆ្នាំដើម្បីពិនិត្យឡើង វិញលើសំណុំរឿងនេះ ហើយទុក្ខវេទនារបស់ អ្នកស្រី Asia Bibi អាចនឹងបន្តរហូតដល់ការពិនិត្យមើលឡើងវិញត្រូវបានបញ្ចប់ រួចរាល់។

លោក Ashiq Masih ប្តីរបស់អ្នកស្រី Asia Bibi បានវិលត្រឡប់មកពីប្រទេសអង់គ្លេសវិញជាមួយកូន ៗ កាលពីពាក់កណ្តាល ខែតុលា ហើយកំពុងរង់ចាំការដោះលែងរបស់នាង ដោយរំពឹងថា ពួកគេអាចចាកចេញពីប្រទេសប៉ាគីស្ថាន។
ទោះបីជាគ្រួសារនេះមិនបានបង្ហាញទិសដៅរបស់អ្នកស្រី Asia Bibi ក៏ដោយ មកដល់ពេលនេះ រដ្ឋាភិបាលបារាំងនិងអេស្ប៉ាញ បានប្រកាសផ្តល់សិទ្ធិជ្រកកោនដល់ពួកគេ៕

ប្រែសម្រួលដោយ ៖អោម ចែតច័ន្ទណារ៉ា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation