ដំណាំពុទ្រាខ្មែរធម្មជាតិដាំដុះដោយកសិករឃុំរអាង ស្រុកកំពង់សៀមចាប់ផ្តើមប្រមូលផលជាមួយតម្លៃសមរម្យនៅលើទីផ្សារ
| ព័ត៌មានជាតិ
SHARE

កំពង់ចាម៖ ផ្លែពុទ្រាគឺជាឈើហូបផ្លែមួយក្នុងចំណោមផ្លែឈើជាច្រើនទៀតដែលប្រជាពលរដ្ឋទូទៅចូលចិត្តទទួលទាន អាស្រ័យ ទៅលើចំណង់ចំណូលចិត្តនៃអ្នកបរិភោគ ដោយផ្លែពុទ្រាខ្លះមានរសជាតិផ្អែមស្រួយស្អិត ចត់ ជូរ ជូរអែម ជាដើម ហើយគេអាច ទទួលទានជាផ្លែស្រស់ ត្រាំទឹកអំបិល ឫចុចជាមួយអំបិលម្ទេស ហើយចំពោះពុទ្រាទុំគេអាចយកទៅឈឹងជាមួយស្ករ ប្រកបដោយ រសជាតិឆ្ងុយឆ្ញាញ់ទៀតផង។

បើតាមលោកពូ យឿន ធី ដែលជាម្ចាស់ចំការពុទ្រាស្ថិតនៅក្នុងឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាមបានបញ្ជាក់ថា គាត់មាន ផ្ទៃដីសរុបសម្រាប់ធ្វើស្រែចំការប្រមាណ១ហិកតា ហើយក្រៅពីការធ្វើស្រូវ គាត់បានទុកដីមួយចំណែកសម្រាប់ ដាំដុះដើមពុទ្រាខ្មែរ ប្រមាណ៣០ដើម។ លោកពូ យឿន ធី បន្តថា ចំពោះការប្រមូលផលគឺអាចចាប់ផ្តើមប្រមូលផលបាន ក្នុងរដូវភ្ជុំបិណ្ឌរហូតមកដល់ ពេលនេះ និងរហូតដល់បំណាច់ឆ្នាំនីមួយៗ។

ហើយសម្រាប់ឆ្នាំនេះការប្រមូលផលបានតិចជាងឆ្នាំកន្លងទៅ ដោយសារតែ ទឹកទន្លេ ឆ្នាំនេះទៅឡើងធំនិងអូសបន្លាយយូរ ម៉្យាងវិញទៀតម្ចាស់ចំការបញ្ជាក់ទៀតថា គាត់មិនមានប្រើប្រាស់ថ្នាំពុល និងជីគីមីក្នុងការដាំ ពុទ្រានោះទេ គឺដាំនិងដុះទៅតាមធម្មជាតិរបស់វា គ្រាន់តែមើលថែសំអាតនៅជុំវិញបរិវេណចំការពុទ្រាតែប៉ុណ្ណោះ។

ទាក់ទងទៅនឹងការប្រមូលផលផ្លែពុទ្រាស្ថិតនៅក្នុងឃុំរអាង ស្រុកំពង់សៀម ខេត្តកំពង់ចាមនេះដែរ គឺម្ចាស់ចំការអាចប្រមូលលក់ ទៅកាន់ទីផ្សារនៅក្នុងតំលៃពីរផ្សេងគ្នា ដោយផ្លែពុទ្រាតូចៗគឺអាចលក់បានតំលៃ៤ពាន់រៀលក្នុង១គីឡូក្រាម និងសំរាប់ផ្លែពុទ្រាធំៗ ដែលមានទំហំប៉ុនមេជើងគឺលក់ក្នុងតំលៃ៧ពាន់រៀលក្នុង១គីឡូក្រាម ហើយប្រាក់ចំណូលនៃការដាំដើមពុទ្រាខ្មែរនេះ ត្រូវបាន កសិកររបស់នៅឃុំរអាង អះអាងថា ពិតជាបានជួយសម្រួលទៅដល់ជីវភាពរស់នៅរបស់ពួកគាត់បានមួយកម្រិត ក្រៅពីការប្រកប មុខរបរផ្សេងៗ។

សូមបញ្ជាក់ថា ផ្លែពុទ្រា ក្នុងភាសាអង់គ្លេសថា« Jujube» គឺជាប្រភេទផ្លែឈើមួយសំបូរទៅដោយវីតាមីនC ហើយការទទួលទាន ផ្លែពុទ្រា គឺផ្តល់គុណប្រយោជន៍ច្រើនចំពោះសុខភាព ជាពិសេសជួយទៅលើការពង្រឹងបេះដូង ជួយការពារជម្ងឺមហារីក និងជួយ ទៅដល់ការទទួលដំណេកលង់លក់ស្រួលជាដើម៕
អត្ថបទ៖ហ៊ាង ថាច


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation