កម្ពុជា នាំចេញគ្រាប់ស្វាយចន្ទីទៅវៀតណាម ធ្លាក់ចុះជាង ៤៣% នៅក្នុងរយៈពេល ៤ខែឆ្នាំ ២០២២នេះ

អត្ថបទ៖ ចេង ឆហួត
ភ្នំពេញ៖ ប្រទសកម្ពុជា បាននាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ប្រទេសវៀតណាម សម្រេចបានក្នុងបរិមាណសរុបជាង ៥០ម៉ឺនតោន ក្នុងតម្លៃទឹកប្រាក់ប្រមាណ ៧៦៧លានដុល្លារ នៅក្នុងរយៈពេល ៤ខែ ឆ្នាំ ២០២២នេះ។ តួលេខនៃបរិមាណនាំចេញនេះ បានធ្លាក់ចុះ ៤៣,៤៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើផ្អែកតាមទិន្ន័យរបស់សមាគមគ្រាប់ស្វាយ ចន្ទីកម្ពុជា។
លោក អួន ស៊ីឡុត ប្រធានសមាគមគ្រាប់ស្វាយចន្ទីកម្ពុជា (សសក) បានឲ្យដឹងថា តាមការវាយតម្លៃរបស់សមាគម នៅឆ្នាំនេះ ប្រទេសកម្ពុជាអាចផលិតគ្រាប់ស្វាយចន្ទីបានចន្លោះ ៥៧ម៉ឺនតោន ទៅ ៦០ម៉ឺនតោនប៉ុណ្ណោះ ដោយសារបញ្ហាអាកាសធាតុមិនអំណោយផល។
លោកបានអះអាងថា ការវាយតម្លៃរបស់សមាគមដោយផ្អែកទៅលើការស្រាវជ្រាវ និងតាមដានអំពីព័ត៌មានពីទីផ្សារពិភពលោក និងព័ត៌មានអាកាសធាតុ ព្រមទាំងបានចុះផ្ទាល់ដល់ចម្ការទាំង ១០ខេត្តគោលដៅ។ កាលពីខែមករា ឆ្នាំ២០២២ សមាគមបានវាយតម្លៃទិន្នផលស្វាយន្ទីធ្លាក់ចុះ ១០% ទៅ ៣០% ក្រោយមកបានទម្លាក់រហូតដល់ ៥០%។
លោកបានបញ្ជាក់ថា មូលហេតុចម្បងដែលធ្វើឲ្យការនាំចេញគ្រាប់ស្វាយចន្ទីឆៅមានការធ្លាក់ចុះនៃបរិមាណនេះ បណ្តាលមកពីការថយចុះនៃទិន្នផលគ្រាប់ស្វាយចន្ទីនៅកម្ពុជាឆ្នាំនេះ គ្រាដែលមានភ្លៀងធ្លាក់ច្រើនកាលពីដើមឆ្នាំនេះ បានធ្វើផ្កាស្វាយចន្ទីខូចខាត ពុំសូវកាន់ផ្លែ និងខូចគុណភាពគ្រាប់របស់វាផងដែរ។
ម៉្យាងទៀតលោកថា វាគួបផ្សំនឹងវិបត្តិពិភពលោក និងជី ថ្នាំកសិកម្មឡើងថ្លៃ និងប្រេងឡើងថ្លៃ ដែលបង្កផលប៉ះពាល់ដល់អ្នកដាំស្វាយចន្ទីជាខ្លាំង ជាពិសេសកសិករខ្នាតតូចប្រឈមនឹងការខាតបង់។ ហើយថា បច្ចុប្បន្នកម្ពុជា នៅសល់គ្រាប់ស្វាយចន្ទីស្ងួត នៅស្តុកក្នុងឃ្លាំងប្រមាណ ១០ម៉ឺនតោនទៀតផងដែរ។
ទន្ទឹមនឹងនេះ ប្រធានសមាគមគ្រាប់ស្វាយចន្ទីកម្ពុជារូបនេះ បានអះអាងថា បើទោះជាគ្រាប់ស្វាយចន្ទីសើមធ្លាក់ថ្លៃក៏ដោយ ក៏សមាជិកសមាគម មិនសូវជាមានបញ្ហាខាតបង់ដែរ ដោយហេតុថា សមាគមបានចុះជួយពួកគាត់ដល់ចម្ការ ដើម្បីផ្តល់ជាមតិដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។ ម្យ៉ាងវិញទៀត សមាគម ក៏បានទាក់ទាញក្រុមហ៊ុនមួយចំនួនដើម្បីទិញគ្រាប់ស្វាយចន្ទីស្ងួត។
បើតាមលោក អួន ស៊ីឡុត បានគូសបញ្ជាក់ថា បច្ចុប្បន្នតម្លៃគ្រាប់ស្វាយចន្ទីស្ងួតតម្លៃចន្លោះពី ១៣០០ដុល្លារ ទៅ ១៥០០ដុល្លារ ក្នុងមួយតោន។
សូមបញ្ជាក់ថា ក្រុមហ៊ុនដែលបានសហការជាមួយ សមាគមគ្រាប់ស្វាយចន្ទីកម្ពុជា និងកំពុងទិញគ្រាប់ស្ងួតមាន Ample, Olam, Akapura, Intersnack, wellwilling, សហគ្រាសឆុនហាយ, សហគ្រាសជ័យសំបូរ, សិប្បកម្មស្ទឹងត្រែង។ ចំណែកអ្នកទិញមកពីចិន និងឥណ្ឌា ត្រូវការគ្រាប់ស្ងួតគុណភាពល្អដ្បិតការដឹកជញ្ជូនវែងឆ្ងាយ និងចំណាយពេលយូរ។ រីឯអ្នកទិញមកពីវៀតណាមទិញគ្រាប់សើម តម្លៃថោក ពួកគេយកមកហាលនៅតាមព្រំដែន សំរ៉ាំងគុណភាពគ្រាប់ គ្រាប់ឲ្យល្អលក់ឲ្យរោងចក្រ ចំណែកគ្រាប់អន់គុណភាពលក់ឡៃឡុង៕
