ព័ត៌មានជាតិ

សួនរុក្ខជាតិអង្គរ ដែលដាំដើមរុក្ខជាតិ ផ្កានិងឈើហូបផ្លែប្រមាណ៥០០ប្រភេទត្រូវបានបើកសម្ពោធជាផ្លូវការ

image

អត្ថបទ៖ ជា ស្រស់

សៀមរាប៖ សួនរុក្ខជាតិអង្គរ ដែលជាប្រភេទរមណីយដ្ឋានកែច្នៃ ទំហំជាង១៥ហិកតា ក្នុងក្រុងសៀមរាប ដោយអាចចាត់ទុកថាជាសួនមានលក្ខណៈពិសេសលើសសួនកម្សាន្តដទៃទៀតនៅក្នុងប្រទេសកម្ពុជា ត្រូវបានបើកសម្ពោធជាផ្លូវការហើយ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ឆ្នាំ២០២២។

ពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ ធ្វើឡើងដោយមានការអញ្ជើញចូលរួមពីលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ​រួមទាំងអ្នកពាក់ព័ន្ធជាច្រើនទៀត។

​លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រីថ្លែងគាំទ្រាំចំពោះការបង្កើតជាសួនរុក្ខជាតិអង្គរដ៏មានសារៈសំខាន់មួយនេះឡើង។លោកថាសួនរុក្ខជាតិអង្គរនេះ មានលក្ខណៈពិសេសណាស់ក្នុងការអភិរក្សរុក្ខជាតិខ្មែរសំខាន់ៗ ជាពិសេសគឺរុក្ខជាតិដែលអាចយកមកផ្សំធ្វើជាឱសថព្យាបាលរោគផង​។

«សួនរុក្ខជាតិអង្គរនេះក្រៅតែពីដាំរុក្ខជាតិអាចផ្សំជាឱសថ ដែលជាគំនិតដ៏សំខាន់នោះ វាក៏មានប្រយោជន៍សំខាន់មួយទៀតគឺជួយដល់វិស័យបរិស្ថាន នៃដំណើរការប្រែប្រួលអាកាសធាតុ ដោយបានផ្ដល់ជាម្លប់និងបញ្ចេញអុកហ្ស៊ីហ្សែន​សម្រាប់ប្រព័ន្ធដកដង្ហើមផងដែរ»។

លោក ជា សុផារ៉ា មានប្រសាសន៍ទៀតថាការផ្ដួចផ្ដើមគំនិតបង្កើតសួនរុក្ខជាតិអង្គរ ដើម្បីជួយដល់ការប្រែប្រួលអាកាសធាតុនៅតំបន់អង្គរនេះ ចាត់ទុកថាជាការលើកស្ទួយដល់វិស័យបរិស្ថានផងនិងលើកស្ទួយដល់សុខភាពសាធារណនិងភ្ញៀវទេសចរ​ផង។​

សូមជម្រាបថា សួនរុក្ខជាតិអង្គរនេះ បានបែងចែកទៅជា៥ផ្នែក គឺផ្នែកទី១ជាសួនគ្រឿងទេសនិងសួនរុក្ខជាតិឱសថ ផ្នែកទី២គឺជាសួនផ្កាស្មៅនិងផ្កាចម្រុះ ផ្នែកទី៣ជាសួនអំបូរត្នោត ដែលដាំរុក្ខជាតិអំបូរត្នោតច្រើនប្រភេទ។ ចំណែកផ្នែកទី៤ជាសួនខ្មែរ ដែលប្រមូលផ្តុំដោយឈើហូបផ្លែច្រើនប្រភេទមានទាំងឈើហូបផ្លែក្នុងប្រទេសនិងឈើនាំចូលពីបរទេសផង។ចំពោះផ្នែកទី៥វិញគឺសួនព្រៃឈើនិងសត្វព្រៃអង្គរ ដែលសួននេះជាផ្នែកមួយនៃព្រៃឈើ ក្នុងតំបន់រមណីយដ្ឋានអង្គរ ប៉ុន្តែវាត្រូវបានកែច្នៃឱ្យមានផ្លូវដើរមានទឹកដើម្បីឱ្យកាន់តែមានសម្រស់និងភាពទាក់ទាញថែមទៀត៕