ព័ត៌មានជាតិ

លោកបណ្ឌិត ហ៊ុន ម៉ាណែត សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុង ផ្លូវក្រាលកៅស៊ូ និងផ្លូវក្រាលកៅស៊ូ DBST ចំនួន ៤២ខ្សែ ប្រវែង ៣១.៩១៧ ម៉ែត្រ នៅក្នុងក្រុងកំពង់ចាម 

image

កំពង់ចាម៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃទី១២ ខែឧសភានេះ បានអញ្ជើញក្នុងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុង ផ្លូវក្រាលកៅស៊ូ និងផ្លូវក្រាលកៅស៊ូ DBST ចំនួន ៤២ ខ្សែ ប្រវែង ៣១.៩១៧ ម៉ែត្រ នៅក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម។

មានប្រសាសន៍ក្នុងឱកាសនោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត

បានចូលរួមអបអរសាទរចំពោះសមិទ្ធផលផ្លូវចំនួន ៤២ ខែ្ស ប្រវែងជិត ៣២ គីទ្បូម៉ែត្រ ស្ថិតក្នុង ០៤ សង្កាត់នៃក្រុងកំពង់ចាម ដែលត្រូវបានដាក់សម្ពោធជាផ្លូវការសម្រាប់បម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅមក ដើម្បីប្រកបរបររកទទួលទាន និងការសិក្សារៀនសូត្រ ក៏ដូចជាតម្រូវការចាំបាច់នានា សំដៅធានាបាននូវក្តីសង្ឃឹមលើអនាគតដ៏រុងរឿង។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍លើកឡើងថា ខេត្តកំពង់ចាម ក៏ដូចជាខេត្តនានានៅទូទាំងប្រទេស ធ្លាប់បានទទួលរងនូវផលប៉ះពាល់យ៉ាងដំណំដោយសារសង្គ្រាម ជាពិសេសក្នុងអំទ្បុងទសវត្សរ៍ ឆ្នាំ៧០ ដែលបានបង្កនូវវិនាសកម្ម និងការបំផ្លិចបំផ្លាញធំធេងលើគ្រប់វិស័យ រួមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានាផងដែរ ហើយប្រជាពលរដ្ឋដែលធ្លាប់បានឆ្លងកាត់កាលៈទេសៈទាំងនោះ និងដែលបានបន្តនៅរស់រានមានជីវិតមកទល់បច្ចុប្បន្ន ពិតជាបានយល់ច្បាស់ណាស់នូវការឈឺចាប់ និងការភ័យខ្លាចទាំងនោះ ជាពិសេសអំពីតម្លៃនៃសន្តិភាព ដែលកម្ពុជាកំពុងមានដូចពេលបច្ចុប្បន្ន ដោយបាននាំមកនូវការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ រួមជាមួយនឹងកិត្តិយស និងកិត្យានុភាពស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិទាំងក្នុងតំបន់ និងសាកលលោក។

ជាមួយគ្នានេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងបន្ថែមថា សម្តេចតេជោ នាយករដ្ឋមន្ត្រី ធ្លាប់បានរំឭកជារឿយៗថា បើផ្លូវដាច់ គេអាចតភ្ជាប់វិញបាន ប៉ុន្តែប្រសិនបើជីវិតបាត់បង់ នោះគឺមិនអាចវិលត្រឡប់មកវិញទ្បើយ។ ដូច្នេះហើយ បានជា សម្តេច តែងបានខិតខំគិតគូរធ្វើយ៉ាងណារក្សាការពារអាយុជីវិតរបស់ប្រជាពលរដ្ឋជាកត្តាអាទិភាពចម្បងបំផុត ដែលសច្ចភាពនេះ ក៏ត្រូវបានឆ្លុះបញ្ចាំងជាក់ស្តែងតាមរយៈស្ថានការណ៍ប្រវត្តិសាស្រ្តជាច្រើន ហើយដែលចុងក្រោយនេះ គឺក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយ សម្តេចតេជោ បានពិចារណាគិតគូរគ្រប់ជ្រុងជ្រោយ និងបានសម្រេចអារកាត់ប្រកបដោយការទទួលខុសត្រូវ និងលឿនរហ័ស ដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋឱ្យរួចផុតពីហានិភ័យនៃមហាគ្រោះថ្នាក់បង្កដោយជំងឺកូវីដ-១៩ ដែលទល់ពេលនេះបានឆក់យកជីវិតមនុស្សប្រមាណជាង ៦ លាននាក់ មកហើយនៅលើពិភពលោក។  លើលពីនេះ សម្តេចតេជោ ក៏តែងបានកំណត់យកទិសដៅអាទិភាពចំនួន ៤ រួមមាន៖ មនុស្ស ផ្លូវ ទឹក និងភ្លើង ដើម្បីជំរុញការលើកម្ពស់កម្រិតជីវភាព សុខភាព សុខុមាលភាព និងចំណេះដឹងរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានភាពប្រសើរទ្បើង៕