វិស័យអប់រំ ជាថ្នាលបណ្ដុះចំណេះវិជ្ជា ទំពាំងស្នងឬស្សីនៃសសៃឈាមមាតុភូមិ
| ព័ត៌មានជាតិ
SHARE

មណ្ឌលគិរី៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកបវេសនកាលថ្មី ឆ្នាំសិក្សា២០១៨-២០១៩ នៅវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីគ្រប់មន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨។

អភិបាលខេត្តមណ្ឌលគិរី បានអានសារលិខិតរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងថ្ងៃបើកបវេសនកាលថ្មីនេះ។បន្ទាប់មក ឯកឧត្តម ស្វាយ សំអ៊ាងមានប្រសាសន៍ថា ថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៨-២០១៩នេះ គឺជាថ្ងៃដែលមានអត្ថន័យដ៏ជ្រាលជ្រៅមួយ សម្រាប់វិស័យអប់រំ និងជាថ្ងៃបើកទំព័រឆ្នាំសិក្សាថ្មី សម្រាប់ក្មួយៗសិស្សានុសិស្សក្នុងវ័យសិក្សា ដែលជាកុលបុត្រកុលធីតា ជាទីស្រឡាញ់របស់យើងគ្រប់គ្នា ដើម្បីចូលរៀនថ្មី ឬបន្តការសិក្សាពីថ្នាក់ដំបូងសម្រាប់កុមារ រហូតទៅថ្នាក់ខ្ពស់ៗបន្តទៀត។ ឯកឧត្តម បានមានប្រសាសន៍បន្តថា ទិវាដ៏មានសារៈសំខាន់នេះ ត្រូវបានប្រារព្ធធ្វើឡើង ក្នុងបុព្វហេតុលើកតម្កើងវប្បធម៌ស្រឡាញ់ការសិក្សារៀនសូត្រ ជាការរំលឹកដាស់តឿនកូនខ្មែរគ្រប់រូបដែលជាទំពាំងស្នងឬស្សី ដើម្បីបន្តវេនអភិវឌ្ឍន៍ប្រទេសជាតិ ។


អភិបាលខេត្តមណ្ឌលគិរី ក៏បានអំពាវនាវដល់មាតាបិតា អាណាព្យាបាល និងអាជ្ញាធរពាក់ពន្ធទាំងអស់ ត្រូវជម្រុញដល់កូនៗក្មួយៗ ដែលមានអាយុត្រូវចូលរៀន ឲ្យមកចូលរៀនអោយបានគ្រប់ៗគ្នា ព្រមទាំងផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ត្រូវតែខិតខំរៀនសូត្រ ចេះរៀបចំកម្មវិធីសិក្សាឲ្យបានច្បាស់លាស់ទើបធ្វើឲ្យការសិក្សារបស់យើងទទួលបានជោគជ័យ និងត្រូវចេះស្តាប់បង្គាប់ មាតា បិតា លោកគ្រូ អ្នកគ្រូ ជាពិសេសត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន បងតូចបងធំ ក្មេងទំនើង អំពើអប្បាយមុខផ្សេងៗដែលខុសច្បាប់ និងសង្គមស្អប់ខ្ពើម និងត្រូវចូលគោរពច្បាប់ចរាចរណ៍អោយបានគ្រប់ៗគ្នា ។ ទន្ទឹមនឹងនោះដែរ ឯកឧត្តម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សមាគមន៍គ្រូបង្រៀន និង អ្នកដែលបានផ្តល់ការឧបត្ថមគាំទ្រដល់វិស័យអប់រំក្នុងខេត្ត ដែលធ្វើឲ្យការអប់រំរបស់យើងទទួលបានការរីកចំរើនដូចសព្វថ្ងៃនេះ ។

បើតាម លោក ទឹម សង្វាត ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានឲ្យដឹងដែរថា នៅក្នុងដំណាច់ឆ្នាំសិក្សា ២០១៧-២០១៨ សិស្សបឋមសិក្សា មានចំនួន ១៣.៦៥៤នាក់ បើធៀបនឹងដើមឆ្នាំ មានការថយចុះ ៥២២នាក់ សិស្សវិទ្យាល័យ ពីថ្នាក់ទី៧ ដល់ទី១២ មានចំនួន ២.៧៥៧នាក់ បើធៀបនឹងដើមឆ្នាំ ថយចុះ១៧៣នាក់។ ចំពោះលទ្ធផលសិស្សប្រលងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានចំនួន៣៨០នាក់។ លោកបានបន្ថែមថា ចំពោះសិស្សរៀនពូកែដែលត្រូវចែករង្វាន់លើកទឹកចិត្តនាពេលនេះ រួមមាន ចំណាត់ថ្នាក់លេខ១ ដល់លេខ៥ ចាប់ពីថ្នាក់ទី៧ ដល់ទី១២ មានចំនួន ១២០នាក់ ដោយក្នុងម្នាក់ៗទទួលបាន ប៊ិច សៀវភៅ បន្ទាត់ កាបូប និងថវិកាមួយចំនួនផងដែរ៕ (អត្ថបទ៖ នាង ចាន់ថា និង រូបភាព៖ ប៊ុត សុភក្ត)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation