ព័ត៌មានជាតិ

កម្ពុជានឹងបញ្ជូនកងកម្លាំងមួកខៀវជាង២០០នាក់ទៀតទៅចូលរួមបេសកកម្មរក្សាសន្តិភាពអ.ស.ប នៅប្រទេសអាហ្វ្រិក កណ្តាលនៅថ្ងៃទី ០២ ខែវិច្ឆិកា

image

ភ្នំពេញ៖ តាមកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងអង្គការសហប្រជាជាតិ (អ.ស.ប) ក្រសួងការពារជាតិកម្ពុជា នឹងបញ្ជូនកងវិស្វកម្មលេខ៥៩៤ ចំនួន២១៦នាក់ ក្នុងនោះ រួមទាំងនារី ១០នាក់ ទៅចូលរួម បេសកកម្មរក្សាសន្តិភាពអ.ស.ប នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។

តាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការពារជាតិ ការបញ្ជូនកងវិស្វកម្ម៥៩៤ ចំនួន២១៦នាក់ គឺជា កងវិស្វកម្មលើកទី៥ហើយ ដែល ត្រូវបានបញ្ជូនទៅចូលរួមបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ ទៅកាន់អាហ្វ្រិកកណ្តាល ហើយកងវិស្វកម្ម នេះនឹងត្រូវទៅប្តូរវេនជំនួសកងវិស្វកម្មលេខ ៩៥៤ដែលបានសម្រេចភារកិច្ចដោយជោគជ័យ សម្រាប់អាណត្តិ១ឆ្នាំរបស់ខ្លួន នៅទីនោះ។

អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់តាមរយៈសេចក្តីប្រកាសព័ត៌មាននាព្រឹកថ្ងៃទី៣១ ខែតុលានេះថា ពិធីជូនដំណើរ កងវិស្វកម្មកម្ពុជាទៅកាន់ប្រទេសអាហ្វ្រិកកណ្តាល នឹងប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស នៅវេលាម៉ោង ៨:៣០នាទី ព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅមូលដ្ឋានទ័ពអាកាស ពោធិ៍ចិនតុង រាជធានីភ្នំពេញ។

អ្នកនាំពាក្យក្រសួងការពារជាតិបន្ថែមថា បន្ទាប់ពីកងកម្លាំងមួកខៀវនៃកងវិស្វកម្មលេខ៥៩៤ បានចេញទៅដល់ប្រទេសអាហ្វ្រិក កណ្តាលរួចរាល់នោះ នាព្រឹកថ្ងៃទី០៣ វិច្ឆិកាខាងមុខ នៅទីតាំងមូលដ្ឋានទ័ពអាកាស ពោធិ៍ចិនតុងដដែលនេះ ក្រសួងការពារ ជាតិនឹងរៀបចំពិធីមាតុភូមិនិវត្តន៍នៃកងវិស្វកម្មលេខ៩៥៤ ចំនួន២១៦នាក់ដែលត្រឡប់ពីសាធារណរដ្ឋអាហ្វ្រិកកណ្តាលនិង កងរាជអាវុធហត្ថ លេខ៦១៨ចំនួន៧៣នាក់ មកត្រឡប់មកពីសាធារណរដ្ឋស៊ូដង់ខាងត្បូង ក្រោមអធីបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រក្រសួងការពារជាតិ៕