អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា៖ លោកស្រី រ៉ូណា ស្មីត មានតួនាទីជាដៃគូជាមួយរាជរដ្ឋាភិបាល ក្នុងកិច្ចជំរុញវិស័យ សិទ្ធិមនុស្សទទួលបានផ្លែផ្កាវិជ្ជមាន
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ឆ្លើយតបចំពោះបណ្ដាញសារព័ត៌មានជុំវិញដំណើរទស្សនកិច្ចរបស់លោកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធមនុស្សប្រចាំកម្ពុជានោះ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់នូវការយល់ឃើញរបស់ខ្លួនថា អាស្រ័យដោយកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាល ជាមួយនឹងកិច្ច យកចិត្តទុកដាក់ខ្ពស់ លើបញ្ហាសិទ្ធិមនុស្សនោះ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជា អាណត្តិទី៦ បានចុះអនុស្សរណៈរវាងរដ្ឋាភិបាលកម្ពុជា និងការិយាល័យឧត្តមស្នងការអង្គការ សហប្រជាជាតិ ទទួលបន្ទកសិទ្ធិមនុស្ស ដើម្បីអនុវត្តកម្មវិធីកិច្ចសហប្រតិបត្តិការបច្ចេកទេសស្ដីពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។

តាមរយៈសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ទៀតថា លោកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ដែលជាមន្រ្តីរបស់ អង្គការសហប្រជាជាតិ ស្ថិតនៅក្នុងការងារ បច្ចេកទេសសុទ្ធសាធ ដែលមានកាតព្វកិច្ច និងសមត្ថកិច្ច ជាដៃគូជាមួយរាជរដ្ឋាភិបាល ក្នុងកិច្ចជំរុញវិស័យនេះ ឲ្យទទួលបាន ផ្លែផ្កាវិជ្ជមាន ដោយគ្មានប្រទូសរ៉ាយជាមួយអធិបតេយ្យកម្ពុជា ក្រៅពីការងារប្រកបដោយ កិត្តិយសចំពោះមុខ រាជរដ្ឋាភិបាលកម្ពុជា ដែលជារដ្ឋសមាជិកពេញសិទ្ធិរបស់អង្គការសហប្រជាជាតិ ក៏ដូចជាផលប្រយោជន៍ ប្រជាពលរដ្ឋកម្ពុជា ក្នុងការចូលរួម ក្នុងកិច្ចបន្ត ការរស់នៅក្នុងភាពក្សេមក្សាន្ដ សន្ដិភាព ស្ថិរភាព និងវិបុលភាព ដោយគ្មានការ រំលោភក្នុងរូបភាពណាមួយនៃសេចក្ដី ថ្លៃថ្លូររបស់ជាតិខ្មែរ។

គួរកត់សម្គាល់ថា លោកស្រី រ៉ូណា ស្មីត អ្នកជំនាញសិទ្ធមនុស្ស អ.ស.ប កំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ដែលបានចាប់ផ្តើម តាំងពីពីថ្ងៃទី២៩ ខែតុលា ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខ តាមការអញ្ជើញ របស់រាជរដ្ឋាភិបាល កម្ពុជា។ក្នុងកំឡុងពេលទស្សនកិច្ចរយៈពេល ១១ ថ្ងៃនេះ អ្នកជំនាញរូបនេះ បានជួបនិង គ្រោងជួបប្រជុំ ជាមួយមន្រ្តីជាន់ខ្ពស់ របស់រដ្ឋាភិបាល តំណាងសង្គមស៊ីវិល និងសមាជិកសហគមន៍ការទូតនានា។ ហើយនៅពេលបញ្ចប់ដំណើរទស្សនកិច្ចរបស់ខ្លួន លោកស្រីនឹងរៀបចំសន្និសីទសារព័ត៌មានមួយ នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែវិច្ឆិកា នៅវេលាម៉ោង ០៣៖០០រសៀល នៅការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ក្នុងទីក្រុងភ្នំពេញ។

សូមបញ្ជាក់ថា អ្នករាយការណ៍ពិសេស អ.ស.ប តែងតែបំពេញបេសកកម្មផ្លូវការជាទៀតទាត់មកកាន់ប្រទេសកម្ពុជា ដើម្បីធ្វើរបាយការណ៍ប្រចាំឆ្នាំទៅក្រុមប្រឹក្សាសិទ្ធិមនុស្ស ដែលក្រុមប្រឹក្សានេះបានតែងតាំងលោកស្រី នៅក្នុងខែមីនា ឆ្នាំ២០១៥ ជំនួសលោកស៊ូរិយា ប្រាសាទស៊ូប៊ឺឌី។ លោកស្រី រ៉ូណា ស្មីត នឹងបង្ហាញរបាយការណ៍របស់លោកស្រី ទៅក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិនៅក្នុងខែកញ្ញា ឆ្នាំ២០១៩ខាងមុខ។

សូមជម្រាបថា អ្នករាយការណ៍ពិសេសគឺជាផ្នែកមួយនៃអ្វីដែលគេស្គាល់ថាជានីតិវិធីពិសេសរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ដែលជា ស្ថាប័នដ៏ធំមួយនៃអ្នកជំនាញឯករាជ្យក្នុងប្រព័ន្ធសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដើម្បីបំពេញយុទ្ធនាការ ឃ្លាំមើលនិង ស្វែងរកការពិត ដោយឯករាជ្យ។ អ្នកកាន់អាណត្តិនីតិវិធីពិសេសនេះគឺជាអ្នកជំនាញឯករាជ្យដែលក្រុមប្រឹក្សាសិទ្ធិមនុស្ស បានតែងតាំងឡើង ដើម្បីធ្វើការពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្សរបស់ប្រទេសមួយជាក់លាក់ ឬបញ្ហាសិទ្ធិមនុស្សតាមវិស័យ នីមួយៗ នៅគ្រប់តំបន់ទាំងអស់នៃពិភពលោក ។ អ្នកជំនាញនេះមិនមែនជាបុគ្គលិកអង្គការសហប្រជាជាតិទេ ហើយធ្វើការ ឯករាជ្យ ពីរដ្ឋាភិបាលនិងអង្គការសហប្រជាជាតិ ហើយបម្រើការក្នុងសកម្មភាពបុគ្គលផ្ទាល់របស់ខ្លួន ដោយមិនទទួល ប្រាក់បៀវត្សលើការងារនេះឡើយ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation