ទិន្នផលសណ្ដែកសៀងធ្លាក់ចុះកសិករព្រួយបារម្ភខ្លាចលក់មិនរួចថ្លៃដើមព្រោះតម្លៃទីផ្សាក៏ថ្លាក់ចុះជាងឆ្នាំមុន
| ព័ត៌មានជាតិ
SHARE

រតនគិរី៖ ប្រជាកសិករដែលកំពុងប្រមូលផលសណ្តែក សៀង មានការព្រួយបារម្ភខ្លាំង ពេលដែលទិន្នផលធ្លាក់ចុះ ហើយលក់ចេញមិនរួចថ្លៃដើម ដោយមានអ្នកខ្លះជំពាក់បំណុលធនាគារ ។ បញ្ហាដែលកើតឡើងនេះត្រូវកសិករបង្ហាញថា ដោយសារតែឆ្នាំនេះអាកាសធាតុមិន អំណោយផលសម្រាប់ដំណាំសណ្តែកសៀង ។ កសិករឈ្មោះហ៊ាង រ៉េន រស់នៅភូមិ១សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី បានលើកឡើងក្នុងពេលដែលគាត់កំពុងប្រមូលផលសណ្តែកសៀងលើផ្ទៃដីប្រមាណជាង៥ហិកតា នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨នេះថា កសិករដែលដាំសណ្តែកសៀងទាំងអស់នៅខេត្តរតនគិរីក្នុងឆ្នាំ២០១៨នេះ ដាំដុះមិនត្រូវតាមខែ ព្រោះតែបញ្ហាភ្លៀងធ្លាក់ខ្លាំងជាប់គ្នានៅដើមរដូវដាំដុះ ទើបធ្វើឲ្យពួកគាត់ដាំដុះយឺតពេល រហូតដល់ពេលប្រមូលផលបែរជាភ្លៀងបានធ្លាក់ជាប់ៗគ្នា ធ្វើឲ្យសណ្តែកខ្លះហើម ខ្លះរលួយ ខ្លះស្កក ជាហេតុបង្កឲ្យសណ្តែកពួកគាត់ធ្លាក់ទិន្នផល ។ ពួកគាត់ជួបបញ្ហាប្រឈមពេលលក់សណ្តែកមិនរួចថ្លៃដើមដាំដុះ និងជួល កម្មករទេ ។ ការធ្លាក់ចុះទិន្នផលនេះកើតឡើងចំពោះកសិករដាំដុះសណ្តែកសៀងរយៈពេល២ឆ្នាំ ជាប់ៗគ្នាមកហើយសម្រាប់ខេត្តរតនគិរី ។


កសិកររូបនេះបានឲ្យដឹងទៀតថា ទិន្នផលសណ្តែក សៀងប្រសិនបើល្អនោះ ទទួលបានចន្លោះពី១,៨តោនទៅ២តោនក្នុង១ហិកតា ប៉ុន្តែបច្ចុប្បន្ននេះពួកគាត់ប្រមូលផលបានត្រឹមតែ៧០០គីឡូក្រាមទៅ៨០០គីឡូក្រាមប៉ុណ្ណោះក្នុង១ហិកតា រីឯតម្លៃប្រហាក់ប្រហែលឆ្នាំមុន ។


លោក ហ៊ាន រតនា ជាប្រជាកសិករដាំសណ្ដែកសៀងស្ថិតនៅក្នុងភូមិពីរ ឃុំ ត្រពាំងច្រេស ស្រុក កូនមុំ មានដីដាំសណ្ដែក ៧ហិចតា បានលើកឡើងប្រហាក់ប្រហែលគ្នាថាឆ្នាំនេះតម្លៃសណ្ដែកសៀងមានការធ្លាក់ចុះយ៉ាងខ្លាំងធ្វើឲ្យគាត់ព្រួយបារម្ភដោយតម្លៃលក់ចេញរបស់គាត់បានត្រឹមតែ ១៦០០រៀលក្នុងមួយគីឡូក្រាម ចំណែកឯគ្រាប់ពូជដែលគាត់ទិញគេដាំក្នុងមួយគីឡូក្រាម ពី៣៥០០រៀល ទៅ ៤០០០រៀល ឯណោះ។


ដោយឡែកឈ្មួញកណ្តាលដែលចាំប្រមូលទិញសណ្តែក សៀងបានលើកឡើងថា បច្ចុប្បន្ននេះសណ្តែក សៀងមានតម្លៃចន្លោះពី១៦៣០ទៅ១៦៥០រៀលក្នុង១គីឡូក្រាមទៅតាមគុណភាពសណ្តែក បើធៀបនឹងឆ្នាំ២០១៧ ទទួលបានចន្លោះពី២០០០រៀល ទៅ២២០០រៀល ហើយការនាំចេញគឺនាំទៅកាន់ប្រទេសវៀតណាម រីឯតម្លៃស្រេចតែលើឈ្មួញវៀតណាមកំណត់ ព្រោះនៅកម្ពុជាពុំទាន់មានអ្នកបញ្ជាទិញច្បាស់លាស់ ។


លោក សែម រឿន ប្រធានការិយ៉ាល័យនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរីបានទទួលស្គាល់ថា ឆ្នាំ២០១៨នេះការដាំដុះដំណាំសណ្តែកសៀងរបស់កសិករនៅខេត្តរតនគិរីជួបបញ្ហាប្រឈមប្រាកដមែន ដោយសារតែបណ្តាលមកពីអាកាសធាតុមិនអំណោយផលសម្រាប់ពួកគាត់ដាំដំណាំសណ្តែកសៀង ចំណែកឯកសិករមួយចំនួនធំបានប្រើប្រាស់ថ្នាំ បាញ់ស្មៅទៅលើដំណាំសណ្តែកលើសកំណត់ ទើបធ្វើឲ្យជួបបញ្ហាធ្លាក់ចុះទិន្នផលបែបនេះ ។ ប្រធានការិយ៉ាល័យរូបនេះបន្តថាខេត្ត រតនគិរីក្នុងឆ្នាំ២០១៨នេះមានផ្ទៃដីដាំដុះដំណាំសណ្តែកសៀងចំនួន៤៣៣៦ហិកតា បើធៀបនឹងឆ្នាំ២០១៧មានការថយចុះ១២៨០ហិកតា ។លោកថាមូលហេតុនៃការថយចុះផ្ទៃដីដាំដុះសណ្តែកសៀកនេះគឺបណ្តាឆ្នាំកន្លងមកកសិករដាំតាម ចន្លោះរងកៅស៊ូនិងចន្លោះរងចាន់ទី។ហើយនៅពេលដំណាំកសិឧស្សាហកម្មទាំងនេះធំបែកមែកសាខាគឺមិនអាចដាំបានទៀតទេ៕
(ប៉េស សារី CNC)




Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation