ក្រុមអ្នកលក់រថយន្តមួយទឹក យកចិញ្ជើមផ្លូវទល់មុខអតីតសាលាខណ្ឌដូនពេញ ជាកន្លែងចតរថយន្តសម្រាប់លក់
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឲ្យអាជ្ញាធរមូលដ្ឋាន ជួយជុសជុលផ្លូវខូចខាត ការកកស្ទះចរាចរ និងរៀបចំសណ្ដាប់ធ្នាប់ នៅតាមបណ្ដាមហាវិថីតូចធំ និងផ្លូវតូចៗមួយចំនួនធំក្នុងមូលដ្ឋានទាំង១២ខណ្ឌ ដើម្បីកាត់បន្ថយការកកស្ទះចរាចរ។

ប៉ុន្តែត្រូវបានពលរដ្ឋចោទថា លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ មិនបានអនុវត្តតាមបទបញ្ជា របស់ឯកឧត្តម អភិបាលរាជធានីភ្នំពេញឡើយ បានបណ្ដោយអោយក្រុមអ្នកលក់រថយន្តមួយទឹក យកចិញ្ជើមផ្លូវទល់មុខអតីតសាលាខណ្ឌដូនពេញ ចតរថយន្តសម្រាប់លក់តែម្ដង។ ជាក់ស្ដែងទីតាំង ដែលក្រុមអ្នកលក់រថយន្តមួយទឹកយកចិញ្ជើមផ្លូវ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៩០ (ទល់មុខអតីតសាលាខណ្ឌដូនពេញ) រហូតដល់កែងផ្លូវលេខ៦១ ក្នុងមូលដ្ឋានសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

ប្រជាពលរដ្ឋសំនូមអោយអាជ្ញាធរខណ្ឌដូនពេញ មានវិធានការចំពោះក្រុមអ្នកលក់រថយន្តមួយទឹក ដែលយកចិញ្ជើមផ្លូវទល់មុខអតីតសាលាខណ្ឌដូនពេញ ជាកន្លែងចតរថយន្តសម្រាប់លក់ បង្កអោយមានភាពអនាធិបតេយ្យ គ្មានសណ្ដាប់ធ្នាប់ នៅតាមដងផ្លូវ កុំគិតតែដើរប្រមូលផលប្រយោជន៍ផ្ទាល់ខ្លួន គួរគិតប្រយោជន៍សង្គមសាធារណៈ។


ប៉ុន្តែជាការឆ្លើយតប លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ អោយដឹងថា បញ្ហានេះ គឺមិនអនុញ្ញាអោយក្រុមអ្នកលក់រថយន្តមកចតលើចិញ្ជើមផ្លូវសាធារណៈ ដាក់លក់ដូច្នេះឡើយ។ លោក អភិបាលបានបន្តទៀតថា បើរថយន្តរបស់មន្រ្តីក្រសួងនិងខាងបណ្ណាល័យ អនុញ្ញាតអោយចតបាន តែបើរថយន្តរបស់ក្រុមអ្នកលក់ ដាក់ស្លាកលក់ មិនអនុញ្ញាតឡើយ ដូច្នេះលោកអភិបាល ថាគាត់និងធ្វើការរឿងនេះ។

តាមប្រភពព័ត៌មាន ចោទប្រកាន់ថា លោក យស យុទ្ធី អភិបាលរងខណ្ឌដូនពេញ ទទួលបន្ទុកសណ្ដាប់ធ្នាប់ ជាអ្នកអនុញ្ញាត អោយក្រុមអ្នកលក់រថយន្តមួយទឹកយកចិញ្ជើមផ្លូវលើសពី១ភាគ៣ ចតលក់ តែដើម្បីផលប្រយោជន៍ ដោយយកលុយពីក្រុមអ្នកលក់រថយន្តតម្លៃ២$ឡាន១គ្រឿងក្នុងមួយថ្ងៃ។ CNCនៅមិនអាចធ្វើទំនាក់ទំនងលោកអភិបាលរងបាននៅឡើយ៕ អត្ថបទ ៖ ឃឹម វិសាល


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation