កុលាលភាជន៍សម័យបុរេប្រវត្តិចំនួន៦ ពលរដ្ឋប្រគល់ជូនអាជ្ញាធរជាតិអប្សរា
សៀមរាប៖ ប្រជាពលរដ្ឋរស់នៅភូមិគោកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប បានស្ម័គ្រចិត្តយកកុលាលភាជន៍សម័យបុរេប្រវត្តិចំនួន៦ ប្រគល់ជូនអាជ្ញាធរជាតិអប្សរា ដើម្បីសម្អាតជួសជុល និងថែរក្សា ទុកតាមបច្ចេកទេសបុរាណវិទ្យា នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២។
លោកស្រី ភឿង ផាវី ដែលជាម្ចាស់ បានឱ្យដឹងថា កុលាលភាជន៍ចំនួន ៦នេះ លោកស្រីបានរក្សាទុកអស់រយៈពេល៣ឆ្នាំមកហើយ។ កុលាលភាជន៍ទាំង ៦នោះ លោកស្រីបានទិញពីប្រជាពលរដ្ឋនៅតំបន់ភ្នំដងរែក ដែលពួកគេរក្សាទុកដាក់មិនត្រឹមត្រូវ ប្រឈមនឹងការខូចខាត។ ប៉ុន្តែដោយសារទឹកចិត្តស្រឡាញ់វត្ថុវប្បធម៌ទាំងនោះ លោកស្រី ក៏សម្រេចចិត្តប្រគល់ជូនអាជ្ញាធរជាតិអប្សរាឱ្យយកទៅថែរក្សាទុក។
លោកស្រី ភឿន ផាវី បង្ហាញអារម្មណ៍ក្នុងពេលប្រគល់កុលាលភាជន៍ជូនអាជ្ញាធរអប្សរានោះថា គាត់ពិតជាមានអារម្មណ៍រំភើប និងសប្បាយរីករាយ ដែលបានចូលរួមថែរក្សា អភិរក្ស និងប្រគល់វត្ថុបុរាណទាំងនោះជូនទៅអាជ្ញាធរជាតិអប្សរា ដែលជាស្ថាប័នជំនាញ ក្នុងការថែរក្សា អភិរក្សវត្ថុទាំងនោះ ព្រមទាំងសំណូមពរដល់ប្រជាពលរដ្ឋ ថា បើបានប្រទះឃើញវត្ថុបុរាណដោយប្រការណាមួយ សូមរាយការណ៍ទៅកាន់ស្ថាប័នពាក់ព័ន្ធកុំមានគំនិតយកវត្ថុបុរាណខ្មែរទៅលក់ ឬចែកចាយឡើយ។
លោក វង្ស សាវុទ្ធី មន្ត្រីបច្ចេកទេសនៃសារមន្ទីរកុលាលភាជន៍អង្គរភូមិតានីរបស់នាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ និងបទដ្ឋានបេតិកភណ្ឌនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា កុលាលភាជន៍ទាំង៦នេះ ជាកុលាលភាជន៍សម័យបុរេប្រវត្តិ ជាប្រភេទភាជន៍ផុយ។ លោកបានសន្និដ្ឋានជាបឋមថា កុលាលភាជន៍ទាំង៦នោះ ប្រហែលជាមានអាយុកាលចន្លោះពីចុងសម័យយុគដែក។ កុលាលភាជន៍ទាំងនេះត្រូវបានគេយកទៅបញ្ចុះជាមួយសព ពីព្រោះវានៅរក្សាបានរូបរាងល្អ ដោយសារមានការកប់ត្រឹមត្រូវ។ ភាជន៍ទាំងនេះមានរូបរាងជាផើង ចានជាដើម ហើយវាមានកម្ពស់ខ្ពស់ជាងគេប្រវែង ១៥សង់ទីម៉ែត្រ និងទាបបំផុត ៩សង់ទីម៉ែត្រ។ ភាជន៍ចំនួន ៤ រក្សាបានរូបរាងនៅល្អ និងចំនួន ២ទៀត មានស្មាមប្រេះ និងបែកមាត់មួយចំហៀងអាចជួសជុលបាន។
លោក វង្ស សាវុទ្ធី បានបញ្ជាក់ថា ការផ្តល់ជូនវត្ថុបុរាណសម័យបុរេប្រវត្តិសាស្ត្រមកអាជ្ញាធរជាតិអប្សរាថែរក្សានេះ ពិតជាមានប្រយោជន៍ខ្លាំងណាស់ ដោយហេតុថា សម័យបុរេប្រវត្តិសាស្ត្រមិនមានភស្តុតាង ឬឯកសារច្រើនទេ បើប្រៀបធៀបជាមួយសម័យប្រវត្តិសាស្ត្រ។ ដូច្នេះ មានតែសំណល់ ឬវត្ថុបុរាណនេះហើយ ដែលអាចជួយផ្តល់ព័ត៌មានបន្ថែម បង្ហាញពីការរស់នៅប្រចាំថ្ងៃរបស់មនុស្សនាសម័យកាលបុរេប្រវត្តិនោះ។
អាជ្ញាធរជាតិអប្សរាបានថ្លែងអំណរគុណចំពោះលោកស្រី ភឿន ផាវី ដែលបានប្រគល់វត្ថុបុរាណនោះ ហើយអាជ្ញាធរអប្សរាក៏បានជូនប័ណ្ណសរសើរ រួមទាំងឧបត្ថម្ភថវិកាមួយចំនួនជូនដល់លោកស្រី ដែលបានលះបង់វត្ថុដ៏កម្រនេះ មកអាជ្ញាធរជាតិអប្សរាដែលជាស្ថាប័នជំនាញ ដើម្បីធ្វើការជួសជុល អភិរក្ស ទៅតាមបច្ចេកទេស ដើម្បីថែរក្សាឱ្យបានភាពយូរអង្វែង ទុកជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយ៕
អត្ថបទ: លោក យី សុថា