ព័ត៌មានជាតិ

រដ្ឋបាលខេត្តរតនគិរីប្រារព្ធពិធីថ្វាយព្រះពរជូនព្រះមហាក្សត្រនរោត្តម សីហ មុនី

image


រតនគិរី : ក្នុងឱកាសប្រកបដោយមហានក្ខត្តឫក្សសិរីមង្គល វិបុលមហាប្រសើ ជាថ្ងៃនៃការយាងគ្រងសិរីរាជសម្បតិ្តគម្រប់ទី១៤ឆ្នាំ នៃមហាក្សត្រកម្ពុជា ព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហ មុនី នារសៀលថ្ងៃទី២៩ ខែតុលាឆ្នាំ ២០១៨ គណអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្សនិងប្រជានុរាស្ត្រក្នុងខេត្តរតនគិរីបានប្រារព្ធពិធីថ្វាយព្រះពរជូនដល់ព្រះចៅក្រុងកម្ពុជាធិបតី នៅសាលាខេត្តរតនគិរី។


ពិធីនេះមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់ព្រះសង្ឃ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជានុរាស្ត្រគ្រប់លំដាប់ថ្នាក់ ក្រោមអធិបតីភាពឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមព្រឹក្សាខេត្ត និង ឯកឧត្តម គិតទ្រី អភិបាលខេត្តស្តីទី។ ក្មុងឱកាសប្រកបដោយសិរីមង្គលនេះ ឯកឧត្តម គិត ទ្រី អភិបាលខេត្តស្តីទីបានអានសារថ្វាយព្រះពរដែលមានខ្លឹមសារប្រកបដោយអត្ថន័យគោរពយ៉ាងជ្រាលជ្រៅបំផុត ក្នុងន័យសូមអោយព្រះមហាក្សត្រមានព្រះជន្មយឺនយូរ មានព្រះសុខភាពល្អបរិបូរណ៍ មានបញ្ញាញាណវាងវៃ និងគង់នៅជាម្លប់ដ៏ត្រជាក់ដល់កូនចៅជាយូរអង្វែងតរៀងទៅ។

ក្នុងពិធីថ្វាយព្រះពរ បន្ទាប់ពីអានសារថ្វាយព្រះពរចប់ ព្រះសង្ឃ គ្រប់អង្គក៏បានចម្រើនព្រះបរិត្ត និងសូត្រជយន្តោ ថ្វាយដល់ព្រះករុណាព្រះបាទបរមនាថនរោត្តមសីហ មុនី តាមបែបព្រះពុទ្ធសាសនាផងដែរ ។​


គួររំលឹកថាព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីជាព្រះរាជបុត្រាព្រះបរមរតនកោដ្ឋរោត្ដមសីហនុនិងសម្ដេចព្រះវររាជមាតាសម្ដេចព្រះមហាក្សត្រីនរោត្តមមុនីនាថសីហនុ។​ព្រះអង្គបានប្រសូត្រនៅថ្ងៃទី ១៤ ខែឧសភាឆ្នាំ ១៩៥៣ នៅរាជធានីភ្នំពេញ។​


កាលពីថ្ងៃទី ២៩ខែតុលាឆ្នាំ ២០០៤ ព្រះអង្គត្រូវបានក្រុមប្រឹក្សារាជ្យសម្បត្តិមានសមាសភាព ៩អង្គនិងរូបជ្រើសតាំងជាព្រះមហាក្សបន្ទាប់ពីព្រះបិតាដែលបានដាក់រាជ្យបល្ល័ង្កកាលពីថ្ងៃទី ៧ខែតុលាឆ្នាំ ២០០៤ព្រះរាជពិធីអភិសេកព្រះអង្គជាផ្លូវការត្រូវបានប្រារព្ធធ្វើឡើងនៅព្រះបរមរាជវាំងកាលពីថ្ងៃទី ២៩ ខែតុលាឆ្នាំ ២០០៤ ដែលបច្ចុប្បន្ននេះមានរយៈពេល ១៤ឆ្នាំគត់ នៃការយាងគ្រងរាជសម្បត្តិរបស់ព្រះអង្គ៕ (ប៉េស សារី)