តាមការអញ្ជើញរបស់រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃនេះលោកស្រី រ៉ូណា ស្មីត ចាប់ផ្តើមដំណើរទស្សនកិច្ចនៅកម្ពុជា ក្នុងរយពេល១១ថ្ងៃ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ការិយាល័យនៃអ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានប្រកាសថា លោកស្រី រ៉ូណា ស្មីត អ្នកជំនាញសិទ្ធមនុស្ស អ.ស.ប នឹងបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៩ ខែតុលានេះ ដល់ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ តាមការអញ្ជើញរបស់រាជរដ្ឋាភិបាលកម្ពុជា។


សេចក្តីប្រកាសដដែលបញ្ជាក់ថា ក្នុងកំឡុងពេលទស្សនកិច្ចរយៈពេល ១១ ថ្ងៃនេះ អ្នកជំនាញរូបនេះគ្រោងជួបប្រជុំជាមួយមន្រ្តី ជាន់ខ្ពស់របស់រដ្ឋាភិបាល តំណាងសង្គមស៊ីវិល និងសមាជិកសហគមន៍ការទូតនានា។ អ្នករាយការណ៍ពិសេស អ.ស.ប បំពេញ បេសកកម្មផ្លូវការជាទៀតទាត់មកកាន់ប្រទេសកម្ពុជា និងធ្វើរបាយការណ៍ប្រចាំឆ្នាំទៅក្រុមប្រឹក្សាសិទ្ធិមនុស្ស ដែលក្រុមប្រឹក្សានេះ បានតែងតាំងលោកស្រី នៅក្នុងខែមីនា ឆ្នាំ២០១៥។ លោកស្រីនឹងបង្ហាញរបាយការណ៍បន្ទាប់របស់លោកស្រី ទៅក្រុមប្រឹក្សា សិទ្ធិមនុស្ស ក្នុងខែកញ្ញា ឆ្នាំ២០១៩។


សេចក្តីប្រកាសបានឱ្យដឹងថា អ្នកជំនាញរូបនេះ នឹងបញ្ចប់ដំណើរទស្សនកិច្ចរបស់ខ្លួន ដោយមានសន្និសីទសារព័ត៌មានមួយ ដើម្បីពិភាក្សាអំពីរបកគំហើញបឋម នៃដំណើរទស្សនកិច្ចរបស់លោកស្រី ដែលសន្និសីទនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែវិច្ឆិកា នៅវេលាម៉ោង ០៣៖០០រសៀល (ម៉ោងក្នុងស្រុក) នៅការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ដែលមានអាសយដ្ឋាន អគារលេខ ៤ ផ្លូវ ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សូមជម្រាបថា អ្នករាយការណ៍ពិសេសគឺជាផ្នែកមួយនៃអ្វីដែលគេស្គាល់ថាជានីតិវិធីពិសេសរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ដែលជា ស្ថាប័នដ៏ធំមួយនៃអ្នកជំនាញឯករាជ្យក្នុងប្រព័ន្ធសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដើម្បីបំពេញយុទ្ធនាការ ឃ្លាំមើលនិង ស្វែងរកការពិត ដោយឯករាជ្យ។ អ្នកកាន់អាណត្តិនីតិវិធីពិសេសនេះគឺជាអ្នកជំនាញឯករាជ្យដែលក្រុមប្រឹក្សាសិទ្ធិមនុស្ស បានតែងតាំងឡើង ដើម្បីធ្វើការពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្សរបស់ប្រទេសមួយជាក់លាក់ ឬបញ្ហាសិទ្ធិមនុស្សតាមវិស័យ នីមួយៗ នៅគ្រប់តំបន់ទាំងអស់នៃពិភពលោក ។ អ្នកជំនាញនេះមិនមែនជាបុគ្គលិកអង្គការសហប្រជាជាតិទេ ហើយធ្វើការ ឯករាជ្យ ពីរដ្ឋាភិបាលនិងអង្គការសហប្រជាជាតិ ហើយបម្រើការក្នុងសកម្មភាពបុគ្គលផ្ទាល់របស់ខ្លួន ដោយមិនទទួល ប្រាក់បៀវត្សលើការងារនេះឡើយ។

សូមបញ្ជាក់ដែរថា ឆ្នាំ២០១៨នេះជាខួបលើកទី៧០ នៃសេចក្តីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្សដែលអង្គការសហប្រជាជាតិ បានអនុម័តនៅថ្ងៃទី១០ ខែធ្នូឆ្នាំ ១៩៤៨។ សេចក្តីប្រកាសជាសកលនេះ ជាប់លំដាប់ថ្នាក់ពិភពលោកផ្នែកខាងអត្ថបទ ដែល ត្រូវបានបកប្រែជា ៥០០ភាសា ដែលផ្អែកលើគោលការណ៍គ្រឹះដែលថា «មនុស្សគ្រប់រូបកើតមក មានសេរីភាពនិងសមភាព ខាងសេចក្តីថ្លៃថ្នូរនិងសិទ្ធិ»៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation