អ្នកនាំពាក្យក្រសួងការពារជាតិ៖ គម្រោងចំណាយថវិកាសម្រាប់ក្រសួងការពារជាតិឆ្នាំ២០១៩ កើនឡើង៩.៩%
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាន នៅរសៀលថ្ងៃសុក្រនេះថា នៅឆ្នាំ២០១៩ ខាងមុខនេះ គម្រោងចំណាយថវិកាជាតិសម្រាប់ក្រសួងការពារជាតិ ត្រូវបានស្នើឡើង ប្រមាណ ២,៤១៦,៤៣៨លានរៀល ដែលកើនឡើង៩.៩ភាគរយ បើធៀបទៅនឹងឆ្នាំ២០១៨ ដែលមានចំនួនប្រមាណ ២,១៩៨,៣៧៨លានរៀល។

អ្នកនាំពាក្យក្រសួងការពារជាតិបន្តថា គម្រោងចំណាយរបស់រាជរដ្ឋាភិបាលកម្ពុជាជារួមសម្រាប់ វិស័យការពារជាតិ សន្ដិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ របស់ព្រះរាជាណាចក្រកម្ពុជា នៅឆ្នាំ២០១៩ ដែលមានចំនួន ៤,៤២៥,១៥០លានរៀល ក៏មានការកើនឡើងប្រមាណ១០.៥ភាគរយផងដែរ បើធៀបនឹងឆ្នាំ២០១៨ ក្នុងនោះមានចំណាយចរន្ត ៤,២៦៣,៥៥៧លានរៀល (ចំណាយបន្ទុកបុគ្គលិក ៣,៣៨៧,៨៦៥លានរៀល, ក្រៅបន្ទុកបុគ្គលិក ៨៧៥,៦៩២លានរៀល) និងចំណាយមូលធន ១៦១,៥៩៣លានរៀល។

នាយឧត្តមសេនីយ៍ ឈុំ សុជាត បន្ថែមថា ការដំឡើងប្រាក់បៀវត្សរ៍ដល់កងទ័ពរៀងរាល់ឆ្នាំ គឺជាចំណុចសំខាន់មួយ ឈានទៅដល់បង្កើនឡើងនូវគម្រោងចំណាយថវិកាសម្រាប់ក្រសួងការពារជាតិ នៅឆ្នាំក្រោយនេះ ដោយធ្វើឡើង ស្របជាមួយនឹងកំណើនសេដ្ឋកិច្ចជាតិ ដែលឆ្នាំ២០១៩ ខាងមុខនេះ ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា (ផ.ស.ស-GDP) នឹងអាចកើនឡើងដល់ ២៧,២២២លានដុល្លារអាមេរិក ខណៈចំណូលសម្រាប់មនុស្សម្នាក់ៗនឹងកើនឡើង ដល់១,៧០៦ដុល្លារអាមេរិក។ ដែលក្នុងនោះ បៀវត្សយោធិន (ពលទោ) នឹងត្រូវដំឡើងពីចំនួន៩៧៦,៥៥០រៀល នៅឆ្នាំ២០១៨ ដល់ប្រមាណ ១,០២៥,៩០០រៀល នៅខែមេសា ឆ្នាំ២០១៩ (មិនគិតបញ្ចូលរបបអង្ករ) ហើយនឹងត្រូវដំឡើងដល់ប្រមាណ ១,០៥៥,៩០០រៀល (មិនគិតបញ្ចូលរបបអង្ករ) ហើយបើគិតបញ្ចូលរបបអង្ករ ត្រូវជាប្រមាណ១,១១៤,៣៧៧រៀល ចាប់ពីខែមេសា ឆ្នាំ២០១៩។

សូមបញ្ជាក់ថា បើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ផៃ ស៊ីផាន ឱ្យដឹងថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកភាព និងគាំទ្រពី គណៈរដ្ឋមន្ត្រីទាំងស្រុង លើសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ ប៉ុន្តែឯកឧត្តម ផៃ ស៊ីផានបញ្ជាក់ថា ព័ត៌មានដែលបានបង្ហាញ ទោះជាតួលេខ នៃគម្រោងចំណាយនានានៃសេចក្តីព្រាងច្បាប់នេះ គ្រាន់តែជាមូលដ្ឋានបណ្តោះអាសន្នតែប៉ុណ្ណោះ លុះត្រាតែទទួលបានការអនុម័តទាំងស្រុងពីសភាជាតិ ទើបជាតួលេខផ្លូវការ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation