សេចក្តីព្រាងច្បាប់សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុ ឆ្នាំ២០១៩ ត្រូវបានអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី លើកយកមកពិភាក្សា
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៦ ខែតុលានេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដើម្បីពិភាក្សាលើរបៀបវីរៈ ដូចជា ៖ ១.សេចក្តីព្រាងច្បាប់ សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុ ឆ្នាំ២០១៩, ២.សេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ និងរបៀបវីរៈទី៣. បញ្ហាផ្សេងៗ សំណើរសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំសច្ចាប័នពីស្ថាប័ននីតិប្បញ្ញត្តិលើ៖ ៣.១ កិច្ចព្រមព្រៀងស្តីពីការជៀសវាង ការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំ ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល រវាងកម្ពុជា-វៀតណាម និងកម្ពុជា-ឥណ្ឌូនេស៊ី។ ៣.២ សន្ធិសញ្ញា រវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី ស្តីពីបន្យាប័ន។


បើតាមការបញ្ជាក់របស់ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យផ្លូវការរបស់ រាជរដ្ឋាភិបាល បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៦ ខែតុលានេះថា សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៩ ដែលគណៈរដ្ឋមន្រ្តីពិនិត្យនិងពិភាក្សានេះ គឺជាថវិកាឆ្នាំទី១ ដើម្បីគាំទ្រ គោលនយោបាយ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ក្នុងដំណើរ ឆ្ពោះទៅមុខប្រកបដោយជឿជាក់ នៅលើមាគ៌ានៃការកែទម្រង់ស៊ីជម្រៅ និងការអភិវឌ្ឍន៍ ព្រមទាំង លើមូលដ្ឋាន នៃសមិទ្ធផលសំខាន់ៗ ជាច្រើន ដែល សម្រេចបានកន្លងមក ទាំងខាងនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់ សង្គម និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដែលជាបុរេលក្ខខណ្ឌ សម្រាប់ការបន្ត រក្សាសន្តិភាព ស្ថិរភាព ក៏ដូចជាការទ្រទ្រង់ ដំណើរការវិវឌ្ឍឈានឡើង របស់កម្ពុជា លើវិថីនៃការអភិវឌ្ឍប្រកបដោយគុណភាព និងចីរភាព។


ក្នុងន័យនេះ ថវិកាឆ្នាំ២០១៩ ត្រូវបានរៀបចំ និងវិភាជន៍ ដើម្បីអនុវត្ត សកម្មភាពអាទិភាព ដែលត្រូវបានកំណត់ក្នុងកម្មវិធី និងអាទិភាព គោលនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាល ក្នុងនោះរួមមាន៖ ការអភិវឌ្ឍន៍ធនធានមនុស្ស ការកសាងហេដ្ឋា រចនាសម្ព័ន្ធរូបវ័ន្ត ការបន្តអភិវឌ្ឍ និងបង្កើនតម្លៃបន្ថែម នៃវិស័យកសិកម្ម ការលើកកម្ពស់គុណភាពសេវាសុខាភិបាល ឲ្យកាន់តែ ល្អប្រសើរ ការកែលម្អប្រព័ន្ធអប់រំឲ្យកាន់មានគុណភាពខ្ពស់ ការលើកកម្ពស់ប្រព័ន្ធគាំពារសង្គម, ជាពិសេសការអនុវត្តកម្មវិធី កែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដើម្បីបន្តគាំទ្រនិងជម្រុញកំណើនសេដ្ឋកិច្ច ប្រកបដោយគុណភាព និងមានភាពធន់ខ្ពស់ ធានាបានសមធម៌សង្គម ដែលមានបរិយាប័ន្ន និងពង្រឹងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងដំណើរឆ្ពោះទៅ សម្រេចឲ្យបាននូវចក្ខុវិស័យអភិវឌ្ឍន៍កម្ពុជា ជា “ប្រទេសដែលមាន ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០”៕(អត្ថបទ ៖ សន ពិសិដ្ឋ រូបភាព ៖ អេង សុគុណ )


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation