អ្នកកាសែតម្នាក់នៅខេត្តក្រចេះ មានជំនាញប្រដេញឡានឈើ ខ្លាំងជាងមន្ត្រីអាវុធហត្ថនិងនគរបាលទៅទៀត
| ព័ត៌មានជាតិ
SHARE

ក្រចេះ៖ មានគ្រោះថ្នាក់ចរាចរមួយរវាងរថយន្តដឹកឈើ និងរថយន្តអ្នកកាសែត ដែលបានកើតឡើងនៅចម្ងាយ ២០ម៉ែត្រ ចំណុច គីឡូម៉ែត្រលេខ៨៨ ផ្លូវជាតិលេខ៧៦ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃ២៤ តុលា ២០១៨ បង្កអោយមានការភ្ញាក់ផ្អើល ដល់ពលរដ្ឋនិងមន្ត្រីរាជការ ។


យោងតាមប្រភព ពីមន្ត្រីរាជការនិងបងប្អូនពលរដ្ឋ រួមនិងអ្នកសារព័ត៌មាន ក្នុងស្រុកស្នួល បានអោយដឹងថា មុនកើតហេតុគេឃើញ មានរថយន្តសាំយ៉ុងពណ៏ស្លែ និងរថយន្តកាមារីហើមពណ៌ខ្មៅ បានបើកប្រដេញគ្នាឆ្លងកាត់ស្រុកស្នួល ឆ្ពោះមកផ្លូវជាតិលេខ៧៦ រហូតមកដល់ចំណុចគ្រោះថ្នាក់ផ្លូវបំបែកជាបួន នៃខេត្តមណ្ឌលគិរី។


ប្រភពបន្តថា ក្រោយពីពេលកើតហេតុនៅចំណុចនោះ គេឃើញរថយន្តសាំយ៉ុងដឹកឈើសុក្រំឃ្លុំ ១០ដុំ មានម្ចាស់ឈ្មោះ យាយ ភាព ដោយឡែករថយន្តកាមារីហើមពណ៌ខ្មៅ មានម្ចាស់ឈ្មោះ យ៉ាន់ ឃួនមុន្នី បានចុះមកសម្របសម្រួលគ្នាក្នុងតម្លៃ ២លានរៀល បញ្ចប់រឿង។


លោកកែវ ពីណូ អធិការរងស្រុកស្នួល ទទួលផ្នែកសណ្ដាប់ធ្នាប់ បានអោយដឹងថា ករណីប្រដេញគ្នានេះ មិនមែនតែរថយន្តពីរ គ្រឿងនេះទេ តែលោកបានឃើញ មានរថយន្តជាច្រើនគ្រឿងបានប្រ ដេញឆ្លងកាត់កន្លែង នគរបាលស្រុកស្នួល ប៉ុន្តែគឺរថយន្ត អ្នកកាសែតឈ្មោះយ៉ាន់ ឃួនមុន្នី បើកលឿនជាងរថយន្តសមត្ថកិច្ចទៅទៀត និយាយអោយចំគឺអ្នកការសែតរូបនេះ មានជំនាញដេញស្អិតជាងគេ ហើយក៏ជាអ្នកកាសែតល្បីខាងស្អុយឈ្មោះខាងដេញឡានគ្រៀបលុយ ។

លោកយ៉ាន់ ឃួនមុន្នី បានបញ្ជាក់ថា ការប្រដេញរថយន្តសាំយ៉ុងដឹកឈើនោះ មិនមានតែរថយន្តលោកម្នាក់ទេ គឹមានសមត្ថកិច្ច ចំនួនបីឡានទៀត មានអាវុធហត្ថ និងនគរបាល ចំណែកឡានអ្នកកាសែតដែលដេញនោះ គឹមានតែលោកម្នាក់គត់ ហើយនៅមុខគេប្រកៀកនិងឡានដឹកឈើ ហើយមកហួសចំណុចគីឡូម៉ែត្រ៨៨ ផ្លូវបំបែកជាបួន បន្តិច រថយន្ត លោកនិងរថយន្តដឹកឈើ បានប៉ះទង្គិចគ្នា រួចបានចចារសម្របសម្រួលគ្នា បានលុយចំនួន ២លានរៀលនិង១៥ម៉ឹន តាមរយៈលោក ហាប់ ហាក់ ប៉ុន្តែលោកទទួលបានតែ២លានរៀលទេ ចំណែក១៥ម៉ឹនរៀលត្រូវលោក ហាប់ យក។
លោកទូច មុន្នី មន្ត្រីរដ្ឋបាលព្រៃឈើនៅឃុំឆ្លូង បានអោយដឹងថា រថយន្តសាំយ៉ុងដែលដឹកឈើ នោះត្រូវជំនាញយកមករក្សា ទុក្ខនៅផ្នែករដ្ឋព្រៃឈើ។

លោកឧត្ដមសេនីយ៍ត្រី សាន្ដ ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះបានអោយដឹងថា មុនកើតហេតុ មានអ្នកកាសែត ម្នាក់ឈ្មោះយ៉ាន់ ឃួន មុន្នី បានតេមកប្ដឹង លោកដើម្បីអន្តរាគមចាប់រថយន្តដឹកឈើ នៅស្រុកស្នួល ពេលនោះលោកបាន បញ្ជាទៅមន្ត្រីមូលដ្ឋានដើម្បីជួយអន្តរាគមចាប់ឡានឈើ។ លោកបន្តថា មិនបានប៉ុន្មាននាទីផងស្រាប់តែ អ្នកកាសែតយ៉ាន់ ឃួនមុន្នី តេមកប្រាប់គាត់វិញថា មិនបាច់ចាប់ទេ ព្រោះគេសម្របសម្រួលគ្នាត្រូវហើយ ហើយលោកមេបញ្ជាការបានបញ្ជាក់ថា មិនមែនលោកចង់ប្ដឹងៗ ពេលចាប់សុំដោះលែងតាមតែអំពើចិត្តនោះទេ គឹលោកត្រូវតែចាប់ទាំងអស់ក្នុងនាមលោកជាថ្នាក់ ដឹកនាំអាវុធហត្ថខេត្ត។

ប្រជាពលរដ្ឋរស់នៅស្រុកស្នួល កំពុងតែងឿងឆ្ងល់ថា ហេតុអីស្រុកមួយនេះខុសគេខុសឯង មានរថយន្តប្រណាំងប្រដេញគ្នា ទាំងថ្ងៃទាំងយប់មិនដែលខាន ដែលវាអាចនឹងបង្កគ្រោះថ្នាក់ដល់ពលរដ្ឋធ្វើដំណើរលើដងផ្លូវជាតិលេខ៧ និង៧៦ ហេតុនេះសូមលោកអភិបាលស្រុកមើលផង ដើម្បីសុវត្ថិភាពពលរដ្ឋ ៕ ដោយ៖ នាង ចាន់ថា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation