កម្ពុជា-ADB ចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានក្នុងទឹកប្រាក់សរុបជិត ២៥០លានដុល្លារសម្រាប់គម្រោងអភិវឌ្ឍ ៤ធំៗ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Sunniya Durrani-Jamal នាយិកាស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំកម្ពុជា (ADB) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសម្រាប់គម្រោង និងកម្មវិធីចំនួន ០៤ ដែលមានទឹកប្រាក់ សរុបជិត ២៥០លានដុល្លារអាមេរិក។

កិច្ចព្រមព្រៀងហិរញ្ញប្បទានសម្រាប់គម្រោងនិងកម្មវិធីចំនួន ០៤ ដែលត្រូវបានចុះហត្ថលេខារួមមាន៖

ទី១.កម្មវិធីអភិវឌ្ឍន៍វិស័យអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិជំហានទី២ គ្រោងចំណាយថវិកាសរុបប្រមាណ ៥៣,៥០លាន ដុល្លារអាមេរិក សម្រាប់អនុវត្តយុទ្ធសាស្ត្រវិស័យអប់រំឆ្នាំ២០១៤-២០១៨ និងការព្យាករណ៍តម្រូវការអភិវឌ្ឍន៍វិស័យអប់រំឆ្នាំ២០២០ និងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥។

ទី២.គម្រោងកែលម្អការគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហានទី២ គ្រោងចំណាយថវិកាសរុបប្រមាណ ៩៧,៧០លាន ដុល្លារអាមេរិក សម្រាប់ការអភិវឌ្ឍ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្រុងអាទិភាពចំនួន ០៣ ពោលគឺ ក្រុងស្ទឹងសែន, ក្រុងសិរីសោភ័ណ្ឌ និងក្រុងបាត់ដំបង តាមរយៈការសាងសង់ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ចំនួន ៣, ប្រព័ន្ធបណ្តាញលូ និងសាងសង់ទីលានចាក់សំរាម។ គម្រោងនេះ ក៏នឹងជួយពង្រឹងសមត្ថភាពស្ថាប័នពាក់ព័ន្ធ ដើម្បីផ្តល់សេវា និងកែលម្អគោល នយោបាយគ្រប់គ្រងកាកសំណល់រឹង, ទឹកកខ្វក់, បណ្តាញលូរំដោះទឹកភ្លៀងក្រុង និងបរិស្ថានប្រកបដោយនិរន្តរភាពផងដែរ។

ទី៣.គម្រោងអភិវឌ្ឍន៍ទីក្រុងរបៀងនៃមហាអនុតំបន់មេគង្គជំហានទី៤ គ្រោងចំណាយថវិកាវិនិយោគសរុបប្រមាណ ៨៨,៥០ លានដុល្លារអាមេរិក សម្រាប់ការពង្រីកសេវាសាធារណៈនៅទីប្រជុំជន ដែលនឹងជួយលើកកម្ពស់សមាហរណកម្មសេដ្ឋកិច្ច ក្នុងតំបន់តាមរយៈការអភិវឌ្ឍក្រុងរបៀងអាទិភាពចំនួន ០៣ ពោលគឺក្រុងកំពង់ចាម, ក្រចេះ និងស្ទឹងត្រែង ដែលជាក្រុងរបៀង នៃមហាអនុតំបន់មេគង្គ ដោយរួមមាន ការសាងសង់ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់, ការតភ្ជាប់ប្រព័ន្ធលូរំដោះទឹកដល់ប្រជាជន, ការសាងសង់ទីលានចាក់សំរាម និងការសាងសង់ស្ថានីយ៍បូមទឹកកខ្វក់។

ទី៤.គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាប័ន្នក្នុងមហាអនុតំបន់មេគង្គជំហានទី២ គ្រោងចំណាយថវិកាវិនិយោគសរុបប្រមាណ ៣០,៨៩លានដុល្លារអាមេរិក ក្នុងគោលបំណងបង្កើនការទាក់ទាញទេសចរណ៍ ក្នុងខេត្តគោលដៅចំនួន ០២ ពោលគឺខេត្តកែប និងខេត្តព្រះសីហនុ ដោយផ្តោតលើការធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ និងកសាងកំពង់ផែទេសចរណ៍ខ្នាតតូចចំនួន ២, ការធ្វើឲ្យប្រសើរឡើងនូវអនាម័យទីក្រុង, និងការកសាងសមត្ថភាពក្នុង ការគ្រប់គ្រងកំណើនទេសចរណ៍ប្រកបដោយចីរភាព។

សូមបញ្ជាក់ថា ADB ដែលបានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការសរុបប្រមាណ ៣,១៩ប៊ីលានដុល្លារអាមេរិកដល់កម្ពុជា ដោយគិតបញ្ចូលទាំងកិច្ចព្រមព្រៀងរបស់គម្រោងនិងកម្មវិធីទាំង ០៤ ដែលបានចុះហត្ថលេខាក្នុងថ្ងៃនេះ ដែលក្នុងនោះ ឥណទានសម្បទានមានទឹកប្រាក់សរុបចំនួន ២,៧០ប៊ីលានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណងមានទឹកប្រាក់ប្រមាណ ៤៩០លានដុល្លារអាមេរិក៕ អត្ថបទ៖ ចេង ឆហួត


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation