ប៉េកាំង៖ ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន កាលពីម្សិលមិញនេះ គណៈប្រតិភូយោធាជាន់ខ្ពស់ព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ វៃ ហ្វេនហេ (WEI FENGHE) សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន។ នេះបើយោងតាមការបញ្ជាក់របស់ អ្នកនាំពាក្យក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាត ប្រាប់CNC នាព្រឹកថ្ងៃពុធនេះ។
នៅក្នុងជំនួបនៃរដ្ឋមន្ត្រីការពារជាតិកម្ពុជា-ចិននេះ ឯកឧត្តម នាយឧត្តមសេនីយ៍ វៃ ហ្វេនហេ រដ្ឋមន្រ្តីក្រសួងការពារជាតិចិន បានចាត់ទុកវត្តមាន គណៈប្រតិភូយោធាជាន់ខ្ពស់កម្ពុជា នៅទីក្រុងប៉េកាំងលើកនេះ គឺបានបង្ហាញពីការគាំទ្រ និងការយកចិត្តទុក ដាក់យ៉ាងខ្លាំងរបស់កម្ពុជាចំពោះ កងទ័ពរំដោះប្រជាជនចិន និងសបញ្ជាក់ឱ្យឃើញថា កម្ពុជាគាំទ្រពេញទំហឹងចំពោះព្រឹត្តិការណ៍ ពហុភាគីដែលបានរៀបចំឡើងដោយប្រទេសចិននាពេលនេះ។ ឯកឧត្តម បានគូសបញ្ជាក់ថា ទំនាក់ទំនងកងទ័ពប្រទេសទាំងពីរ គឺជាផ្នែកមួយដ៏សំខាន់ ក្នុងការជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ឱ្យកាន់តែជិតស្និត រីកចម្រើន និងរឹងមាំឡើង ថែមទៀត។ ជាមួយគ្នានេះ ឯកឧត្តម រដ្ឋមន្ត្រីការពារជាតិចិន ក៏បានសម្តែងការអបអរសាទរផងដែរចំពោះការសាងសង់ វិមានឈ្នះឈ្នះ និងព្រឹត្តការណ៍ប្រារព្ធ ខួបលើកទី២០ឆ្នាំ ទិវានយោបាយឈ្នះឈ្នះនៅកម្ពុជា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ព្រមទាំងបានចាត់ទុកថា វិមានឈ្នះឈ្នះជាសំណង់ស្ថាបត្យកម្ម ដែលបានឆ្លុះបញ្ចាំងឲ្យឃើញថា កម្ពុជា មានការផ្សះផ្សាជាតិ ប្រជាពលរដ្ឋខ្មែរមានសាមគ្គី ជាតិតែមួយ និងឈ្នះទាំងអស់គ្នា។
នៅក្នុងឱកាសជួបពិភាក្សាទ្វេភាគីនោះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងអំពីភាពវិជ្ជមាន នៃទំនាក់ទំនងកិច្ចសហ ប្រតិបត្តិការរវាងប្រទេសកម្ពុជា-ចិន ដែលរីកចម្រើនទៅមុខយ៉ាងឆាប់រហ័ស ដែលក្លាយជាកិច្ចសហប្រតិបត្តិការភាពជាដៃគូ យុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយ។ សម្ដេចពិជ័យសេនាបានបញ្ជាក់ថា កិច្ចសហប្រតិការរវាងកងទ័ពទាំងពីរ កម្ពុជា-ចិន បានដំណើរការទៅយ៉ាងល្អប្រសើរក្នុងពេលកន្លងមក។
បើនាយឧត្តមសេនីយ៍ ឈុំ សុជាត បានបន្ថែមថា នៅក្នុងជំនួបនេះ ភាគីចិនបានសន្យាបន្តជំរុញការរក្សាផ្លាស់ប្ដូរ ប្រតិភូជាន់ខ្ពស់ រវាងកងទ័ពទាំងពីរជាបន្តទៅទៀត, បន្តធ្វើលំហាត់នាគមាស ដែលនឹងធ្វើនៅខែមីនា ឆ្នាំ២០១៩, បន្តជួយកសាងសង់វិទ្យាស្ថាន ទ័ពជើងគោកថ្លុកតាសេក រួមទាំងបន្តជួយហ្វឹកហ្វឺន បណ្តុះបណ្តាលធនធានមនុស្សដល់ កងយោធពលខេមរភូមិន្ទ។ នៅក្នុងជំនួបនោះ ភាគីទាំងពីរ បានចុះហត្ថលេខាលើពិធី សារកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ កម្ពុជា-ចិន ផងដែរ៕