ជនជាតិដើមភាគតិចនៅខេត្តរតនគិរី នៅតែបន្តទំនៀមទម្លាប់ដើមក្នុងការប្រមូលផលស្រូវចម្ការបើទបីឧបករណ៍សម្ភារៈកសិកម្មបច្ចុប្បន្នមានភាពទំនើបក៏ដោយ
| ព័ត៌មានជាតិ
SHARE


រតនគិរី:បងប្អូនជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរ នៅតែរក្សាទំនាមទម្លាប់ដើមក្នុងការប្រមូលផលស្រូវចម្ការរបស់ពួកគាត់បើទោះបីឧបករណ៍សម្ភារៈកសិកម្មបច្ចុប្បន្នមានភាពទំនើបក៏ដោយ ក៏ប្រពៃណីប្រមូលផលស្រូវមួយនេះនៅតែមានវត្តមានតាមសហគមន៍ជនជាតិដើមភាគតិចនៅឡើយ ។


ប្រពៃណីប្រមូលផលស្រូវចម្ការរបស់បងប្អូនជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី ខុសប្លែកពីការប្រមូលផលស្រូវរដូវវស្សារបស់បងប្អូនខ្មែរនៅក្នុងតំបន់វាលទំនាបត្រង់បងប្អូនជនជាតិដើមភាគតិចការប្រមូលផលស្រូវចម្ការរបស់ពួកគាត់ គឺពួកគាត់បានប្រមូលគ្នាជាសហគមន៍ប្រវាសដៃគ្នាបូតគ្រាប់ស្រូវដាក់នៅក្នុង កាផា (ជាភាសាជនជាតិដើមប្រើរាល់ថ្ងៃ) ។ ចំណែកឯការដាំស្រូវរបស់ពួកគាត់គឺខុសផ្លែកពីតំបន់ទំនាបកណ្ដាលត្រង់ពួកគាត់បានចោះព្រៃតាមតំបន់ភ្នំហើយបុកដាំមិនមានការភ្ជួររាស់ដូចតំបន់ទំនាប់កណ្ដាលនោះទេ។


ជាក់ស្ដែងបងប្អូនជនជាតិដើមភាគតិចគ្រឹងរស់ក្នុងភូមិ កាញ៉ែង ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី បាននឹងកំពុងចាប់ផ្ដើមប្រមូលផលស្រូវចម្ការរបស់ពួកគាត់ដែលដាំនៅតាមជើងភ្នំ ចង្កេះភ្នំបណ្ដើរៗហើយ ដោយចាប់ប្រមូលផលស្រូវចម្ការនៅរក្សាប្រពៃណីជនជាតិដើមរបស់ពួកគាត់ គឺប្រមូលគ្នាជាសហគមន៍ ប្រវាសដៃគ្នា បូតស្រូវដាក់កាផា ដដែល ។


ទាក់ទិនហ្នឹងការប្រមូលផលស្រូវចម្ការតាមរបៀបប្រពៃណីជនជាតិដើមភាគតិចខាងលើនេះដែរ លោក ស៊យ សូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី បានឲ្យដឹងថា ប្រពៃណីប្រមូលស្រូវចម្ការរបស់បងប្អូនជនជាតិដើមភាគតិចនេះ គឺមានតាំងពីយូរយលង់ណាស់មកហើយ បើទោះបច្ចុប្បន្នសម្ភារៈកសិកម្មមានភាពទំនើបយ៉ាងណាក៏ដោយ ក៏ពួកគាត់នៅតែបន្ដរក្សាទំនៀម ទម្លាប់ដើមដដែល ។


លោកប្រធានមន្ទីររូបនេះ បានបញ្ជាក់ទៀតថា ពូជស្រូវដែលជនជាតិដើមភាគតិចរក្សាទុកតាំងពីដើមរហូតមកដល់សព្វថ្ងៃ គឺមាន ៣ប្រភេទ ដូចស្រូវវស្សាដែរ មានប្រភេទស្រូវស្រាល ស្រូវកណ្ដាល និងស្រូវធ្ងន់ ហើយការប្រមូលផលស្រូវចម្ការ គឺមានរយៈពេល ៣ដំណាក់ការ គឺដំណាក់ការ ទី១ ប្រមូលស្រូវស្រាលក្នុងកំឡុង ពាក់កណ្ដាលខែ១០ ដំណាក់កាលទី២ និងទី៣ គឺប្រមូលផល ដើមខែ១១ រហូតដល់ពាក់កណ្ដាលខែ១២ ។


ប្រធានមន្ទីរកសិកម្ម បានឲ្យដឹងទៀតថា នៅមុនឆ្នាំ ២០១០ ផ្ទៃដីដាំស្រូវចម្ការរបស់បងប្អូនជនជាតិដើមភាគតិចមានជាង ១ម៉ឺន ៥ពាន់ ហិចតា ក្នុងចំណោមផ្ទៃដីស្រែសរុបរបស់កសិករទូទាំងខេត្តរតនគិរី ជាង ២ម៉ឺន ៥ពាន់ ហិចតា ។ ប៉ុន្តែមកដល់បច្ចុប្បន្ននេះផ្ទៃដីស្រូវចម្ការបានថយចុះនៅសល់ប្រមាណជាង ១ម៉ឺន ២ពាន់ ហិចតា តិចជាងផ្ទៃដីស្រែសន្ទូង ស្រែពង្រោះ របស់កសិករខ្មែរក្នុងខេត្តរតនគិរី ៕ (ប៉េស សារី)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation