ក្រុមហ៊ុនចិន និងជប៉ុន នាំមុខគេខ្លាំង ទៅលើការវិនិយោគ ក្នុងតំបន់សេដ្ឋកិច្ចពិសេសនៃប្រទេសកម្ពុជា - CNC News
ក្រុមហ៊ុនចិន និងជប៉ុន នាំមុខគេខ្លាំង ទៅលើការវិនិយោគ ក្នុងតំបន់សេដ្ឋកិច្ចពិសេសនៃប្រទេសកម្ពុជា
| ព័ត៌មានអន្តរជាតិ
SHARE



ចូលមកដល់ឆ្នាំ២០១៨នេះ បរិយាកាសវិនិយោគនៅកម្ពុជា នៅតែរក្សាបានភាពល្អប្រសើរ និងកំនើនរឹងមាំ បើទោះបីជាការបោះឆ្នោតជាតិ កៀកខិតចូលមកដល់ក៏ដោយ។ របាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បាន បង្ហាញថាក្នុងចំណោមទុនវិនិយោគសរុបនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំង៣២ ក្រុមហ៊ុនចិន និងជប៉ុននាំមុខគេខ្លាំងទៅលើការវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេស។ ក្នុងនោះ ការវិនិយោគក្រុមហ៊ុនចិន មានចំនួន ២៩% ឈរក្នុងលំដាប់លេខ១ បន្ទាប់មកក្រុមហ៊ុនជប៉ុន មានប្រមាណ២៦% ឈរក្នុងលំដាប់លេខ២ ក្រុមហ៊ុនមកពីបណ្ដាប្រទេសអាស៊ានមាន ២៤% ឈរក្នុងលំដាប់លេខ៣ និងសហរដ្ឋអាមេរិកមាន ៩%។ បច្ចុប្បន្ន នៃការវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំងអស់ មាន ៩៩% ជាការវិនិយោគដោយផ្ទាល់ពីបរទេស។

រាជរដ្ឋាភិបាលកម្ពុជា បានលើកទឹកចិត្តច្រើន ទៅលើការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដូចជាការលើកលែងពន្ធមួយចំនួន និងការផ្ដល់សេវាច្រកចេញចូលតែមួយនៅនឹងកន្លែងជាដើម។ ការវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស ភាគច្រើន គឺវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូប ផលិតផលផ្លាស្ទិក គ្រឿងយន្ដ និងគ្រឿងអេឡិចត្រូនិកជាដើម។

តំបន់សេដ្ឋកិច្ចពិសេស បានផ្ដល់ការងារដល់ពលរដ្ឋច្រើនជាងគេ។ របាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាCDC ឆ្នាំ២០១៧កន្លងទៅ ទុនវិនិយោគសរុបរបស់តំបន់សេដ្ឋកិច្ចពិសេសទាំងអស់ មានប្រមាណជាង ២,៧ ពាន់លាន ដុល្លារអាមេរិក។ គិតមកទល់បច្ចុប្បន្ន គម្រោងសរុប នៃការវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសទាំងអស់ មានចំនួន ៣៤៧គម្រោង បានផ្ដល់ការងារដល់ពលរដ្ឋជាង ១០ម៉ឺនកន្លែង។ គម្រោងភាគច្រើនមាននៅតំបន់សេដ្ឋកិច្ចខេត្តព្រះសីហនុ មាន១៣៦ គម្រោង តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញមាន១០៣គម្រោង និងតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិតមាន៨៣គម្រោង។

គិតត្រឹមខែមេសាឆ្នាំ២០១៨នេះ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ មានក្រុមហ៊ុន និងរោងចក្រចំនួន១០១ កំពុងដំណើរការផលិតទំនិញផ្សេងៗ សម្រាប់ធ្វើការនាំចេញ និងផ្គត់ផ្គង់ក្នុងស្រុក ជាមួយនឹងកម្លាំងពលកម្មសរុបមានជាង១,៥ ម៉ឺននាក់។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានផ្ដល់ការងារដល់ពលរដ្ឋប្រមាណជាង ២ម៉ឺននាក់និងចំណែកឯ តំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិតវិញ បានផ្ដល់ការងារដល់ពលរដ្ឋប្រមាណ៥ម៉ឺននាក់ ជាចំនួនដែលច្រើនជាងគេ។



អត្ថបទ ៖ អៀវ ឈៀងនី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation