កម្ពុជាមានការព្យាបាលជំងឺមហារីក ដោយវេជ្ជសាស្ត្រនុយក្លេអ៊ែ ជាលើកដំបូង ខណៈការព្យាបាលតាមវិធីនេះ គឺមានប្រសិទ្ធភាព​​ និងមានសុវត្ថិភាពខ្ពស់ សម្រាប់អ្នកជំងឺ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ មន្ទីរពេទ្យកាល់ម៉ែត នាព្រឹកថ្ងៃទី២២ ខែតុលានេះ បានរៀបចំនូវសិក្ខាសាលាមួយ ស្តីពីវេជ្ជសាស្ត្រនុយក្លេអ៊ែ លើកទី១ នៅកម្ពុជា ដោយមានការចូលរួមផ្តល់ចំណេះដឹង និងចែករំលែកបទពិសោធន៍ ដល់ក្រុមវេជ្ជបណ្ឌិតកម្ពុជា ពីសំណាក់វេជ្ជបណ្ឌិត ជំនាញវេជ្ជសាស្ត្រនុយក្លេអ៊ែ មកពីចក្រភពអង់គ្លេស។

ឯកឧត្តម គង់ សន្យា អគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត នៅក្នុងសិក្ខាសាលានេះ បានលើកឡើងថា ការព្យាបាលជំងឺមហារីក ដោយនុយក្លេអ៊ែនេះ វាហាក់ថ្មី និងចម្លែក សម្រាប់ប្រជាជនកម្ពុជា ប៉ុន្តែការព្យាបាលដោយវិធីនេះ គឺមានប្រសិទ្ធភាពខ្ពស់​ ព្រមទាំងធ្វើឲ្យអ្នកជំងឺ ចំណេញពេលវេលា មិនត្រូវការការវះកាត់ និងសម្រាកនៅមន្ទីរពេទ្យនោះទេ។

ឯកឧត្តម បានបញ្ជាក់ថា សម្រាប់ប្រទេសកម្ពុជា ​ការព្យាបាលតាមវិធីនេះ មិនធ្លាប់មានពីមុនមកនោះទេ ហើយការនាំយកមកកាន់កម្ពុជានេះ គឺដើម្បីផ្តល់ភាពងាយស្រួល ដល់អ្នកជំងឺកម្ពុជា មិនចាំបាច់ធ្វើដំណើរទៅព្យាបាល នៅក្រៅប្រទេស ដែលត្រូវចំណាយថវិកា និងពេលវេលាច្រើន។

ជាមួយគ្នានោះ លោកសាស្ត្រាចារ្យ សុបហាន វីនចាម៉ូរិ (SobhanVinjamuri) នាយករងមន្ទីរពេទ្យ The Royal Liverpool University Hospital ចក្រភពអង់គ្លេស និងជាអ្នកជំនាញ នៃភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ បានលើកឡើងដែរថា ​វេជ្ជសាស្ត្រនុយក្លេអ៊ែ នៅប្រទេសជឿនលឿន គឺបានអនុវត្ត ប្រមាណ៤០ឆ្នាំមកហើយ ដោយទទួលបានលទ្ធផល​ ប្រសិទ្ធភាពបំផុត និងមានសុវត្ថិភាព សម្រាប់អ្នកជំងឺ ជាពិសេសជំងឺមហារីកក្រពេញ-ក។

សូមជម្រាបថា មន្ទីរពេទ្យកាល់ម៉ែត បានដាក់ឲ្យដំណើរការ ការព្យាបាលជំងឺមហារីក ដោយថាមពលនុយក្លេអ៊ែនេះ ចាប់តាំងពីខែឧសភា កន្លងមក ពោលគឺមានរយៈពេលជាង៥ខែមកហើយ ដោយទទួលបានការព្យាបាល ប្រមាណ៣០ករណី៕ (អត្ថបទ ៖ សន ពិសិដ្ឋ រូបភាព ៖ លឹម មុនី)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation