រដ្ឋមន្រ្តីក្រសួងបរិស្ថាន ៖ ការលើកកម្ពស់ប្រសិទ្ធភាពថាមពលគឺជាកត្តាចម្បងមួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព(ក.ជ.អ.ច.) បានចាត់ទុកថា ការលើកកម្ពស់ប្រសិទ្ធភាពថាមពល គឺជាកត្តាចម្បងមួយដែលអាចជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព និងបញ្ចេញកាបូនក្នុងកម្រិតទាបនៅកម្ពុជា។

ឯកឧត្តមសាយ សំអាល់ បានថ្លែងដូចនេះ នៅក្នុងពិធីបើក «សន្និសីទស្តីពីការលើកកម្ពស់ប្រសិទ្ធភាពថាមពលក្នុងប្រទេសកម្ពុជា៖ ជំហានគន្លឹះឆ្ពោះទៅរកកំណើនសេដ្ឋកិច្ចដោយចីរភាព» នៅសណ្ឋាគាររ៉ាហ្វលឡឺរូយ៉ាល់ រាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទ ទី២២ ខែតុលានេះ ដែលរៀបចំដោយក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព សហការជាមួយរដ្ឋាភិបាលស៊ុយអែត និងកម្មវិធីសម្ព័ន្ធភាព ប្រែប្រួលអាកាសធាតុកម្ពុជា (CCCA)។

ថ្លែងក្នុងឱកាសនោះ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក.ជ.អ.ច. បានស្នើបង្កើនការអប់រំផ្សព្វផ្សាយទៅកាន់អ្នកប្រើប្រាស់ ថាមពលទាំងអស់ ទាំងនៅកម្រិតបុគ្គល គ្រួសារ សហគ្រាស សហគមន៍ និងសង្គមជាតិទាំងមូល ក្នុងន័យផ្លាស់ប្តូរឥរិយាបថ ឱ្យងាកមកយកចិត្តទុកដាក់លើការលើកកម្ពស់ប្រសិទ្ធភាពថាមពល ដែលនឹងធ្វើឱ្យពួកគាត់អាចកាត់បន្ថយចំណាយ និងបង្កើនអត្ថប្រយោជន៍បានច្រើនជាងមុន។

ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា ការបង្កើនប្រសិទ្ធភាពថាមពលមិនមែនមានន័យថាត្រូវកាត់បន្ថយសកម្មភាពអភិវឌ្ឍន៍ បន្ថយល្បឿននៃកំណើនសេដ្ឋកិច្ច ឬកាត់បន្ថយគុណភាពជីវិតរបស់ប្រជាពលរដ្ឋឡើយ។ ផ្ទុយទៅវិញ វាជាកត្តាដ៏ចាំបាច់ ដើម្បីធានាបាននូវការអភិវឌ្ឍដោយចីរភាព ដែលជាមាគ៌ា «ឈ្នះ-ឈ្នះ» សម្រាប់យើងទាំងអស់គ្នា៖ ឈ្នះសម្រាប់អ្នកប្រើប្រាស់ ឈ្នះសម្រាប់ធុរកិច្ចនិងអ្នកវិនិយោគ ឈ្នះសម្រាប់បរិស្ថាន ឈ្នះសម្រាប់ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងឈ្នះសម្រាប់សន្តិសុខថាមពល។

ឯកអគ្គរាជទូតប្រទេសស៊ុយអែតប្រចាំនៅកម្ពុជា លោកជំទាវ ម៉ារៀ សាហ្រ្កេន ក៏បានឱ្យដឹងថាប្រសិទ្ធភាពថាមពល គឺមានសារសំខាន់ណាស់សម្រាប់ឆ្លើយតបនឹងទិសដៅរបស់កម្ពុជាដើម្បីសម្រេចបានកំណើនប្រកបដោយចីរភាព។ រាជរដ្ឋាភិបាលស៊ុយអែត ក្នុងអំឡុង ៣០ឆ្នាំចុងក្រោយនេះ បានធ្វើការកែលម្អយ៉ាងខ្លាំងទាំងការលើកកម្ពស់ថា មពលកកើតឡើងវិញ និងកែលម្អប្រសិទ្ធភាពថាមពល ក្នុងខណៈដែលត្រូវសម្រេចឱ្យបាននូវកំណើនសេដ្ឋកិច្ច។

លោក នីក ប៊ែរេសហ្វត នាយកប្រចាំប្រទេសរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) បានគូសបញ្ជាក់ពីកិច្ចគាំទ្រ របស់UNDPចំពោះរាជរដ្ឋាភិបាល ថាUNDPកន្លងមកបានធ្វើការជាមួយក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល តាំងពីឆ្នាំ២០១២ ក្រោមគម្រោងឈ្មោះ ថាមពលចីរភាពសម្រាប់ទាំងអស់គ្នា (Sustainable Energy for ALL: SE4ALL) ដើម្បីគាំទ្រអាទិភាពរបស់ រាជរដ្ឋាភិបាលទៅលើការទទួលបានថាមពល ប្រសិទ្ធភាពថាមពល និងថាមពលកកើតឡើងវិញ ហើយបច្ចុបន្បន្នក៏កំពុងធ្វើការ ជាមួយក.ជ.អ.ច. ដើម្បីគាំទ្រវិស័យថាមពលនិងឧស្សាហកម្មក្នុងការលើកកម្ពស់វិធានការថាមពលឆ្លើយតបនឹងអាកាសធាតុ ដោយរួមបញ្ចូលទាំងថាមពលពន្លឺព្រះអាទិត្យ។

សូមជម្រាបថា សិក្ខាកាមសរុបប្រមាណ១៥២នាក់ ក្នុងនោះស្រ្តី៣៦នាក់ ជាវាគ្មិនជាតិ និងអន្តរជាតិ និងតំណាងក្រសួងស្ថានប័នរដ្ឋ ស្ថាប័នសិក្សា ស្រាវជ្រាវ វិស័យឯកជន សង្គមស៊ីវិល បានពិភាក្សាអំពីការអនុវត្តល្អៗ និងឧបករណ៍នានាដែលជំរុញ គំនិតផ្តួចផ្តើម នាំឱ្យមាន ប្រសិទ្ធភាពថាមពលក្នុងប្រទេសកម្ពុជា និងបង្កើនល្បឿននៃការផ្លាស់ប្តូររបស់កម្ពុជាទៅរកគំរូនៃការអភិវឌ្ឍ នានាសម្រាប់កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation