ក្រសួងសាធារណការ៖ ផ្លូវជាតិលេខ៤៨ ជួសជុល បានជាង ៧០% ហើយ ដែលរំពឹងថា នឹងជួសជុលរួចមុនបុណ្យសមុទ្រ
| ព័ត៌មានជាតិ
SHARE

កោះកុង៖ សួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់នៅថ្ងៃទី២២ ខែតុលានេះថា គិតត្រឹមសប្តាហ៍ទី៣ ខែតុលា ឆ្នាំ២០១៨ “ផ្លូវជាតិលេខ៤៨” ជួសជុលបានជាង ៧០ភាគរយហើយ ។

ផ្លូវនេះត្រូវបានបែងចែកជា ៩១កំណាត់ខ្លីៗដើម្បីជួសជុល អោយបានទាន់ពេលវេលា ដោយកម្លាំងចម្រុះរបស់ក្រសួងសាធារ ណការ និងដឹកជញ្ជូន កងវិស្វកម្ម និងភាគីពាក់ព័ន្ធ ប្រើគ្រឿងចក្រសរុប ១១៤គ្រឿង គ្រោងចំណាយថវិកា ប្រមាណ ១២លាន ដុល្លារអាមេរិក បច្ចុប្បន្នសម្រេចបានជាង៧០% នឹងជួសជុលទាំងស្រុង មុនពិធីបុណ្យសមុទ្រខាងមុខនេះ។

គួរកត់សម្គាល់ថា ផ្លូវជាតិលេខ៤៨ មានប្រវែង១៥០គីឡូម៉ែត្រ ចាប់ពីផ្លូវបំបែកស្រែអំបិលទៅដល់ទីរួមខេត្តកោះកុង ដែលក្នុងនោះ ប្រវែង៦៣គីឡូម៉ែត្រ ត្រូវទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀង ការដឹកលើសទម្ងន់កម្រិតកំណត់ គុណភាពនៃការសាងសង់ អាយុកាល និងកត្តាធម្មជាតិផ្សេងទៀត។

សូមបញ្ជាក់ថា ក្រសួងទេសចរណ៍បានប្រកាសថា ខេត្តកោះកុងនឹងទទួលរៀបចំពិធីបុណ្យសមុទ្រលើកទី៧ ជុំទី២ ចាប់ពីថ្ងៃ១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ ក្នុងនោះពិធីជាផ្លូវការនឹងធ្វើឡើងនៅថ្ងៃទី១៥ខែធ្នូ ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។

គួររំលឹកថា ពិធីបុណ្យសមុទ្រលើកទី៦ ជុំទី២ កាលពីឆ្នាំ២០១៧ បានរៀបចំឡើងនៅខេត្ត កែប ដែលពិធីបុណ្យសមុទ្រ ត្រូវបានប្រារព្ធធ្វើដោយខេត្តនៅជាប់មាត់សមុទ្រទាំងអស់របស់កម្ពុជាផ្លាស់វេនគ្នាទទួលរៀបចំ ចាប់តាំងពីឆ្នេរសមុទ្រកម្ពុជា ត្រូវបានបញ្ចូលជាសមាជិកក្លឹបឆ្នេរសមុទ្របំផុតលើពិភពលោក ហើយកម្ពុជាបានរៀបចំពិធីបុណ្យសមុទ្រលើកទី១ កាលពីឆ្នាំ២០១១ នៅខេត្តព្រះសីហនុ។

សូមជំរាបថា ឆ្នេរសមុទ្រប្រទេសកម្ពុជា សរុបមានប្រវែង ៤៤០គីឡូម៉ែត្រ ដែលខេត្តមានមូលដ្ឋានជាប់ឆ្នេរសមុទ្រ រួមមាន ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប។ ខេត្តទាំង ៤នេះ ត្រូវបានបញ្ចូលជាសមាជិកពេញសិទ្ធិរបស់ក្លឹបឆ្នេរ សមុទ្រដែលស្អាតបំផុតលើសកលលោក កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១១ នៅប្រទេសសេណេហ្គាល់ ដោយប្រសិទ្ធនាមថា «តារារះនាទិសនិរតី»៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation