ប្រសិនបើអ្នកមានអការៈក្តៅខ្លួនខ្លាំង ឈឺក្បាល ឈឺសន្លាក់ ក្អួតចង្អោរ និងស្នាមអុចក្រហមលើស្បែក នោះគឺជារោគសញ្ញា នៃជំងឺគ្រុនឈាម
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ ជំងឺគ្រុនឈាមជាទូទៅ តែងតែកើតមាននៅលើកុមារ តែបច្ចុប្បន្ននេះ នៅកម្ពុជាក៏មានករណីខ្លះ ជំងឺនេះកើតមាននៅលើ មនុស្សពេញវ័យដូចគ្នាដែរ។ តាមការសង្កេត​ ជំងឺនេះច្រើនកើតឡើងនៅរដូវវស្សា ដោយហេតុថារដូវភ្លៀង ជាអំណោយផល ដល់ការកកើតពពួកមូសខ្លា ដែលជាភ្នាក់ងារចម្លងរោគ។

បើតាមគេហទំព័រហ្វេសប៊ុក របស់មន្ទីរពេទ្យកាល់ម៉ែត បានចេញផ្សាយថា ​រោគសញ្ញា នៃជំងឺនេះ រួមមាន ៖​ ក្តៅខ្លួនខ្លាំង, ឈឺក្បាល, ឈឺសន្លាក់ដៃជើង និងសាច់ដុំ, ក្អួតចង្អោរ និងស្នាមអុចក្រហមលើស្បែក។

ដោយឡែក ការវិវត្តន៍នៃជំងឺ និងផលវិបាក​វិញ ជាទូទៅរយៈពេលពី៣ ទៅ៤ថ្ងៃ បន្ទាប់ពីមានរោគសញ្ញាដំបូង អ្នកជំងឺអាចស្តែងចេញ នូវរោគសញ្ញាផ្សេងៗដូចជា ៖ ការហូរឈាមនៅក្នុងភ្នែក​,​ ហូរឈាមតាមច្រមុះ, ស្នាមជាំនៅលើស្បែក ដែលជំងឺនេះ នឹងជាទៅវិញ នៅចន្លោះ១០ ទៅ១៤ថ្ងៃ ឬអាចយូរជាងនេះ។

ប៉ុន្តែជំងឺគ្រុនឈាមមួយចំនួន អាចវិវត្តន៍ទៅរកសភាពធ្ងន់ធ្ងរ ដែលបណ្តាលមកពី ការហូរឈាមតាមសរីរាង្គនានា ដូចជា នៅ​ប្រព័ន្ធរំលាយអាហារ ស្បែក និងក្នុងខួរក្បាល ហើយដែលអាចបង្កឲ្យ មានគ្រោះថ្នាក់ដល់អាយុជីវិត។

ចំពោះការ​ព្យាបាល​មន្ទីរពេទ្យកាល់ម៉ែត បានប្រាប់ឲ្យដឹងថា មកទល់ពេលបច្ចុប្បន្ននេះ នៅលើសកលលោក មិនទាន់មានការព្យាបាលឲ្យចំ ចំពោះជំងឺគ្រុនឈាមនេះនៅឡើយទេ។ ការព្យាបាល គឺត្រូវបានធ្វើឡើងដើម្បីកាត់បន្ថយ និងទប់ស្កាត់ជំងឺនេះ កុំអោយវិវត្តន៍ទៅរកសភាពធ្ងន់ធ្ងរ ដែលអាចប៉ះពាល់ដល់អាយុជីវិត។

ចំពោះវ៉ាក់សាំងប្រឆាំងនឹងជំងឺគ្រុនឈាម ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់កាលពីពេលថ្មីៗនេះ ដោយអង្គការសុខភាពពិភពលោក តែទោះជាយ៉ាងណា ការចរាចរណ៍នៃប្រភេទវ៉ាក់សាំងនេះ នៅមានកម្រិតទាបនៅឡើយ។

វេជ្ជបណ្ឌិត បានណែនាំពីវិធីបង្ការ​ ការពារពីការឆ្លងជំងឺនេះដោយ ៖ លុបបំបាត់ជម្រកមូស, ការពារពីមូសខ្លាខាំ, គេងក្នុងមុង​ទាំងថ្ងៃ ទាំងយប់​, ស្លៀកសំលៀកបំពាក់ជិតៗ ហើយមានពណ៌ចាំង, ចៀសវាងនៅក្នុងទីងងឹត និងប្រើផលិតផលការពារមូស​ ហើយប្រសិនបើរកឃើញថា មានរោគសញ្ញាណាមួយ បានកើតឡើងលើខ្លួនអ្នកនោះ ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីធ្វើរោគវិនិច្ឆ័យ ឲ្យបានទាន់ពេលវេលា៕ អត្ថបទ ៖ សន ពិសិដ្ឋ រូបភាព ៖ លឹម មុនី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation