រុស្ស៊ីសន្យាថា នឹងផ្តល់ជំនួយថ្មីចាប់ពីឆ្នាំ២០១៩ និងចង់ប្រើបំណុលចាស់ទៅជាការវិនិយោគ នៅកម្ពុជា
| ព័ត៌មានជាតិ
SHARE


(ប៊្រុសសែល, ប៊ែលហ្ស៊ិក)៖ លោក ឌីមីទ្រី មេដវេដេវ (Dmitry Medvedev) នាយករដ្ឋមន្រ្តីរុស្សី បានគូសបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៩ទៅ ប្រទេសរុស្ស៊ីនឹងបន្តផ្តល់ជំនួយសម្រាប់ការអភិវឌ្ឍន៍នៅកម្ពុជា។ សម្រាប់បំណុលចាស់វិញ ត្រូវបាននាយករដ្ឋមន្ត្រីរុស្ស៊ីថា ការប្រើសម្រាប់វិនិយោគនៅកម្ពុជា ជាអាទិភាពដ៏ល្អមួយដែលរុស្ស៊ីចង់ជួយកម្ពុជា។


ការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រីរុស្ស៊ី បានធ្វើឡើងនៅក្នុងជំនួបពិភាក្សារការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងប្រ៊ុសសែល ប្រទេសប៊ែលហ្ស៊ិក ទីដែលមេដឹកនាំទាំងពីរចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១២។


ក្នុងជំនួបនេះប្រមុខមេដឹកនាំទាំងពីរបានជជែកច្រើនលើការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីបំណុលដែលកម្ពុជាជំពាក់អតីតសហភាពសូវៀត ដោយសម្តេចចង់ឲ្យបង្វែរបំណុលនោះទៅជាការវិនិយោគនៅកម្ពុជាជំនួសវិញ។


ត្រង់ចំណុចនេះ លោកនាយករដ្ឋមន្ត្រីរុស្ស៊ីបានលើកឡើងថា ចាប់ពីឆ្នាំ២០១៩ទៅ រុស្សីនឹងផ្តល់ជំនួយមួយចំនួនទៀតដល់ប្រទេសកម្ពុជា។ ពាក់ព័ន្ធបំណុលដែលកម្ពុជាជំពាក់វិញ រុស្សីនឹងប្រើប្រាស់បំណុលនោះ សម្រាប់ជាការវិនិយោគនៅកម្ពុជា ដែលជាអាទិភាពដ៏ល្អសម្រាប់កម្ពុជាដែលរុស្សីចង់ជួយ។


នាយករដ្ឋមន្ត្រីរុស្ស៊ី ក៏បានជំរាបជូនសម្តេចតេជោ ពីការផ្តល់ជំនួយបច្ចេកទេសមួយចំនួនក្រៅពីការជួយដល់ការជួសជុលមន្ទីរពេទ្យមិត្តភាពខ្មែររុស្សីហើយនោះ រុស្សីក៏មានបំណងជួយដល់ការជួសជុលប្រាសាទបុរាណមួយចំនួនរបស់កម្ពុជា ដោយសារតែមានអ្នកទេសចរណ៍រុស្សីជាច្រើនបានទៅទស្សនា និងចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រទេសកម្ពុជា។


សម្តេចក៏បានអរគុណចំពោះរុស្សី ដែលបានសន្យាជួយដល់ការធ្វើឲ្យទំនើបនីយកម្ម នៃមន្ទីរពេទ្យមិត្តភាពខ្មែររុស្សី។ សម្តេចបានចាត់ទុកថា មន្ទីរពេទ្យមិត្តភាពខ្មែររុស្សី គឺពិតជាមានតម្លៃបំផុតសម្រាប់កម្ពុជា រួមទាំងវិទ្យាស្ថាបច្ចេកវិទ្យាកម្ពុជាតិចណូផងដែរ។


ក្នុងឱកាសនោះនាយករដ្ឋមន្រ្តីរុស្ស៊ី ក៏បានសន្យាថា រុស្សីនឹងបន្តសហការជាមួយកម្ពុជា ទៅលើវិស័យជាច្រើនរួមទាំងវិស័យសន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ដើម្បីឲ្យទំនាក់ទំនង នៃប្រទេសទាំងពីរកាន់តែរឹងមាំទ្វេឡើងថែមទៀត។


សូមបញ្ជាក់ថាកម្ពុជាបានខ្ចីរុស្ស៊ីប្រមាណ ១,៥០០លានដុល្លារអាមេរិកកាលពីអំឡុងទសវត្សរ៍ឆ្នាំ៨០។ បំណុលនេះរុស្ស៊ីបានយល់ព្រមលុបចោល ៧០%ហើយ នៅសល់ត្រឹមតែ ៣០%ប៉ុណ្ណោះ។ បំណុលដែលនៅសល់នេះ មានទឹកប្រាក់ប្រមាណ ៤៥០លានដុល្លារ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation