លោកជំទាវសង្គហបណ្ឌិត ម៉ែន សំអន គូសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ចិន នឹងមានវិសាលភាពកាន់តែធំឡើង លើគ្រប់វិស័យ​ នៅពេលបច្ចុប្បន្ន និងអនាគត
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ លោកជំទាវ សង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច បានមានប្រសាសន៍ថា​ គោល​​នយោ​បាយចិនតែមួយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ និងកិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុ​ង​ជ្រោ​យ ត្រូវបានឆ្លើយតបជាវិជ្ជ​មាន ពីមិត្តចិន តាមរយៈផ្តល់ការគាំទ្រ ទាំងផ្នែកហិរញ្ញវត្ថុ ជំនួយបច្ចេកទេស ការបណ្តុះបណ្តាលធន​ធានមនុស្ស​ និងការ​វិនិយោគផ្សេងៗជាច្រើនទៀត។


លោកជំទាវបានមានប្រសាសន៍បន្ថែមថា ​ឈរលើ​មូលដ្ឋាននេះ បានធ្វើឲ្យកិច្ចទំនាក់ទំនង រវាងកម្ពុជា-ចិន​ ក្នុងពេលនេះ និងបន្តបន្ទាប់ កាន់តែរីកចម្រើន និងមានវិសាលភាពកាន់តែធំឡើង រួមទាំងវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ សិល្បៈ និង វប្បធម៌។


ការលើកឡើងនេះ លោកជំទាវឧបនាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងឱកាស អញ្ជើញជាអធិបតីភាព ​ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការកណ្តាលសមាគមសម្ព័ន្ធខ្មែរ-ចិន នៅកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែតុលានេះ។

បើតាមប្រសាសន៍ ឯកឧត្តម លី ឈី ទីប្រឹក្សានៃស្ថានទូតចិនប្រចាំកម្ពុជា បានឲ្យដឹងដែរថា ​កម្ពុជា-ចិន បច្ចុប្បន្នកំពុងកសាងជាមួយគ្នា នូវសហគមន៍​រួមវាសនា ប្រកបដោយអត្ថន័យយុទ្ធសាស្ត្រ ដែលនាំឲ្យទំនុកចិត្តនយោបាយប្រទេសទាំងពីរ កាន់តែមានភាពរឹងមាំជាបន្តបន្ទាប់, ទំនាក់ទំនងប្រជាជននិងប្រជាជន ទៅវិញទៅមកមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ, កិច្ចសហប្រតិបត្តិការធុរកិច្ចវិវឌ្ឍន៍កាន់តែលឿន និងបំលាស់ប្តូរវប្បធម៌ កាន់តែរស់រវើកទៅតាមពេលវេលា។


ឯកឧត្តម រំពឹងដែរថា សមាគមន៍សម្ព័ន្ធខ្មែរ-ចិន នឹងចូលរួមកិច្ចស្ថាបនាវិស័យហេដ្ឋារចនាសម្ព័ន្ធកម្ពុជា ដើម្បីពន្លឿនសំទុះអភិវឌ្ឍន៍ ក៏ដូចជារួមចំណែក ជំរុញទំនាក់ទំនងពាណិជ្ជកម្ម, ទំនាក់ទំនងប្រជាជនប្រទេសទាំងពីរ, បង្កើនភាពស្និទ្ធស្នាល នៃទំនាក់ទំនងកម្ពុជា-ចិនបន្ថែមទៀត៕



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation