ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង អំពាវនាវឲ្យអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ចូលរួមចំណែកឲ្យបានសកម្មជាងមុន ក្នុងការជួយដល់តំបន់ហ្វ្រង់កូហ្វូនី ដែលកំពុងរងគ្រោះ ដោយអំពើឃោរឃៅ និងឧក្រិដ្ឋកម្ម
| ព័ត៌មានជាតិ
SHARE

(អាមេនី) ៖ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអង្គការអន្តរជាតិហ្វ្រង់កូហ្វូន លើកទី១៧ ក្រោមមូលបទ «រួមរស់ជាមួយគ្នា ក្នុងសាមគ្គីភាព ការចែករំលែកនូវតម្លៃមនុស្សជាតិ ការគោរពដល់ភាពខុសៗគ្នា ជាប្រភពនៃសន្តិភាព និងវិបុលភាពក្នុងតំបន់ហ្វ្រង់កូហ្វូន» ដែលកិច្ចប្រជុំកំពូលនេះ ធ្វើឡើងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ នៅប្រទេសអាមេនី។


ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ត្រូវបានរង់ចាំទទួលស្វាគមន៍ ដោយឯកឧត្តម Nikol Pashinyan នាយករដ្ឋមន្ត្រីអាមេនី និងលោកជំទាវ និងលោកស្រី Michaelle Jean អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី។ កិច្ចប្រជុំកំពូលនេះ ត្រូវបានថ្លែងបើកដោយឯកឧត្តមនាយករដ្ឋមន្ត្រីអាមេនី, ឯកឧត្តម ប្រធានាធិបតីបារាំង និងលោកស្រី អគ្គលេខាធិការ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី។


ថ្លែងនៅក្នុងកិច្ចពិភាក្សារ នៃកិច្ចប្រជុំកំពូលនេះ, ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបង្ហាញការសោកស្ដាយ ដែលនៅក្នុងតំបន់ហ្វ្រង់កូហ្វូន ក៏ដូចជានៅក្នុងតំបន់ដទៃទៀត ដែលបច្ចុប្បន្ននេះ បានរងគ្រោះ នៃអំពើឃោឃៅ និងឧក្រិដ្ឋកម្ម “ជ្រុលនិយម” ដែលបង្ករឲ្យមានជនស្លូតត្រង់ រងគ្រោះដោយគ្មានហេតុផល សីលធម៌ នយោបាយ ឬសាសនាអ្វីឡើយ។


ដោយមានឧក្រិដ្ឋកម្មសាហាវ បានប៉ះពាល់ដល់ច្រើនកន្លែង លើពិភពលោក នាបច្ចុប្បន្ននេះ, ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានអំពាវនាវឲ្យ អង្គការអន្តរជាតិហ្វ្រង់កូហ្វូន ចូលរួមចំណែកក្នុងក្របខណ្ឌ នៃបេសកកម្មរបស់ខ្លួន ឲ្យបានសកម្មជាងមុន ក្នុងការជួយដល់តំបន់ហ្វ្រង់កូហ្វូន ដើម្បីប្រឈមនិងឧក្រិដ្ឋកម្មជ្រុលនិយមនេះ។ ឯកឧត្តម បានគូសបញ្ជាក់ថា ជាការច្បាស់ណាស់ សន្តិភាពនិងវិបុលភាព មិនអាចកាត់ផ្ដាច់ពីគ្នាបានទេ។ បើអត់សន្តិភាព គឺមិនអាចមានវឌ្ឍនភាពដែរ។ បើគ្មានវឌ្ឍនភាព និងការកាត់បន្ថយភាពក្រីក្រទេ គឺមានការលំបាក ក្នុងការនាំមកនូវសន្តិភាព និងរក្សាសន្តិភាព។


ដោយអង្គការអន្តរជាតិហ្វ្រង់កូហ្វូននេះ ជាអង្គការពិភពលោកមួយធំ ដែលមានប្រទេសសមាជិក៨៤ ក្នុងនោះសមាជិកអចិន្ត្រៃយ៍ចំនួន៥៤, បង្រុម៤ និងអ្នកអង្កេតការណ៍ចំនួន២៦ និងមានប្រជាជន ប្រមាណ១ពាន់លាននាក់, ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បានអំពាវនាវ ឲ្យអង្គការអន្តរជាតិហ្វ្រង់កូហ្វូន ចូលរួមចំណែក ក្នុងការកាត់បន្ថយកំដៅធាតុអាកាស ដែលមិនគ្រាន់តែការធ្វើឲ្យ ប៉ះពាល់ដល់បរិស្ថានពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាបញ្ហាមនុស្សជាតិផងដែរ ដែលប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងតំបន់ហ្វ្រង់កូហ្វូន មានការលំបាក ក្នុងការខិតខំប្រយុទ្ធរបស់គេ ទល់និងភាពក្រីក្រដើម្បីការអភិវឌ្ឍន៍។ ដូចនេះ អង្គការអន្តរជាតិហ្វ្រង់កូហ្វូន មានអត្ថប្រយោជន៍ ក្នុងការចូលរួមចំណែក ឲ្យបានសកម្មជាងនេះ លើការប្រែប្រួលអាកាសធាតុ ដែលបានជះឥទ្ធិពល លើប្រទេសទាំងអស់ ដោយមិនបែងចែកតាមរយៈទឹកជំនន់ ភាពក្ដៅហួតហែង ភ្លើងឆេះព្រៃ ខ្យល់ព្យុះ។


សូមជម្រាបថា កិច្ចប្រជុំកំពូលអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បានបិទបញ្ចប់នៅរសៀលថ្ងៃទី១២ ខែតុលាកន្លងទៅ ដោយអង្គប្រជុំបានបោះឆ្នោតគាំទ្រ បេក្ខភាពលោកជំទាវ Louise Mushikiwabo រដ្ឋមន្ត្រីការបរទេសរ៉ាវ៉ាន់ដា ជាអគ្គលេខាធិការថ្មី ហ្វ្រង់កូហ្វូនី ជំនួសលោកជំទាវ Michaelle Jean។ សូមជម្រាបឲ្យដឹងដែរថា កិច្ចប្រជុំហ្វ្រង់កូហ្វូនីលើកទី១៨ នឹងធ្វើឡើងនៅប្រទេសទុយនេស៊ី នៅឆ្នាំ២០២០ខាងមុខ៕
អត្ថបទ និងរូបភាព ៖ សន ពិសិដ្ឋ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation