ក្រសួងការងារ និងទីភ្នាក់ងារ UN ទាំងអស់នៅកម្ពុជា សហការគ្នារៀបចំកម្មវិធីការងារសមរម្យសម្រាប់កម្ពុជា ២០១៩-២០២៣
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមជាមួយទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិទាំងអស់នៅកម្ពុជា បាននឹងកំពុងសហការគ្នារៀបចំឱ្យមាន «កម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជា ឆ្នាំ២០១៩-២០២៣» ដើម្បីបង្កើតឱ្យមានឱកាសការងារ ផលិតភាព ផ្តល់ចំណូលត្រឹមត្រូវ កន្លែងធ្វើការមានសុវត្ថិភាព និងមានការគាំពារសង្គមសមស្របតាមដំណាក់កាលនីមួយៗ នៃកិច្ចអភិវឌ្ឍន៍ប្រទេសកម្ពុជា។

ដើម្បីរៀបចំកម្មវិធីថ្នាក់ជាតិនេះឱ្យប្រព្រឹត្តទៅរលូននោះ ក្រសួងការងារបានបើកសិក្ខាសាលាថ្នាក់ជាតិមួយ ស្តីពីការរៀបចំកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជា ឆ្នាំ២០១៩-២០២៣ នៅសណ្ឋាគាររ៉ាហ្វល ឡឺរ៉ូយ៉ាល់ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះ។


ឯ.ឧ អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងថា កម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជា ឆ្នាំ២០១៩-២០២៣ ត្រូវទាមទារការចូលរួមអនុវត្តពីគ្រប់ភាគីពាក់ព័ន្ធ ដែលបានកំណត់ច្បាស់ថា ការងារសមរម្យ គឺជាមជ្ឈមណ្ឌលសម្រាប់ការប្រមូលផ្តុំកិច្ចខិតខំនានា ដើម្បីលុបបំបាត់ភាពក្រីក្រ និងជាមធ្យោបាយសម្រាប់សម្រេចបានកិច្ចអភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាព សមធម៌ និងបរិយាប័ន្ន ដែលជាកត្តាគន្លឹះបង្កើតឱ្យមានឱកាសការងារ ផលិតភាព ផ្តល់ចំណូលត្រឹមត្រូវ កន្លែងធ្វើការមានសុវត្ថិភាព និងមានការគាំពារសង្គមសមស្របតាមដំណាក់កាលនីមួយៗ នៃកិច្ចអភិវឌ្ឍន៍ប្រទេសកម្ពុជា។


រដ្ឋមន្ត្រីក្រសួងការងារបានបន្តថា រហូតមកដល់ពេលនេះ កម្ពុជាបានកសាង និងអនុវត្តនូវកម្មវិធីការងារសមរម្យបានចំនួន ៤លើក រួចមកហើយ។ សម្រាប់ការអនុវត្តកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជា ឆ្នាំ២០១៦-២០១៨ បានកំណត់អាទិភាពចំនួន៣ ប្រមូលផ្តុំទៅលើ៖ ១. ការលើកកម្ពស់ទំនាក់ទំនងវិជ្ជាជីវៈ និងសិទ្ធិការងារ, ២. ការធ្វើឱ្យប្រសើរឡើងបរិយាកាសការងារ ដែលបង្កឱ្យមានកំណើនការងារសមរម្យ និងសហគ្រាសដែលប្រកបដោយស្ថិរភាព ការយកចិត្តទុកដាក់ចំពោះយុវជន និង ៣.ការលើកកម្ពស់ និងការពង្រីកការគាំពារសង្គម និងអនាម័យ និងសុវត្ថិភាពការងារ។


សូមជំរាបថា ការរៀបចំកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជា ឆ្នាំ២០១៩-២០២៣នេះ គឺជាតម្រូវការចាំបាច់ និងត្រូវរៀបចំឲ្យមានភាពប្រទាក់ក្រឡាគ្នាទៅនឹងក្របខណ្ឌអភិវឌ្ឍន៍ជាតិ ក៏ដូចជាយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ នៃរដ្ឋសភា ដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៩-២០២៣។ កម្មវិធីការងារសមរម្យសម្រាប់រយៈពេលបន្ទាប់នេះ ក៏នឹងប្រទាក់ក្រឡាគ្នាទៅនឹងក្របខណ្ឌជំនួយអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ ឆ្នាំ២០១៩-២០២៣ (UNDAF) ផងដែរ ដែលសម្របសម្រួលការខិតខំប្រឹងប្រែង របស់ទីភ្នាក់ងារអង្គការសហប្រជាជាតិទាំងអស់នៅកម្ពុជា ក្នុងការគាំទ្រជាយុទ្ធសាស្ត្រទៅលើអាទិភាពនៃការអភិវឌ្ឍជាតិ និងក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍របស់កម្ពុជា៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation